ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងថៃ នាង Min Pechaya និងតារាល្បី ២ រូបផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីបទផ្សព្វផ្សាយ The iCon Group ជាក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ ពីបទប្រតិបត្តិការគម្រោងពីរ៉ាមីត ពាក់ព័ន្ធនឹងអាហារបំប៉ន សុខភាព និងអាហារបំប៉នផ្សេងៗទៀត ។
Sanook បានរាយការណ៍ថា កាលពីថ្ងៃពុធ តុលាការទី ក្រុងបាងកក បានចេញដីកាចាប់ខ្លួន នាង Min ពិធីករទូរទស្សន៍ Kan Kantathavorn និងតារាសម្តែង Yuranunt Pamornmontri ដោយចោទ ប្រកាន់ពួកគេថា បានចូលរួមក្នុងការក្លែងបន្លំសាធារណៈ និងបញ្ចូលព័ត៌មាន មិនពិតទៅក្នុង ប្រព័ន្ធកុំព្យូទ័រ ។
មុនពេលចាប់ខ្លួន អ្នកទាំង៣នាក់ត្រូវបានសួរចម្លើយអស់រយៈពេលជាង៥ម៉ោង។ ការស៊ើបអង្កេតបានបង្ហាញថា ទាំងអស់មានតួនាទីនៅក្នុង The iCon Group ដែលលក់ផលិតផលថែរក្សាសម្រស់ អាហារបំប៉ន និងវគ្គបណ្តុះបណ្តាលផ្នែកលក់។ នាង Min បានបម្រើការជានាយកទំនាក់ទំនងរបស់ក្រុមហ៊ុន។
កាលពីថ្ងៃទី ១២ ខែតុលា នាង Min បានធ្វើសន្និសីទ សារព័ត៌មានមួយដែលនាងបានពន្យល់ថា នាងបានចូលរួមជាមួយក្រុមហ៊ុន កាលពីមួយឆ្នាំមុន ដោយជឿថា វាមានកេរ្តិ៍ឈ្មោះ ហើយបានសម្តែងការសោកស្ដាយ ចំពោះការមិនបានស៊ើបអង្កេត ឲ្យបានហ្មត់ចត់ពីប្រវត្តិរបស់វា ។ នាង Min ក៏បានសុំទោស ចំពោះអ្នករងផលប៉ះពាល់ដោយការក្លែងបន្លំ ដែលត្រូវបានចោទប្រកាន់ ហើយបញ្ជាក់ថានាងបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន
ប៉ូលិសថៃបានចាប់ខ្លួនបុគ្គល១៨នាក់ និងរឹបអូស រថយន្តស្ព័រទំនើបៗ និងប្រាក់រាប់លានដុល្លារពាក់ព័ន្ធនឹងក្រុមហ៊ុន។ ការចាប់ខ្លួនបានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹង ក្លែងបន្លំជាង ១,០០០ ដែលប្តឹង ប្រឆាំងនឹង The iCon Group ជនរងគ្រោះបានអះអាងថា បានលើកទឹកចិត្តពួកគេ ឲ្យទិញផលិតផល និងធ្វើការ វិនិយោគហិរញ្ញវត្ថុ ៕