កូរ៉េខាងត្បូង ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង អ្នកនាង Lee Hyori និងស្វាមីជាតន្ត្រីករ លោក Lee Sang Soon បានផ្លាស់ទៅផ្ទះវីឡាមួយក្នុងសង្កាត់ Pyeongchang នៃទីក្រុងសេអ៊ូល ដែលជាតំបន់ត្រូវគេស្គាល់ថាជា កន្លែងរស់នៅប្រកប ដោយបរិយាកាសល្អ និងថ្លៃបំផុតរបស់ប្រទេសនេះ។
យោងតាមសារព័ត៌មាន News 1 បាននិយាយថា គូស្នេហ៍មួយគូនេះបាន សម្រេចចិត្តផ្លាស់ ទីលំនៅទៅកាន់ទីក្រុង សេអ៊ូលកាលពីចុងខែកញ្ញា បន្ទាប់ពីបាន រស់នៅលើកោះ Jeju អស់រយៈពេល ១១ ឆ្នាំ ហើយការផ្លាស់ប្តូរនេះ ត្រូវបានជំរុញ ដោយគម្រោងសិល្បៈនាពេលខាងមុខ និងការប្តេជ្ញាចិត្តប្រកបដោយវិជ្ជាជីវៈរបស់ពួកគេ។
ប្រភពបានបង្ហើបឲ្យដឹងថា កន្លងមកពួកគេបានទិញវីឡារួមនឹងដីនៅជាប់គ្នាក្នុងសង្កាត់ក្នុងតម្លៃជាង ៦ ពាន់លានវ៉ុនស្មើនឹង ៤,៥ លានដុល្លារ ។ វីឡានេះលាតសន្ធឹងលើផ្ទៃដីសរុប ៣៣០ ម៉ែត្រការ៉េ មាន២ ជាន់ពីលើដី និងបន្ទប់ក្រោមដីមួយ។ ទន្ទឹមនឹងនេះ ផ្ទៃដីភាគច្រើនត្រូវបានបម្រុងទុកសម្រាប់សួនច្បារ ដែលពួកគេគ្រោងដាំរុក្ខជាតិ និងរក្សាសត្វចិញ្ចឹម រក្សាទិដ្ឋភាពនៃរបៀបរស់នៅ Jeju របស់ពួកគេ។
Pyeongchang មានទីតាំងនៅជើងភ្នំ Bukhansan ក្នុងទីក្រុងសេអ៊ូល ត្រូវបានចាត់ទុកថាជាសង្កាត់មួយក្នុង ចំណោមសង្កាត់ដ៏ល្បីល្បាញ បំផុតចំនួន ២ របស់កូរ៉េខាងត្បូង រួមជាមួយសង្កាត់ Seongbuk ។ ត្រូវបានគេស្គាល់ដោយសារខ្យល់អាកាសបរិសុទ្ធ បរិយាកាស ស្ងប់ស្ងាត់ និងប្លែកពីគេ ស្ថាបត្យកម្មធំទូលាយ តំបន់នេះទាក់ទាញអ្នករស់នៅ ដែលមានទ្រព្យសម្បត្តិ រួមទាំងបុគ្គលលេចធ្លោក្នុងអាជីវកម្ម នយោបាយ ការកម្សាន្ត និងសហគមន៍ជនបរទេស។
អ្នកស្រុកល្បីឈ្មោះក្នុងទីក្រុង Pyeongchang រួមមានតន្ត្រីករ Yoon Jong Shin តារាចម្រៀងល្បី Seo Tai Ji គូស្នេហ៍តារាសម្តែង Kim Hye Soo និង Yoo Hae Jin ព្រមទាំង Choi Soo Jong និង Ha Hee Ra ។
អ្នកនាង Lee Hyori អាយុ ៤៥ ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងក្នុងឧស្សាហកម្មកម្សាន្តកាលឆ្នាំ ១៩៩៨ ក្នុងនាមជាសមាជិកនៃក្រុមនារីដ៏ពេញនិយម Fin.K.L. អ្នកនាងបានចាប់ផ្ដើមអាជីពទោលរបស់អ្នកនាងក្នុងឆ្នាំ ២០០៣ ដោយធ្វើឲ្យអ្នកនាងកាន់តែរឹងមាំលើឆាកតន្ត្រី របស់ប្រទេសកូរ៉េខាងត្បូង។
គិតត្រឹមឆ្នាំ ២០២១ កាសែត South China Morning Post បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់ខ្លួនមានចន្លោះពី ៣០ ទៅ ៤០ លានដុល្លារអាមេរិក៕