កូរ៉េខាងត្បូង ៖ តារាសម្ដែងកូរ៉េខាងត្បូង Song Jae Rim ដែលល្បីល្បាញដោយសារតួនាទី របស់លោកក្នុងរឿង ភាគទូរទស្សន៍ “The Moon Embracing the Sun” បានទទួលមរណភាព ក្នុងអាយុ ៣៩ ឆ្នាំ ដោយមូលហេតុនៃការស្លាប់ របស់លោកមិនត្រូវបាន គេបង្ហាញឲ្យដឹងនោះឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។
យោងតាមសារព័ត៌មាន MBC បាននិយាយថា តារាសម្តែងរូបនេះត្រូវបានគេប្រទះ ឃើញស្លាប់នៅផ្ទះរបស់គាត់ក្នុងទី ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ។ មិត្តភ័ក្តិដែលបានណាត់ជួបលោក សម្រាប់អាហារថ្ងៃត្រង់ បានប្រទះឃើញ សពលោកហើយបានជូនដំណឹងទៅប៉ូលិសភ្លាមៗ។
មន្ត្រីប៉ូលីសក្នុងតំបន់បានប្រាប់ Yonhap News ថា មិនមានសញ្ញានៃកត្តាខាងក្រៅ ដែលរួមចំណែកដល់ការស្លាប់ របស់តារាសម្តែងនោះទេ។ ចាប់តាំងពីពេលនោះមក សាកសពរបស់លោកត្រូវ បានបញ្ជូនទៅផ្ទះបុណ្យសពនៃមន្ទីរពេទ្យ Yeouido St. Mary’s ក្នុងទីក្រុងសេអ៊ូល ជាកន្លែងពិធីបុណ្យសពរបស់លោកនឹងត្រូវធ្វើឡើងនៅម៉ោង ១២ យប់នៅថ្ងៃព្រហស្បតិ៍។ លោកនឹងត្រូវបានបញ្ចុះជាបន្តបន្ទាប់ នៅទីបញ្ចុះសព Seoul Seunghwon ។
ព័ត៌មាន នៃការស្លាប់ របស់លោក Song បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង មានការភ្ញាក់ផ្អើល ជាពិសេស ដោយសារតែ លោកបានចូលរួមយ៉ាង សកម្មក្នុងគម្រោងនានា ពីខែកក្កដាដល់ខែតុលា។ គួរកត់សម្គាល់ថា លោកបានអវត្តមាន ពីប្រព័ន្ធ ផ្សព្វផ្សាយសង្គម ដោយខកខាន មិនបានបង្ហោះព័ត៌មាន ឬរូបភាពណាមួយ ចាប់តាំងពីខែមករា។
លោក Song បានផ្តួចផ្តើមអាជីពជាតារាបង្ហាញម៉ូត មុនពេលផ្លាស់ប្តូរទៅជាការសម្ដែងក្នុងឆ្នាំ 2009។ ប៉ុន្មានឆ្នាំមកនេះ លោកបានសម្តែងក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ជាច្រើនរួមមាន “Two Weeks” “Goodbye Mr. Black” “Our Gab Soon” និង “I Wanna Hear Your Song.”។
ក្នុងឆ្នាំ ២០១៤ លោក Song ទទួលបានប្រជាប្រិយភាព គួរឲ្យកត់សម្គាល់ជាមួយតារាសម្តែង Kim So Eun ក្នុងកម្មវិធីណាត់ជួបដ៏ល្បីរបស់ MBC រដូវកាលទី 4 “We Got Married” ដោយទទួលបានពានរង្វាន់ Male Rookie Entertainment និងពានរង្វាន់ Best Couple Award ជាមួយ Kim ៕