ភ្នំពេញ ៖ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការស្ត្រី និងកីឡា លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង ជាប្រធានសហព័ន្ធ កីឡារាំកម្ពុជា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបំព្រឹត្តិការណ៍ការប្រកួត និងស្ថិតិ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ពិធីបើកការប្រកួតជ្រើសរើស ជើងឯកកីឡារាំប្រចាំឆ្នាំ២០២៤ ក្រោមការប្រើប្រាស់ថវិកា គាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅ CJCC ។

លោកស្រីបណ្ឌិត កុយ ពិសី បានមានប្រសាសន៍ថា ឆ្លងតាមរបាយការណ៍របស់ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា នាពេល នេះ បានបង្ហាញឲ្យឃើញថា វិស័យកីឡារាំ របស់សហព័ន្ធកីឡារាំកម្ពុជា មានការអភិវឌ្ឍន៍ និងរីកចំរើន ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្នែកបរិមាណ និងគុណភាព ទាំងក្នុងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ ដែល ទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ គួរជាទី មោទនភាព។ ការប្រកួតកីឡារាំនៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំង នូវសមត្ថភាព ចំណេះដឹង បទពិសោធន៍បច្ចេកទេស និងទេពកោសល្យ របស់កីឡាករ-កីឡាការិនី ដែលបានធ្វើការហ្វឹកហាត់ អស់រយៈ ពេលជា ច្រើនឆ្នាំ កន្លងមក មកបញ្ចេញនូវសមត្ថភាព របស់ខ្លួនក្នុងការប្រកួតនាពេលនេះ ។

លោកស្រីបណ្ឌិតបានបន្តថា ក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមសម្ដែង នូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និង កីឡាបានផ្តល់ថវិកាគាំទ្រ ដល់សហព័ន្ធកីឡារាំកម្ពុជា ព្រមទាំងដៃគូសហការ ឧបត្ថម្ភធនាគារអេស៊ីលីដា និងសប្បុរសជន សិល្បៈករ-សិល្បការិនី បានជួយគាំទ្រលើកទឹកចិត្ត សម្រាប់ការរៀបចំព្រឹត្តិការណ៍ ប្រកួតនេះឡើងប្រកប ដោយបរិយាកាសរីករាយ ស្និទ្ធស្នាលយ៉ាងកក់ក្តៅ ក្នុងគោលបំណង លើកកម្ពស់ ការអប់រំ សុខមាលភាព ខាងផ្លូវកាយ ផ្លូវចិត្ត និងជាពិសេសដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសតិចនិចដល់កីឡាករ-កីឡាការិនី ទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការប្រកួតនាពេលនេះ ក៏ដូចជាការប្រមែប្រមូលធនធានកីឡាករ- កីឡាការិនីមានសក្តានុពល ចូលរួមប្រកួតជ្រើសរើស ជើងឯកកីឡារាំថ្នាក់ជាតិ ក៏ដូចជាការត្រៀម ចូលរួមប្រកួតកីឡារាំអន្តរជាតិនានា នៅពេលខាងមុខនេះ ។

លោកស្រីប្រធានគណៈកម្មការស្ត្រី និងកីឡា បានបញ្ជាក់ថា ឆ្លៀតក្នុងឧកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមផ្តាំផ្ញើ នូវចំណុចមួយចំនួន ដល់គណៈកម្មការ រៀបចំការប្រកួត គណៈកម្មការបច្ចេកទស គ្រូបង្វឹក ត្រូវលើកកម្ពស់ស្មារតី ទទួលខុសត្រូវចំពោះភារកិច្ចនេះឲ្យបានល្អប្រសើរ ក្មួយៗកីឡាករ-កីឡាការិនី ទាំងអស់ត្រូវខិតខំយកចិតទុកដាក់ គោរពនូវបទបញ្ជាប្រកួតនានា ដែលសហព័ន្ធកីឡារាំកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក បានចែងឡើង និងរក្សានូវឆន្ទៈ គោរពដៃ គូរបស់ ខ្លួនក្នុងពេលប្រកួត ដោយមិនសម្ដែង នូវអាកប្បកិរិយាណាដែលមិនសមរម្យ ។ ត្រូវបង្កើននូវ សមត្ថភាពរបស់ខ្លួន ឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ក៏ដូចជាវិស័យកីឡារាំឲ្យកាន់តែបាន ល្អប្រសើរថែមទៀត សំរាប់សហព័ន្ធកីឡារាំកម្ពុជា។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បាននិយាយថា ការប្រកួតជ្រើសរើសជើងឯក កីឡារាំថ្នាក់ជាតិ ឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅ CJCC ដោយមានក្រុមកីឡាករ-កីឡាការិនីរាំចំនួន ៧១ នាក់មក៥ក្លិបរួមមានសមាគមកីឡារាំ ក្រសួងការពារជាតិ សមាគមកីឡារាំក្រសួងមហាផ្ទៃ ក្លិបកីឡារាំខេត្តកំពង់ចាម ក្លិបកីឡារាំខេត្តកណ្តាល និងក្លិបកីឡារាំខេត្តបាត់ដំបង ៕

