សិល្បៈ និង កម្សាន្ត

បវរកញ្ញាចក្រវាឡរុស្ស៊ី នាង Kseniya Alexandrova បានទទួលមរណភាព នៅអាយុ ៣១ ឆ្នាំ

រុស្ស៊ី ៖ ភ្នាក់ងារគ្រប់គ្រងរបស់នាង Modus Vivendis បានបញ្ជាក់ថា នាង Kseniya Alexandrova ដែលជាម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលរុស្ស៊ី ឆ្នាំ ២០១៧ និងជាជ័យលាភីលេខមួយក្នុងកម្មវិធីប្រកួតបវរកញ្ញារុស្ស៊ី ឆ្នាំ ២០១៧ “2017 Miss Russia” បានទទួលមរណភាពហើយ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express  ។

យោងតាមលោក Hola បានប្រាប់ថា ឧបទ្ទវហេតុនេះបានកើតឡើងកាលខែកក្កដានៅតំបន់ Tver ដែលនាង Alexandrova ធ្វើដំណើរ នៅពេលរថយន្តបានបុក ជាមួយសត្វក្តាន់ដែលកំពុងឆ្លងកាត់ផ្លូវ។ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ នៅវិទ្យាស្ថានស្រាវជ្រាវ Sklifosovsky ទីក្រុងមូស្គូ ជាកន្លែងដែលនាងត្រូវបានព្យាបាល របួសធ្ងន់ធ្ងរ រួមទាំងរបួសខួរក្បាល។ ប្តីរបស់នាងដែលជាអ្នកបើកបរ បានរួចផុតពីគ្រោះថ្នាក់។

អ្នកទាំង ២ បានរៀបការតែ ៤ ខែមុន គឺនៅថ្ងៃទី ២២ ខែមីនា។ លោក Modus Vivendis បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់មិត្តរួមការងារ “ដ៏អស្ចារ្យ ប៉ិនប្រសប់ និងភ្លឺស្វាងមិនធម្មតា” របស់ពួកគេ។

ទីភ្នាក់ងារនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាងដឹងពីការលើកទឹកចិត្ត គាំទ្រ និងផ្តល់ភាពកក់ក្តៅដល់អ្នកដែលនៅជុំវិញនាង ។ សម្រាប់ពួកយើង នាងនឹងក្លាយជានិមិត្តរូបនៃភាពស្រស់ស្អាត សេចក្តីសប្បុរស និងកម្លាំងខាងក្នុងជានិច្ច។

អង្គការបវរកញ្ញាចក្រវាឡក៏បានគោរពដល់នាង Alexandrova ដែលតំណាងឲ្យប្រទេសរុស្ស៊ីក្នុងការប្រកួតប្រជែងឆ្នាំ ២០១៧ ដោយចូលរួមរម្លែកទុក្ខដល់ក្រុមគ្រួសារនិងមិត្តភក្តិរបស់នាង។

លិខិតសរសើរនោះសរសេរថា៖ «ព្រះគុណ សម្រស់ និងស្មារតីរបស់នាងបានបន្សល់ទុក នូវសញ្ញាណមួយដែលមិនអាចបំភ្លេចបានសម្រាប់គ្រួសារ បវរកញ្ញាចក្រវាល និង ក្រៅពីនោះ»។ “សូមឲ្យការចងចាំរបស់នាងបន្តជំរុញទឹកចិត្តសប្បុរស កម្លាំង និងសេចក្តីស្រឡាញ់ ចំពោះអ្នកដែលមាន សំណាងបានស្គាល់នាង”។

នាង Alexandrova បានចាប់ផ្តើមអាជីព ជាតារាម៉ូដែលរបស់នាងនៅអាយុ ១៩ ឆ្នាំ។ បន្ថែមពីលើការងារជាតារាម៉ូដែល នាងបានទទួលសញ្ញាប័ត្រ ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យសេដ្ឋកិច្ចរុស្ស៊ី Plekhanov ។ ក្រោយមកនាងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យគរុកោសល្យមូស្គូក្នុងឆ្នាំ ២០២១ ហើយបានធ្វើការជាអ្នកចិត្តសាស្រ្ត៕

Most Popular

To Top