សិល្បៈ និង កម្សាន្ត

លោក ប៉ិច បូឡែន ៖ ការរៀបចំវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡារាំនេះ ធ្វើឡើង ក្នុងគោល បំណង ដើម្បីអភិវឌ្ឍ ធនធានគ្រូបង្វឹក

ភ្នំពេញ ៖ លោក ប៉ិច បូឡែន អនុប្រធានតំណាង លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋាន កីឡាជំនាញ និង កីឡាមហាជនតំណាងឲ្យលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាន កីឡាជំនាញ និង កីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញ ចូលរួមពិធីបើកវគ្គ បណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡារាំ ជាផ្លូវការ ក្រោមការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡាដើម្បីបង្កើន គុណភាពដល់គ្រូបង្វឹករបស់ខ្លួន ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបាននិយាយថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រម កីឡារាំនេះ បានចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) រៀបចំដោយសហព័ន្ធ កីឡារាំកម្ពុជាដោយមានសិក្ខាកាមចំនួនជិត៣០ នាក់មកពីបណ្តាលក្លិបរាំនានា ដែលជាសមាជិកសហព័ន្ធ ។

លោក ប៉ិច បូឡែន អនុប្រធាន សហព័ន្ធកីឡារាំកម្ពុជាមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡារាំនេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បីអភិវឌ្ឍ ធនធានគ្រូបង្វឹក ឲ្យទទួលបាននូវពុទ្ធិចំណេះដឹង ជំនាញគ្រូបង្វឹកកីឡារាំ ក្នុងការជួយបង្ហាត់ជំនាញកីឡារាំដល់យុវជន-យុវតីជំនាន់ក្រោយ ។ វគ្គនេះបង្រៀន ដោយលោកគ្រូឧទ្ទេសចំនួន ៣នាក់ គឺលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំ លោកគ្រូ ស៊ូវ តុង គ្រូសហព័ន្ធកីឡារាំ និង កញ្ញា YOU SHU JIE គ្រូសហព័ន្ធកីឡារាំ។

លោកអនុប្រធានបន្តថា ឆ្លៀតក្នុងឱកាសដ៏មានតម្លៃ ក្នុងការចែករម្លែក និងផ្តល់ចំណេះដឹងជំនាញអាជ្ញាកណ្តាល និងចៅក្រមកីឡារាំ និងដល់សិក្ខាកាមនាពេលនេះ និងសូមអរគុណដល់ ក្រសួងអប់រំយុវជន និងកីឡា គាំទ្រដល់សហព័ន្ធកីឡារាំ កម្ពុជាបន្តទៀត ។ សូមសិក្ខាកាម និងសមាជិកក្លឹបទាំងអស់ ខិតខំប្រឹងប្រែងក្រេបយក នៅពុទ្ធិចំណេះដឹង នូវជំនាញ អាជ្ញាកណ្តាល និងចៅក្រមកីឡារាំបន្តសាមគ្គីគ្នា ចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងនាមអភិវឌ្ឍវិស័យកីឡារាំឲ្យទទួលជោគជ័យ និងមានសក្តានុពល ទាំងលើឆាកជាតិ និងអន្តរជាតិ៕

Most Popular

To Top