កូរ៉េខាងត្បូង៖នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា តារាចម្រៀងលោក Jungkook សមាជិកក្រុមតារាចម្រៀង បុរសកូរ៉េខាងត្បូង BTS បានចេញការសុំទោស ជាសាធារណៈ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីប្រឈមមុខនឹង ការរិះគន់ចំពោះការពាក់មួកមានពាក្យស្លោក ដ៏រសើបផ្នែកនយោបាយ អំឡុងពេលហាត់ សមការប្រគុំតន្ត្រី។
លោក Jungkook បានសរសេរនៅលើវេទិកា ទំនាក់ទំនងអ្នកគាំទ្រ Weverse កាលពីព្រឹកថ្ងៃសៅរ៍ថា ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការខកចិត្ត និងភាពមិនស្រួលបណ្តាលមកពីឃ្លា ដែលសរសេរនៅលើមួក ខ្ញុំបានពាក់អំឡុង ពេលហាត់សមថ្ងៃនេះ។
ខ្ញុំទទួលខុសត្រូវចំពោះការខ្វះការ យល់ដឹងរបស់ខ្ញុំក្នុងការពាក់វា ដោយមិនទទួលស្គាល់ទាំងស្រុង នូវផលប៉ះពាល់ជាប្រវត្តិសាស្ត្រ និងនយោបាយនៃឃ្លានេះ ហើយបណ្តាលឲ្យមានការខកចិត្ត និងឈឺចាប់។ ខ្ញុំពិតជាសុំទោស”។
ភាពចម្រូងចម្រាសបានចាប់ផ្តើម កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលហាត់ សមសម្រាប់ការប្រគុំតន្ត្រី ទេសចរណ៍ពិភពលោក ដ៏ធំរបស់ J-Hope របស់សមាជិក BTS មានចំណងជើងថា “Hope on the Stage Final” ធ្វើឡើងនៅកីឡដ្ឋាន Goyang ទីក្រុង Gyeonggi ។ លោក Jungkook ដែលគ្រោងនឹងបង្ហាញខ្លួនជាភ្ញៀវពិសេសនោះ ត្រូវបានគេឃើញពាក់មួកមានឃ្លាថា “Make Tokyo Great Again”។
បម្រែបម្រួលនៃពាក្យស្លោកយុទ្ធនាការ ឃោសនាបោះឆ្នោត របស់ប្រធានាធិបតីអាមេរិក Donald Trump “Make America Great Again” ឃ្លានេះត្រូវបានកែប្រែសម្រាប់ប្រើប្រាស់ ដោយឥស្សរជននយោបាយស្តាំ និយមនៅប្រទេសជប៉ុន និងកន្លែងផ្សេងទៀត ។ ស្ថិតក្នុង បរិបទនេះ វាត្រូវបានគេមើលឃើញថា ជាការលើកតម្កើងអតីតកាល ចក្រពត្តិរបស់ប្រទេស ជប៉ុន និងអាចបង្កើតឲ្យមានការចងចាំ ដ៏ឈឺចាប់នៃការគ្រប់គ្រងអាណានិគម របស់ប្រទេសលើប្រទេសកូរ៉េពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ ។
បន្ទាប់ពីការបង្ហាញខ្លួនរបស់ លោក Jungkook មួកបានលក់ដាច់យ៉ាងឆាប់រហ័ស តាមអនឡាញ ដែលធ្វើឲ្យភាពចម្រូងចម្រាស កាន់តែខ្លាំងឡើង។
វិចិត្រកររូបនេះបានបន្ថែមថា គ្មានលេសអ្វីទាំងអស់ ដោយមិនគិតពីហេតុផល ។ ខ្ញុំមានការធ្វេសប្រហែស និងមានកំហុស។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងគិតឲ្យបានស៊ីជម្រៅ និងធ្វើសកម្មភាពកាន់ តែមានទំនួលខុសត្រូវ លោកបានបន្តថា មួកនោះត្រូវបានគេបោះចោលអស់ហើយ ៕
