សិល្បៈ និង កម្សាន្ត

រៀបការ បាន​២ឆ្នាំ ចំណងក្តីស្នេហា Angelina Jolie និង Brad Pitt ឈានដល់ទីបញ្ចប់ តាមផ្លូវតុលាការ

Brad Pitt និង Angelina Jolie បានឈានដល់ការព្រៀមព្រង ក្នុងការលែងលះគ្នា។ ៨ ឆ្នាំបន្ទាប់ពី Angelina បានដាក់ពាក្យសុំលែងលះដោយលើកឡើងពី “ភាពមិនចុះសម្រុងគ្នា និង មិនអាចផ្សះផ្សាបាន” ទីបំផុតអតីតគូស្នេហ៍នេះ បានឈានដល់កិច្ចព្រមព្រៀងចែកផ្លូវគ្នា ហើយអ្នកទាំង២ បានចុះហត្ថលេខារួចរាល់។

មេធាវីរបស់ Angelina លោក James Simon បាននិយាយ ថា “កាលពីជាង ៨ ឆ្នាំមុន Angelina បានដាក់ពាក្យសុំលែងលះពីលោក Pitt ។ នាង និងកូន មិនបានខ្វល់ខ្វាយអំពី ទ្រព្យសម្បត្តិទាំងអស់ដែលពួកគេបានបែកចែងគ្នារួចរាល់ ជាមួយលោក Pitt ហើយចាប់តាំងពីពេលនោះមកនាងបានផ្តោតលើការស្វែងរកសន្តិភាព និងការចំណាយពេលមើលថែខ្លួនឯង។ សម្រាប់គ្រួសាររបស់ពួកគេ នេះគ្រាន់តែជាផ្នែកមួយនៃដំណើរការដែលបានចាប់ផ្តើមជាយូរមកហើយ ពោលគឺកាលពី ៨ ឆ្នាំមុន។ Angelina ហត់នឿយហើយ ប៉ុន្តែពេលនេះនាងបានធូរស្រាលមួយផ្នែក ហើយ”។

ប្រភពដែលស្និទ្ធនឹង Angelina បានបន្ថែមថា “នាងមិននិយាយអាក្រក់អំពី អតីតស្វាមី លោក Brad Pitt ជាសាធារណៈ ឬជាឯកជននោះទេ។ នាងព្យាយាមយ៉ាងខ្លាំងដើម្បីឱ្យមានពន្លឺបន្ទាប់ពីជួបរឿងដ៏ខ្មៅងងឹតមួយ” ។

Angelina បច្ចុប្បន្នវ័យ ៤៩ ឆ្នាំបានដាក់ពាក្យសុំលែងលះពី Brad Pitt វ័យ ៦១ ឆ្នាំ នៅក្នុងខែកញ្ញា ឆ្នាំ ២០១៦ បន្ទាប់ពីរៀបការបាន ២ ឆ្នាំ។

មូលហេតុដើមទង នៃការឈានទៅដល់ការដាក់ពាក្យសុំលែងលះ គឺបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើដំណើរលើយន្តហោះឯកជនមួយ ហើយ Angelina អះអាងថា Brad បានធ្វើបាបនាង និងកូនទាំង ៦ នាក់ ប៉ុន្តែអាជ្ញាធរមិនបានចោទប្រកាន់លើ លោក Brad Pitt ទេ បន្ទាប់ពីធ្វើការស៊ើបអង្កេត។

Angelina និង Brad ក្រោយមកបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសថាពួកគេនឹងរក្សាដំណើរការលែងលះទាំងអស់ជា ឯកជន សម្រាប់ជាប្រយោជន៍ដល់កូនរបស់ពួកគេ។

ពួកគេទាំង២ បាននិយាយថា៖ «ភាគី និងទីប្រឹក្សារបស់ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីរក្សាសិទ្ធិឯកជនភាពរបស់កូន និងគ្រួសាររបស់ពួកគេ ដោយរក្សាឯកសារតុលាការទាំងអស់ជាសម្ងាត់ និងចូលរួមជាមួយចៅក្រមឯកជនដើម្បីធ្វើការសម្រេចចិត្តផ្នែកច្បាប់ចាំបាច់ណាមួយ និងដើម្បីជួយសម្រួលដល់ការដោះស្រាយឆាប់រហ័សនៃបញ្ហាដែលនៅសេសសល់»។

ពួកគេទាំង ២នាក់ បានចែកកូនគ្នា ដែលក្នុងនោះមាន Maddox អាយុ ២៣ ឆ្នាំ, Pax អាយុ ២១ ឆ្នាំ, Zahara អាយុ ១៩ ឆ្នាំ, Shiloh អាយុ ១៨ ឆ្នាំ និងកូនភ្លោះ Vivienne និង Knox ឥឡូវនេះមានអាយុ ១៦ ឆ្នាំ។

Angelina និង Brad Pitt ត្រូវបានប្រកាសថានៅលីវស្របច្បាប់ក្នុងឆ្នាំ ២០១៩ ប៉ុន្តែមិនទាន់ឯកភាពគ្នាលើ បញ្ហាផ្លូវច្បាប់ជុំវិញការបែកចែក ទ្រព្យសម្បត្តិ៕

Most Popular

To Top