សិល្បៈ និង កម្សាន្ត

តារាចម្រៀងរ៉េប P Diddy ប្រឈមនឹងការចោទប្រកាន់ ពីការប្រព្រឹត្តខុសផ្លូវភេទថ្មី ចំនួន ១២០ករណីទៀត

AFP

អាមេរិក ៖ នេះបើយោងតាមមេធាវីលោក Tony Buzbee ដែលជាតំណាង ជនរងគ្រោះបាននិយាយថា តារាចម្រៀងរ៉េប លោក Sean Combs ត្រូវបានគេស្គាល់ថា P Diddy ឬ Puff Daddy កំពុងប្រឈមមុខ នឹងការចោទប្រកាន់ ពីបទប្រព្រឹត្តិខុសផ្លូវភេទពីអ្នកចោទប្រកាន់បន្ថែមចំនួន ១២០ ករណីទៀត ដោយអ្នកខ្លះអះអាងថា ជាអនីតិជនមានអាយុ ៩ ឆ្នាំនៅពេលលោកប្រព្រឹត្តបទល្មើស យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

ម្ចាស់ពានរង្វាន់ Grammy ៣ សម័យកាលអាយុ ៥៤ ឆ្នាំ និងជាផលិតករហ៊ីបហប ដ៏លេចធ្លោរូបនេះកំពុង ប្រឈមមុខនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋពីបទជួញដូរផ្លូវភេទ ការកាន់កាប់គ្រឿងញៀន និងបទល្មើសអាវុធ។ កាលពីខែមុន លោកត្រូវបានចាប់ខ្លួន នៅសណ្ឋាគារមួយក្នុងទីក្រុងញូវយ៉ក ហើយចាប់តាំងពីពេលនោះ មកឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង Brooklyn Metropolitan ដោយត្រូវបានបដិសេធ មិនឲ្យនៅក្រៅឃុំ។

ការចោទប្រកាន់ប្រឆាំងនឹង លោក Combs អះអាងថា លោកបានប្រើឥទ្ធិពល របស់លោកក្នុងឧស្សាហកម្ម កម្សាន្តដើម្បីបង្កើតសហគ្រាសឧក្រិដ្ឋកម្មដែលសមាជិក និងសហការីបានចូលរួម ហើយប៉ុនប៉ងចូលរួមក្នុង ឧក្រិដ្ឋកម្មផ្សេងទៀត ការជួញដូរផ្លូវភេទ ពលកម្មដោយបង្ខំ ការចាប់ជំរិត ការដុតបំផ្លាញ ការសំណូក និងការរារាំងយុត្តិធម៌ ។

នេះបើយោងតាម Buzbee បានឲ្យដឹងថា តារារ៉េបរូបនេះនឹងត្រូវប្រឈមមុខ នឹងបណ្តឹងមួយទៀត ដែលត្រូវបានគេរំពឹងថា នឹងត្រូវប្តឹងក្នុងខែក្រោយ ។ មេធាវីដែលមានមូលដ្ឋាននៅទីក្រុង Houston បាននិយាយថា ការចោទប្រកាន់ប្រឆាំងនឹងលោក Combs លាតសន្ធឹងត្រឡប់ទៅឆ្នាំ ១៩៩១ ហើយថា បច្ចុប្បន្នមានអ្នកចោទប្រកាន់បុរស ៦០នាក់ និងស្ត្រី ៦០ នាក់ ។

លោកអះអាងថា ២៥នាក់ក្នុងចំណោមពួកគេមិនទាន់គ្រប់អាយុ នៅពេលពួកគេត្រូវបានគេរំលោភបំពាន ខណៈមានមនុស្សម្នាក់បាននិយាយថា លោកមានអាយុត្រឹមតែ ៩ ឆ្នាំប៉ុណ្ណោះ ។

Most Popular

To Top