សិល្បៈ និង កម្សាន្ត

តារាសម្ដែងលោក Donnie Yen ហៅកុំកុំ រៀបចំពិធីខួបកំណើតរួមគ្នាឲ្យប្រពន្ធក្រោយ និងកូនប្រុសប្រពន្ធមុន

ហុងកុង៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងហុងកុងដ៏ល្បីល្បាញលំដាប់ពិភពលោក លោក Donnie Yen ហៅកុំកុំ បានរៀបចំពិធីខួបកំណើតរួមគ្នាសម្រាប់ភរិយារបស់លោក អ្នកនាង Cissy Wang និងកូនប្រុសរបស់លោក យុវជន Jeff Yen ជាកូនប្រុសប្រពន្ធមុនរបស់លោកជាមួយអ្នកនាង Zing Ci Leung ។

កាលពីថ្ងៃចន្ទ លោក Yen បានបង្ហោះរូបថតជាបន្តបន្ទាប់នៅលើបណ្តាញសង្គម Instagram រួមទាំងរូបថតមួយសន្លឹកជាមួយកូនប្រុសអាយុ ៣០ ឆ្នាំរបស់លោក ដោយដាក់ចំណងជើងថា “រីករាយថ្ងៃកំណើតកូនប្រុសរបស់ខ្ញុំ Jeff” ។ ក្នុងរូបភាពមួយទៀត លោកឈរក្បែរអ្នកនាង Wang ដែលកំពុងកាន់ភួងផ្កា។ លោក Yen ពាក់អាវពណ៌ខៀវដូចគ្នាក្រោមអាវយឺតពណ៌ក្រហមក្នុងរូបទាំង២ ដោយបង្ហាញថា ការប្រារព្ធពិធីទាំង២នាក់បានធ្វើនៅថ្ងៃតែមួយ។

ថ្ងៃកំណើតពិតប្រាកដរបស់លោក Jeff Yen មិនត្រូវបានបញ្ជាក់ជាសាធារណៈនោះទេ ប៉ុន្តែលោក Yen អាយុ ៦២ ឆ្នាំបានបង្ហោះសារជូនពរថ្ងៃកំណើតរបស់លោកនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនោះអ្នកនាង Wang បានប្រារព្ធខួបលើកទី ៤៤ របស់នាងនៅថ្ងៃទី ២១ ខែមេសាឆ្នាំនេះ មានន័យថា អ្នកនាង Cissy Wang មានអាយុ ៤៤ឆ្នាក្មេងជាងលោក Donnie Yen ១៨ឆ្នាំ ។

ដើម្បីអបអរក្នុងឱកាសនោះ លោក Donnie Yen ក៏បានបង្ហោះរូបថតជាច្រើនសន្លឹករបស់អ្នកនាង Wang រួមទាំងរូបថតដំណើរកម្សាន្ត ដោយសរសេរថា៖ “រីករាយថ្ងៃកំណើតប្រពន្ធស្អាត! អូនជាតារាភ្លឺចិញ្ចាច បេះដូង និងព្រលឹងក្នុងគ្រួសារ អូនជាស្រីស្អាត ពូកែ ស្រលាញ់ ពូកែបំផុត!!! ស្រលាញ់បងជានិច្ច!!”។

លោក Yen បានជួបប្រពន្ធដំបូងរបស់លោក គឺអ្នកនាង Leung Zing Ci នាយកផ្សាយពាណិជ្ជកម្មហុងកុងក្នុងឆ្នាំ ១៩៩០ ។ ប្តីប្រពន្ធនេះបានរៀបការដោយសម្ងាត់នៅអាមេរិកកាលខែវិច្ឆិកា ឆ្នាំ ១៩៩៣ ប៉ុន្តែអាពាហ៍ពិពាហ៍មានរយៈពេលតិចជាងមួយឆ្នាំ បន្ទាប់ពីការលែងលះរបស់ពួកគេ អ្នកនាង Leung បានរកឃើញថា នាងមានផ្ទៃពោះហើយបានផ្តល់កំណើតបានកូនប្រុស គឺលោក Jeff ក្នុងឆ្នាំ ១៩៩៥។

នេះបើយោងតាមទស្សនាវដ្តី Prestige ថា តារាសម្ដែងរូបនេះបានជួបអ្នកនាង Wang ម្ចាស់គ្រងមកុដជាបវរកញ្ញាចិន Toronto ក្នុងឆ្នាំ ២០០០ នៅកម្មវិធីអាហារពេលល្ងាចមួយក្នុងឆ្នាំ ២០០៣ ។ ពួកគេបានចាប់ផ្តើមទាក់ទងគ្នាមិនយូរប៉ុន្មាន ហើយរៀបការក្នុងរយៈពេល ៣ ខែ ចាប់តាំងពីពេលនោះមក ប្តីប្រពន្ធនេះបានស្វាគមន៍កូន២នាក់ជាមួយគ្នា៕

Most Popular

To Top