មីយ៉ាន់ម៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បវរកញ្ញា Miss Grand Myanmar 2024 នាង Thae Su Nyein ដែលដំបូងឡើយ ទទួលបានតំណែងជើង ឯករងលើកទី ២ ក្នុងកម្មវិធីប្រកួត Miss Grand International (MGI) ឆ្នាំនេះ បានអាប់ដេតបណ្ដាញសង្គម របស់នាងជាលើកដំបូង ចាប់តាំងពីតំណែងរបស់នាង ត្រូវបានដកហូត។
យោងតាមកាសែត Tien Phong បាននិយាយថា នាង Thae បានបង្ហោះនៅលើ Facebook កាលពីថ្ងៃសៅរ៍ ដើម្បីដោះស្រាយបញ្ហា នៃគណនីក្លែងបន្លំនៅលើវេទិកាផ្សេងៗគ្នា ។ នាងបានជំរុញអ្នកតាមនាងឲ្យមានការប្រុងប្រយ័ត្ន និងចៀសវាងការចូលរួម ជាមួយទំព័រក្លែងក្លាយទាំងនេះ ដោយសង្កត់ធ្ងន់ថា នាងនឹងមិនទទួលខុសត្រូវ ចំពោះសកម្មភាពក្លែងបន្លំណាមួយធ្វើឡើងដោយពួកគេ ។
រាជិនីសម្រស់ក៏ឆ្លៀតឱកាសអធិប្បាយថ្ងៃខួបកំណើតដល់លោក Htoo Ant Lwin នាយក Miss Grand មីយ៉ាន់ម៉ាផងដែរ។ នាងបានហៅលោកថា ជា “អ្នកណែនាំ ប្អូនប្រុស និងជាមិត្តដែលព្រះប្រទានដល់ជីវិតនាង” ដោយសរសើរលោកថា ជាបុគ្គលដ៏ល្អឥតខ្ចោះ ដែលប្រព្រឹត្តចំពោះអ្នកដទៃយ៉ាងខ្ជាប់ខ្ជួន។ នាង Thae បានលើកទឹកចិត្តលោកឲ្យ “បន្តការខិតខំជាមួយគ្នា” ដោយបញ្ជាក់ពីទំនាក់ទំនងរបស់នាងជាបន្តជាមួយនឹងអ្នកដឹកនាំ បើទោះបីជាមានភាពចម្រូងចម្រាសនាពេលថ្មីៗនេះក៏ដោយ។
នៅថ្ងៃទី ២៦ ខែតុលា ក្នុងរាត្រីពិធីឡើងគ្រងរាជ្យនៃកម្មវិធីប្រកួត MGI ឆ្នាំនេះ ប្រារព្ធឡើងនៅទីក្រុងបាងកក នាង Thae អាយុ ១៧ ឆ្នាំត្រូវបានប្រកាសថា ជាអ្នកជាប់ចំណាត់ថ្នាក់ទី២ ។ តំណាងហ្វីលីពីនបានជាប់ចំណាត់ថ្នាក់លេខ១ ខណៈ Rachel Gupta របស់ឥណ្ឌាជាប់ជាអ្នកឈ្នះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការប្រកាសនោះ នាង Thae និងក្រុមការងារបានចាកចេញពីព្រឹត្តិការណ៍ទាំងទឹកភ្នែក ហើយជ្រើសរើសមិនចូលរួមក្នុងសកម្មភាពកំពូលទាំងប្រាំ។
ដូចដែលបានរាយការណ៍ដោយ ABS-CBN News បានប្រាប់ថា វគ្គ Live Instagram នៅថ្ងៃបន្ទាប់ នាង Thae បានសម្តែងការខកចិត្ត របស់នាងចំពោះការមិនបានឈ្នះពានរង្វាន់ពិសេសចំនួន ២ គឺ Best in National Costume និង Country’s Power of the Year ។ ពានរង្វាន់សម្លៀកបំពាក់ជាតិត្រូវបានផ្តល់ទៅឲ្យបេក្ខនារីមកពីប្រទេសប្រេស៊ីល អេក្វាឌ័រ និងហុងឌូរ៉ាស ខណៈពានរង្វាន់ Country’s Power of the Year បានទៅប្រទេសថៃ ។
កាលពីថ្ងៃទី ២៨ ខែតុលា អង្គការ MGI បានប្រកាសថា តំណែងជើងឯករងទី២ របស់នាង Thae ត្រូវបានដកហូតវិញ ដោយលើកឡើង ពីអាកប្បកិរិយាមិនសមរម្យ របស់នាងថាជាហេតុផលសម្រាប់ការសម្រេចចិត្ត របស់ពួកគេ។
The Straits Times បានចេញផ្សាយថា ភាពតានតឹងរវាងស្ថាប័ន MGI និងសិទ្ធិផ្តាច់មុខរបស់មីយ៉ាន់ម៉ាបានកើនឡើង នៅពេលលោក Htoo វ័យ ២៩ ឆ្នាំបានចោទប្រកាន់លោក Nawat Itsaragrisil ជាប្រធានកម្មវិធីប្រកួតថាបានទទួលយកប្រាក់ចំនួន ២៥,០០០ ដុល្លារពីមន្ត្រីរៀបចំការប្រកួត របស់ប្រទេសឥណ្ឌូនេស៊ីជាថ្នូរនឹងការគ្រងមកុដ ៕