សិល្បៈ និង កម្សាន្ត

មាន​តែប្រទេស​អាស៊ាន ៤ប្រទេស​ទេ ដែល​មិន​ប្រើ​អក្សរ​ឡាតាំង​ក្នុង​ភាសា​ផ្លូវការ

នៅ​ក្នុង​អាស៊ាន​ ១០ប្រទេស​ មាន​តែ ៤ប្រទេស​ទេ ដែល​មិន​ប្រើប្រាស់​អក្សរ​ឡាតាំង​នៅ​ក្នុង​ភាសា​ផ្លូវការ​របស់​ខ្លួន។ ប្រទេស​ទាំង​ ៤នោះ​រួម​មាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​ថៃ។

ប្រទេស​ទាំង​បួន​នេះ​មាន​អក្សរ​ផ្ទាល់​ខ្លួន ដែល​វិវត្តន៍​ទៅ​តាម​ឥទ្ធិពល​​នានា​ដូច​ជា ការ​ហូរ​ចូល​នៃ​អរិយធម៌​បុរាណ ប្រពៃណី និង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ហើយ​ព្រមទាំង​ឆ្លងកាត់​នូវ​សម្ពាធ​នៃ​ការហូរ​ចូល​នូវ​ឥទ្ធិពល​បរទេស​​លោក​ខាង​លិច​តាម​រយៈ​អាណានិគមនិយម និង​ក្រោយ​មក​សកលភាវូនីយកម្ម។
អក្សរ​ខ្មែរ

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​ក្រុមអ្នកអក្សរសាស្ត្រ​ឥណ្ឌា​នៅ​ឆ្នាំ២០១០ តួ​អក្សរ​នៃ​ប្រទេស​ទាំង​៤ខាង​លើ ក៏​ដូច​ជា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ទៀត គឺ​កើត​ចេញ​ពី​ការ​កម្លាយ​នៃ​តួអក្សរ​ព្រាហ្មី ដែល​ជា​តួអក្សរ​របស់​ពួក​ឥណ្ឌា​ខាង​ត្បូង ដោយ​ពួក​នេះ​ទទួល​ឥទ្ធិពល​ និង​អរិយធម៌​ពី​ក្រុម​មនុស្ស​មក​ពី​មជ្ឈិមបូព៌ា​កាល​ពី​រាប់រយ​ឆ្នាំ​មុន​គ្រិស្តសករាជ​ឯណោះ។
អក្សរ​ឡាវ

ចំណែក​ប្រទេស​អាស៊ាន​ទាំង ៦ ទៀតបាន​ប្រើប្រាស់​អក្សរ​ឡាតាំង (មិនមែន​ភាសា​ឡាតាំង​ទេ) ដោយសារ​តែ​ឥទ្ធិពល​នៃ​ពាណិជ្ជកម្ម និង​ការ​ផ្សព្វផ្សាយ​នៃ​សាសនា​គ្រិស្ត​របស់​ពួក​​អឺរ៉ុប​តាំង​ពី​សតវត្ស​ទី១៦ ហើយ​បន្ត​មក​ទៀត​គឺ​អាណានិគម​និយម​អឺរ៉ុប​នៅ​សតវត្ស​ក្រោយៗ​មក។

ជាក់ស្ដែង​ដូច​ករណី​អក្សរសាស្ត្រ​វៀតណាម​បច្ចុប្បន្ន​អញ្ចឹង វៀតណាម​កាល​ពី​ជំនាន់​មុន​ប្រើប្រាស់​អក្សរ​សាស្ត្រ​ចិន​ទេ។ នៅ​ពេល​ដែល​ពួក​ព័រទុយហ្គាល់​មក​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត​នៅ​សតវត្ស​ទី១៧ ភាសា​វៀតណាម​ក៏​បាន​ប្រើប្រាស់​អក្សរ​ឡាតាំង​ជា​អក្សរ​សម្គាល់​របស់​ខ្លួន។ ក្រោយ​មក​ពេល​បារាំង​មក​ធ្វើ​អាណានិគម​ បារាំង​បាន​ដាក់​អក្សរ​ឡាតាំង​ក្នុង​កម្មវិធី​អប់រំ​ផ្លូវការ និង​ចាំបាច់។

ដូចគ្នា​នឹង​វៀតណាម​ដែរ ភាសា​ម៉ាឡេ ដែល​ប្រើប្រាស់​នៅ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ និង​សិង្ហបុរី មា​នឥទ្ធិពល​ចាប់​ពី​ពួកព័រទុយហ្គាល់​មក​ធ្វើ​ជំនួញ​នៅ​សតវត្ស​ទី១៦ ប៉ុន្តែ​ក្រោយ​មក​ពួក​អាណានិគម​អឺរ៉ុប​បាន​ប្រែ​ក្លាយ​អក្សរ​ឡាតាំង​​ជា​អក្សរ​ផ្លូវការ។

ចំណែក​ឯ​ហ្វីលីពីន​វិញ ប្រើប្រាស់​អក្សរ​ឡាតាំង​មុន​គេ ដោយ​ប្រទេស​នេះ​ប្រែ​ក្លាយ​ពី​អក្សរ​ជនជាតិ​ដើម​តាកាឡុក​របស់​ខ្លួន​ ទៅ​ជា​អក្សរឡាតាំង​នៅ​ពេល​អេស្ប៉ាញ​ចូល​មកធ្វើ​អាណានិគម​នៅ​ឆ្នាំ១៥២១៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី/sby

Most Popular

To Top