នៅពេលនេះ Lim YoonA កំពុងស្ថិតនៅលំដាប់តារាស្រី ដែលមានឈ្មោះបោះសំឡេងទ្វេដង ពេលរឿងភាគថ្មីរបស់នាងមានចំណងជើងថា «King The Land» ចាក់ផ្សាយ ។ នាងមិនត្រឹមតែ ពេញស្រឡាញ់ចំពោះអ្នកគាំទ្រ សម្រាប់អាជីព ជាតារាចម្រៀងទេ ប៉ុន្តែវិស័យសម្ដែងក៏ តារាស្រីរូបនេះ អាចយកឈ្នះបេះដូង គ្រប់គ្នាដែរ។

ជាមួយនឹងការងារចម្រុះ របស់នាងទាំងក្នុងវិស័យសម្ដែង និងតន្ត្រី ក៏គ្មានអ្វីគួរឱ្យសង្ស័យទេ ដែល YoonA មានសមត្ថភាព រកចំណូលបានរាប់សិបលានដុល្លារ តាមរយៈអាជីពដ៏មមាញឹក និងជោគជ័យរបស់នាងនៅក្នុងសិល្បៈ។

បើចង់ដឹងថា តារាស្រីរូបនេះ រកចំណូលបានប៉ុន្មាននោះ សូមបន្តជ្រាបព័ត៌មានដូចតទៅ៖

YoonA បានវិលត្រឡប់មកកាន់ការសម្ដែងវិញ ជាមួយនឹងរឿងភាគថ្មីចុងក្រោយនេះ ដែលមានចំណងជើងថា “King The Land”។ ឥឡូវនេះឈ្មោះរបស់នាងកំពុង ចាប់ផ្តើមគ្របដណ្តប់លើតារាងតារាល្បី ក៏ដូចជាការលើកឡើងរបស់មហាជន នៅក្នុងបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ។

យោងតាមប្រភពមួយបានឱ្យដឹងថា Lim YoonA មានទ្រព្យសម្បត្តិសរុបប្រមាណ ២០ លានដុល្លារ ។ ប្រភពចំណូលចម្បង របស់នាងបានមកពីការសម្ដែងរឿងភាគ ភាពយន្តខ្នាតធំ ការងារក្នុងវិស័យតន្ត្រី និងការផ្សាយពាណិជ្ជកម្មផ្សេងៗ។

លើសពីនេះ នាងមានអ្នកគាំទ្រដ៏ស្មោះស្ម័គ្រជាច្រើននៅក្នុងប្រទេសចិន ខណៈដែលនាងបានរៀនភាសាចិនគ្រប់គ្រាន់ ដើម្បីសម្តែងក្នុងរឿងភាគចិន និងពង្រីកឥទ្ធិពលរបស់នាងនៅក្នុងប្រទេសដែលមានមនុស្សរាប់ពាន់លាននាក់។ ជាក់ស្តែង មានការរាយការណ៍ថា តារារូបនេះ អាចរកចំណូលបាន ២,៥ លានដុល្លារ ពីការដើរតួក្នុងរឿង «Chinese Hero Zhao Zi Long» ក្នុងប្រទេសចិន កាលពីឆ្នាំ ២០១៦។

លើសពីនេះ YoonA បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ Brand ល្បីៗ យ៉ាងហោចណាស់ ២៥ ក្រុមហ៊ុន ផលិតផលសម្រស់ និងម៉ូដសម្លៀកបំពាក់កូរ៉េ។

នាងបានវិវត្តខ្លួន យ៉ាងល្អឥតខ្ចោះ ពីតារាចម្រៀងឬ Idol K-Pop ទៅជាតារាសម្តែង ពិធីការិនី និងជាតារាបង្ហាញម៉ូដ ដោយសារភាពវៃឆ្លាតក្នុងការបត់បែន និងបើកចិត្ត ចង់ប្រមូលបទពិសោធន៍ជាច្រើនក្នុងវិស័យនេះ។

ប្រភពចំណូលសំខាន់ៗមួយចំនួនរបស់នាងពីមុនមកបានមកពី Brand ល្បី ដែលនាងធ្វើជាតារាតំណាងឲ្យ ដូចជា Lee Jeans, Crocs, Pandora, MiuMiu ជាដើម។ ជាមួយនឹងចំណូលដែលទទួលបានក្នុងការងារនីមួយៗ YoonA ត្រូវបានគេដឹងថា គឺជាម្ចាស់ផ្ទះល្វែងដ៏ធំ និងប្រណិតតម្លៃជាង ២,៥ លានដុល្លារ និងអចលនទ្រព្យជាច្រើនទៀត។
YoonA រក្សាបាននូវឥទ្ធិពលលក្ខណៈពិភពលោករបស់នាង ដោយសារតែការងារជាច្រើនក្នុងពេលតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ នាងតែងតែរក្សាបាននូវរូបភាពដ៏ល្អឥតខ្ចោះ ក្នុងវិស័យសិល្បៈ ដោយពេញដោយក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ប្រជាជនកូរ៉េ និងអ្នកគាំទ្រអន្តរជាតិ ពិសេសកម្រមានរឿងអាស្រូវដូចតារារួមអាជីពផ្សេងទៀតណាស់។

នាងក៏ជាតារាមួយរូបដែលចាប់ដៃគូជាមួយតារាកូរ៉េល្បីៗ និង Hot Hot បំផុត ដូចជា Ji Chang Wook, Lee Jong Suk, Lee Junho ជាដើម។
ថ្មីៗនេះ YoonA កំពុងសម្តែងក្នុងរឿងភាគកំប្លែងបែបរ៉ូមែនទិកដែលទើបចេញថ្មីរបស់ទូរទស្សន៍ JTBC មានចំណងជើងថា «King The Land» ដែលនាងដើរតួជាបុគ្គលិកសណ្ឋាគារមានឈ្មោះ Cheon Sa Rang។
តារាស្រីដ៏គួរឲ្យស្រលាញ់ម្នាក់នេះ កំពុងតែទទួលបានក្តីស្រឡាញ់ខ្លាំងជាមួយនឹងរឿងភាគដែលកំពុងចាក់ផ្សាយនាពេលនេះ ហើយស៊ីសង្វាក់គ្នារបស់នាងជាមួយ Junho (2PM) កំពុងទទួលបានការរំពឹងទុកយ៉ាងខ្លាំងពីទស្សនិកជន ដោយចង់ឲ្យពួកគេទាក់ទងស្រឡាញ់គ្នាក្រៅរឿងទៀតផង៕


