អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Eleisha Skinner បានឈ្នះពានរង្វាន់ Miss Faversham នៅស្រុកកំណើត របស់នាងកាលឆ្នាំ ២០២២ ហើយត្រូវបានគេស្គាល់យ៉ាងច្បាស់នៅសហគមន៍ក្នុងតំបន់ កាលថ្ងៃទី ៧ ខែកុម្ភៈ ក្រុមគ្រួសារ មិត្តភក្តិ និងប្រជាជនរាប់រយនាក់ ក្នុងតំបន់របស់នាងបានចូលរួមពិធីបុណ្យសព នៅព្រះវិហារ St Mary of Charity។
មនុស្សជាង ២០០ នាក់ បានចូលរួមពិធីបុណ្យសពរបស់នាងនៅក្រុង Faversham។ នាងត្រូវបានគេពិពណ៌នាថា ស្រស់ស្អាត ចិត្តល្អ និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ មឈូសរបស់នាងត្រូវបានដឹកដោយសេះ និងរទេះឆ្លងកាត់សាលាចាស់របស់នាងគឺ The Abbey តាមបណ្តោយផ្លូវ East Street មុនពេលទៅដល់ព្រះវិហារ។
ពិធីបុណ្យសពបានធ្វើតាមពិធីប្រពៃណី ដោយអ្នកកាន់ទុក្ខត្រូវបានស្នើសុំឱ្យពាក់ក្រវ៉ាត់កពណ៌ផ្កាឈូក ដែលជាពណ៌ដែលនាងចូលចិត្ត នេះបើយោងតាមសារព័ត៌មានក្នុងស្រុក KentOnline។
ក្រុមគ្រួសាររបស់នាងបាននិយាយថា នាង Eleisha Skinner ពីមុនជាសិស្សពូកែម្នាក់នៅ Faversham ហើយបានចូលរួមក្នុងសកម្មភាពសាលារៀន និងសកម្មភាពស្ម័គ្រចិត្ត។ ពួកគេមានការភ្ញាក់ផ្អើលនៅពេលដែលនាងសម្រេចចិត្តចូលរួមក្នុង Miss Faversham ដំបូងឡើយ ប៉ុន្តែក្រោយមកមានអារម្មណ៍ថា វាសមនឹងបុគ្គលិកលក្ខណៈរបស់នាង។ បន្ទាប់ពីឈ្នះពានរង្វាន់នេះ នាងបានរៃអង្គាសប្រាក់សម្រាប់អង្គការក្នុងស្រុក និងចូលរួមព្រឹត្តិការណ៍សហគមន៍។
ការស៊ើបអង្កេតលើការស្លាប់របស់នាងត្រូវបានបើកនៅតុលាការ Beaconsfield Coroner’s Court។ សវនាការពេញលេញមួយត្រូវបានគ្រោងធ្វើនៅថ្ងៃទី ២៣ ខែមិថុនា៕
