សិល្បៈ និង កម្សាន្ត

ក្រុមអត្តពលិកគុន ល្បុក្កតោកម្ពុជា ចូលរួមសម្ដែងក្បាច់គុន ល្បុក្កតោ ក្នុងពិធីបិទឆ្នាំ នៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន

ទីក្រុងចឹងចូវ ៖ ក្រុមកីឡាករ-កីឡាការិនី កីឡាគុនល្បុក្កតោកម្ពុជា របស់សហព័ន្ធកីឡាកីឡាគុនល្បុក្កតោកម្ពុជា បានចូលរួមការសម្ដែង ក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញក្នុងព្រឹត្តិការណ៍ពិធីបិទ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” និងពិធីបើកផ្លូវការ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ។

នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក Wang Xu Dong អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និង «កិច្ចសហការប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេស ទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ។

ក្នុងពិធីដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម WANG Kai អភិបាលខេត្តហឺណាន ឯកឧត្តម Wang Zhanying សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងគណៈប្រតិភូ នៃក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ និងក៏មានការចូលរួមទស្សនា ពីសំណាក់ប្រជាជនចិន ប្រមាណជាង ១ ៥០០ នាក់ផងដែរ ។

ឆ្លៀតមុនឱកាស នៃការសម្តែង លោករដ្ឋមន្រ្តី ហួត ហាក់ ក៏បានជួបសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានពាំនាំ ផ្ដាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកគ្រូ អ្នកគ្រូរបាំ សិល្បៈករ សិល្បៈការីនី តារាចម្រៀង អ្នកបង្ហាញម៉ូដ និងប្អូនៗសម្ដែងក្បាច់គុនទាំងចិន កម្ពុជា “ក្រុមកីឡាករ-កីឡាការិនីកីឡាគុនល្បុក្កតោកម្ពុជា” ចំនួនជាង ១០០នាក់ផងដែរ ។

តាមរយៈព្រឹត្តិការណ៍បិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ កម្ពុជា-ចិន ក៏នឹងមានការ ផ្សព្វផ្សាយកាន់តែច្បាស់ ពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួម ដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ លើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការយកចិត្តទុកដាក់ ជាអាទិភាពលើប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជា ៕

Most Popular

To Top