សិល្បៈ និង កម្សាន្ត

តារាចម្រៀង ស្រីកូរ៉េខាងត្បូង នាង Mo Soo Jin បានទទួលមរណភាព ក្នុងអាយុ ២៧ ឆ្នាំ

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Mo Soo Jin ជាអ្នកចម្រៀងនាំមុខគេ នៃក្រុមតន្ត្រីកូរ៉េខាងត្បូង Acoustic Collabo ដែលមានសម្រស់ស្អាតបំផុត បានទទួលមរណភាព អាយុ ២៧ ឆ្នាំ ដោយក្រុមគ្រួសារ របស់នាងមិនបានបង្ហាញមូលហេតុ នៃការស្លាប់នោះទេ ។

នេះបើយោងតាមការចុះផ្សាយ របស់កាសែតក្នុងស្រុក ONSEN ថា កាលពីថ្ងៃអង្គារ តំណាងរបស់ Acoustic Collabo បានប្រកាសថា នាង Mo បានទទួលមរណភាពនៅថ្ងៃទី ២៥ ខែមករា ។

ប្រភពព័ត៌មានបាននិយាយថា ក្រុមគ្រួសារ របស់នាងមានការប៉ះពាល់យ៉ាងខ្លាំងចំពោះការបាត់បង់ភ្លាមៗនេះ ហើយបានស្នើសុំ កុំឲ្យមានការបង្ហើបពីមូលហេតុ នៃការស្លាប់ របស់នាង និងព័ត៌មានលម្អិតផ្សេងទៀតឡើយ។ ពួកគេក៏បានស្នើសុំឱ្យសាធារណជនជៀសវាងការស្មាន និងពាក្យចចាមអារ៉ាមផងដែរ ។

ពិធីបុណ្យសពនឹងត្រូវធ្វើឡើង ជាលក្ខណៈឯកជន ដោយមានការអញ្ជើញចូលរួមកំណត់ ចំពោះសមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធ ស្របតាមបំណងប្រាថ្នារបស់ក្រុមគ្រួសារ។ នាង Mo ធ្លាប់ជាអតីតអ្នកហ្វឹកហាត់ idol មុនពេលចូលរួមជាមួយ Acoustic Collabo កាលឆ្នាំ ២០១៩ ក្នុងនាមជាអ្នកចម្រៀងនាំមុខគេរួមជាមួយ Kim Seung Jae ។

យោងតាម Korea JoongAng Daily បានឲ្យដឹងថា Acoustic Collabo បានចាប់ផ្តើមជាគម្រោងទោលដោយ Kim Seung Jae មុនពេលអ្នកចម្រៀង Ahn Da Eun, Kim Kyu Nyeon និង Mo Soo Jin បានចូលរួមក្នុងក្រុម ៕

Most Popular

To Top