កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកស្នងមរតក នៃក្រុមហ៊ុនយក្សកូរ៉េខាងត្បូង កំពុងងាកទៅរកការប្រើប្រាស់ បណ្តាងសង្គម YouTube ដើម្បីផ្សព្វផ្សាយអាជីវកម្មគ្រួសាររបស់ពួកគេ តាមរយៈការចែករម្លែកជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។
យោងតាមសារព័ត៌មាន The Korea Times បានឲ្យដឹងថា អ្នកស្រី Park Yi Ra ជាកូនស្រីដែលមអាយុ ៤៦ ឆ្នាំរបស់ស្ថាបនិកក្រុមហ៊ុន Sejung Group Park Soon Ho បានចាប់ផ្តើមបណ្តាញសង្គម YouTube មានឈ្មោះ Yira Week កាលពីខែមីនា ដើម្បីចែករម្លែកគន្លឹះម៉ូដ និន្នាការរបៀបរស់នៅ និងបទសម្ភាសន៍ជាមួយអ្នកដឹកនាំអាជីវកម្មផ្សេងទៀត។
អ្នកស្រី Park Yi Ra ក៏បានប្រើដើម្បីផ្សព្វផ្សាយពីក្រុមហ៊ុន Sejung Group ដោយបង្ហាញវីដេអូអំពីខ្លួននាងផ្ទាល់ ដែលចូលរួមក្នុងគំនិតផ្តួច ផ្តើមសាជីវកម្មដូចជាការជួសជុល លំនៅដ្ឋានតម្លៃថោក និងការទស្សនាហាង លក់រាយរបស់ក្រុមហ៊ុន Sejung ជាដើម ។ តាមរយៈកិច្ចខិតខំប្រឹងប្រែង ទាំងនេះ អ្នកស្រីបង្កើនការយល់ដឹងជាសាធារណៈអំពីផលិតផលរបស់ក្រុមហ៊ុន Sejung Group និងកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម។
The Korea Herald រាយការណ៍ថា អ្នកស្រី Park Yi Ra បានចាប់ផ្តើមធ្វើការនៅ Sejung Group ក្នុងឆ្នាំ ២០០៥ ដោយកាន់តួនាទីជាច្រើន រួមទាំងប្រធានផ្នែកម៉ាកយីហោ ។ កាលឆ្នាំ ២០១៦ អ្នកស្រីត្រូវបានតម្លើងឋានៈជានាយកប្រតិបត្តិ និងជាអនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន។
នេះបើយោងតាមប្រវត្តិរូប LinkedIn របស់ខ្លួនថា Sejung Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៤ ជាក្រុមហ៊ុនម៉ូដឈានមុខគេ មួយរបស់ប្រទេសកូរ៉េខាងត្បូង ដោយហាងជាង ១,៥០០កន្លែង នៅទូទាំងប្រទេសកូរ៉េខាងត្បូង ហើយក្រុមហ៊ុននេះដំណើរការម៉ាកសម្លៀកបំពាក់ និងរបៀបរស់នៅជាច្រើនដូចជា WELLMADE, DIDIER DUBOT, Olivia Lauren, NII, Chris.Christy និង Bruno Baffi ៕