សិល្បៈ និង កម្សាន្ត

តម្លៃអចលនទ្រព្យនៅទីក្រុងសេអ៊ូល របស់កំពូលតារាចម្រៀងកូរ៉េខាងត្បូងលោក Bi Rain និងអ្នកនាង Kim Tae Hee កើនឡើង ៣៤ លានដុល្លារក្នុងរយៈពេល ៣ឆ្នាំ

Photo from Instagram

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តម្លៃនៃអចលនទ្រព្យនៅទីក្រុងសេអ៊ូលដែលជាកម្មសិទ្ធិរបស់កំពូលតារាកូរ៉េខាងត្បូង លោក Bi Rain និងអ្នកនាង Kim Tae Hee បានកើនឡើងជិត ៣៤ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដោយបច្ចុប្បន្នប៉ាន់ស្មានថា មានចំនួន ១៤០ពាន់លានវ៉ុនស្មើនឹងប្រហែល ១០២លានដុល្លារ ។

ប្តីប្រពន្ធមួយគូនេះបានទិញអគារ ៨ជាន់ ដែលមានជាន់ក្រោមពីរ ក្នុងតំបន់ Seocho-dong ទីក្រុងសេអ៊ូលកាលឆ្នាំ២០២១ តម្លៃ ៩៤ពាន់លានវ៉ុន។ លោក Bi Rain បានផ្តល់មូលនិធិ ៦០ភាគរយនៃតម្លៃទិញដើម ខណៈអ្នកនាង Kim គ្របដណ្តប់ ៤០ ភាគរយដែលនៅសល់។ អ្នកជំនាញអចលនទ្រព្យប៉ាន់ប្រមាណតម្លៃបច្ចុប្បន្ននៃអចលនទ្រព្យនៅជាង ១៤០ពាន់លានវ៉ុន។

នេះបើយោងតាមរបាយការណ៍របស់ MK បាននិយាយថ អចលនទ្រព្យនេះត្រូវបានជួលទាំងស្រុងទៅឲ្យម៉ាកយីហោក្នុងស្រុក និងអន្តរជាតិ ដោយទាក់ទាញអ្នកទិញទំនិញ និងអ្នកទទួលទានអាហារយ៉ាងច្រើន ដោយអ្នកទាំង ២នាក់ ត្រូវបានគេរាយការណ៍ថា រកចំណូលបានរាប់រយលានវ៉ុនក្នុងចំណូលពីការជួលប្រចាំខែ ។

យោងតាមសារព័ត៌មាន News1 បានឲ្យដឹងថា លោក Bi Rain អាយុ ៤២ឆ្នាំនិងអ្នកនាង Kim អាយុ ៤៤ឆ្នាំ ស្ថិតក្នុងចំណោមអ្នកកម្សាន្តកូរ៉េខាងត្បូងដែលមានទ្រព្យសម្បត្តិច្រើនបំផុត ដោយសារតែការវិនិយោគលើអចលនទ្រព្យរបស់ពួកគេ។ ក្នុងឆ្នាំ២០២១ ម្នាក់ឯង លោក Bi Rain និងអ្នកនាង Kim រកបាន ៣២.៧ ពាន់លានវ៉ុន និង៧.១ ពាន់លានវ៉ុនរៀងគ្នាពីការលក់អចលនទ្រព្យ។ ពួកគេក៏ជាម្ចាស់អចលនទ្រព្យនៅអាមេរិកផងដែរ៕

Most Popular

To Top