ហុងកុង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងជើងចាស់ហុងកុង លោកស្រី Lily Li ដែលល្បីល្បាញ ខាងសម្ដែង ក្នុងរឿង “Demi-Gods and Semi-Devils” បានទទួលមរណភាព ដោយសារជំងឺ មហារីកសួត នៅអាយុ ៧៤ ឆ្នាំ។
អ្នកកាសែតជើងចាស់ Wong Man Ling បានប្រកាសពីមរណភាព របស់លោកស្រី Li កាលពីថ្ងៃទី ២៧ ខែតុលា តាមរយៈ Weibo ដោយបញ្ជាក់ថា លោកស្រីបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
យោងតាមគេហទំព័រ The Star បានឲ្យដឹងថា លោកស្រី Li ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកសួត កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែវាបានចាប់ផ្តើមរីកចម្រើន យ៉ាងខ្លាំងនាពេលថ្មីៗនេះ ដែលនាំឲ្យនាងចូល មន្ទីរពេទ្យកាលពីខែមុន ។
លោកស្រី Li ត្រូវបានទទួលស្គាល់ថា ជាតារាសម្ដែងក្បាច់ គុនត្រួសត្រាយផ្លូវម្នាក់ របស់ហុងកុង មានអាជីពជិត ៦ ទសវត្សរ៍។ លោកស្រីបានចាប់ផ្តើមអាជីព របស់លោកស្រីនៅអាយុ ១១ ឆ្នាំ បន្ទាប់ពីបានចូលរួមក្នុង កម្មវិធីបណ្តុះបណ្តាលរបស់ Shaw Brothers ដោយបានក្លែងបន្លំអាយុ របស់នាងដើម្បីទទួលយក។
តារាសម្តែងរូបនេះបានចូលរួមជាមួយ TVB ក្នុងឆ្នាំ ១៩៨៨ ហើយបន្តនៅជាមួយទូរទស្សន៍ រហូតដល់នាងចូលនិវត្តន៍នៅឆ្នាំ ២០២០ ។ ស្នាដៃគួរឲ្យកត់សម្គាល់របស់លោកស្រី រួមមាន “The Wandering Swordsman” “Pecutioners From Shaolin” “Beyond The Realm of Conscience” និង “Demi-Gods and Semi-Devils” ។ ការបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ លើកចុងក្រោយ របស់លោកស្រី គឺជាលោកយាយ Tao ក្នុងរឿង “Forensic Heroes IV”៕