ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទាំងកណ្តាលយប់ ទៅជួយសង្គ្រោះករណីទូកដឹកសម្ភារមួយគ្រឿង បានបើកបុកបង្គោលផែ ដែលកំពុងសាងសង់ នៅម្តុំទំនប់កោះព្រាប ស្ថិតនៅភូមិ០១ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យទូកខាងលើលិចចូលក្នុងសមុទ្រតែម្តង តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។

បើតាមការបញ្ជាក់ពីម្ចាស់ទូក ប្រាប់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹកឲ្យដឹងថា ទូករបស់គាត់ស៊ីឈ្នួលដឹកសម្ភារ (គ្រឿងសមុទ្រ) ពីកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចេញមកតាំងពីម៉ោង០៩យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លុះធ្វើដំណើរដល់ចំណុចកើតហេតុវេលាម៉ោង ០១រំលងអធ្រាត ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយស្ថានភាពផ្លូវងងឹកបានបើកបុកបង្គោលផែ ដែលគេទើបសាងសង់ បណ្តាលអោយលិចទូកតែម្តង។ តែក្រោយកើតហេតុ បានអូប័រ អ្នកឧកញ៉ា ទៀ វិចិត្រ ចំនួន ០១ គ្រឿងមកជួយដឹកជនរងគ្រោះទៅដីគោកដោយសុវត្ថិភាព ។
ម្ចាស់ទូក បញ្ជាក់បន្តថា នៅលើទូកនោះមានមនុស្សចំនួន ០៣នាក់ ៖ ឈ្មោះ លី ទីហេង ភេទប្រុស អាយុ៦៥ឆ្នាំ ម្ចាស់ទូក ស្នាក់នៅផែ៦៦ ស្ថិតក្នុងសង្កាត់ ០១ ក្រុង-ខេត្តព្រះសីហនុ ។ កូនដៃទូកចំនួន០១នាក់ ៖ ម្នាក់ឈ្មោះ យឿន សំណាង ភេទប្រុស ស្នាក់នៅនៅផែ៦៦ ស្ថិតនៅសង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ។ អ្នកសុំដោយសារ (សុំជិះ) ចំនួន ០១នាក់ មិនស្គាល់ឈ្មោះ ។
សម្ភារបាត់បង់មានដូចជា ៖ ១-ទូកឈើ០១គ្រឿង ពណ៌ផ្ទៃមេឃ បណ្តោយប្រវែង ១៤ម៉ែត្រ ទទឹង ៣ម៉ែត្រ ។២-ម៉ាស៊ីន ម៉ាកហ៊ីនដាយចំនួន ៤គ្រឿង សរុប ៩០ សេស ។៣-គ្រឿងសមុទ្រ (មឹក និងត្រី) ចំនួន ២៣ ប៊ិន៕











