វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង K-pop 2NE1 គ្រោងនឹងជួបជុំគ្នាម្តងទៀតសម្រាប់ការប្រគុំតន្ត្រី Ho Chi Minh City រយៈពេល ២ថ្ងៃនៅទីក្រុងហូជីមិញនៅថ្ងៃទី ១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ តាមការបញ្ជាក់ដោយទីភ្នាក់ងាររបស់ពួកគេគឺ YG Entertainment ។
ការប្រគុំតន្ត្រី គឺជាផ្នែកមួយនៃកម្មវិធី “Welcome Back Tour” របស់ 2NE1 ដែលជាការសម្គាល់ការវិលត្រឡប់មកវិញរបស់ក្រុម បន្ទាប់ពីបានផ្អាកអស់រយៈពេល ៧ឆ្នាំ។ IME Vietnam លជាអ្នករៀបចំនៅពីក្រោយការប្រគុំតន្ត្រីហាណូយរបស់ Blackpink នឹងគ្រប់គ្រងព្រឹត្តិការណ៍នេះ ទោះបីជាព័ត៌មានលម្អិតអំពីទីកន្លែងនៅមិនទាន់ត្រូវបានប្រកាសក៏ដោយ។
អ្នកគាំទ្របានសម្ដែងការរំភើបចិត្តនៅលើបណ្ដាញសង្គម ដោយអ្នកខ្លះមានគម្រោងទៅចូលរួមកម្មវិធីនៅទីក្រុងហូជីមិញ បើទោះជាមានសំបុត្រចូលរួមការប្រគំតន្ត្រីរបស់ 2NE1 នៅប្រទេសថៃរួចហើយក្ដី។
កាសែត The Straits Times បានរាយការណ៍ថា កម្មវិធី “Welcome Back Tour” បានចាប់ផ្តើមក្នុងខែតុលាជាដំណើរការប្រគុំតន្ត្រីទេសចរណ៍លើកទី៤ របស់ក្រុម ហើយនឹងដំណើរការរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥ ។ តម្រូវការមានច្រើនលើសលប់ ដោយមានអ្នកគាំទ្រពី ៣០០,០០០ ទៅ ៤០០,០០០ នាក់បានទិញសំបុត្រត្រឹមតែ ៤,០០០សន្លឹកក្នុងមួយការប្រគុំតន្ត្រីទូទាំងអាស៊ី។
ប្រធានផលិតកម្ម YG Entertainment លោក Yang Hyun-suk បានបញ្ជាក់ពីទំហំទស្សនិកជនមានកំណត់ ដោយនិយាយថា ក្រុមចង់សម្តែងនៅឆ្នាំនេះ ប៉ុន្តែកន្លែងធំៗទាំងអស់ត្រូវបានកក់ទុករួចហើយ ។បង្កើតឡើងក្នុងឆ្នាំ២០០៩ ក្រុម 2NE1 មាន CL, Park Bom, Dara និង Minzy ដែលល្បីទូទាំងពិភពលោកសម្រាប់បទល្បីដូចជា “Go Away”, “Fire” និង “I Am the Best” ។ Billboard បានដាក់ឈ្មោះពួកគេជាក្រុមចម្រៀងស្រី K-pop កំពូលប្រចាំទសវត្សរ៍ក្នុងឆ្នាំ២០១៧៕