កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ស្ត្រីជនជាតិកូរ៉េ ដ៏ស្រស់ស្អាតអាយុ ២១ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពីបទបង្ករបួសស្នាម ដែលបានសម្លាប់បុរស ២នាក់ និងធ្វើឲ្យបុរសទី ៣ រងរបួស ហើយការចោទប្រកាន់របស់នាង ត្រូវបានក្លាយជា ឃាតកម្មទៅវិញ ខណៈមនុស្សមួយចំនួនកំពុងការពារ ឃាតករម្នាក់ ដោយសារតែនាងមានសម្រស់ស្រស់ស្អាតដូចតារាម៉ូដែល។
យោងតាមប៉ូលីស បាននិយាយថា ការប៉ុនប៉ងឃាតកម្មលើកដំបូង របស់ជនសង្ស័យ បានកើតឡើងកាលពីខែធ្នូឆ្នាំមុន នៅពេលនាងបានឲ្យមិត្តប្រុស របស់នាងផឹកភេសជ្ជៈមានផ្ទុកថ្នាំងងុយគេង ដែលមានផ្ទុកសារធាតុ benzodiazepines ជាថ្នាំញៀនប្រភេទមួយជួយបន្ថយភាពតានតឹងផ្លូវចិត្ត នៅចំណតរថយន្ត នៃហាងកាហ្វេមួយក្នុងទីក្រុង Namyangju ខេត្ត Gyeonggi។ នេះបានបណ្តាលឲ្យគាត់បាត់បង់ស្មារតី ប៉ុន្តែគាត់បានរួចជីវិត។
យោងតាមប៉ូលីស បន្តថា នៅថ្ងៃទី ២៨ ខែមករា ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណ ដោយនាមត្រកូលរបស់នាងថា នាង Kim បានឲ្យបុរសម្នាក់អាយុ ២០ ឆ្នាំផឹកស្រា ដែលបណ្តាលឲ្យគាត់ស្លាប់។ គាត់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់ម៉ូតែលរបស់ពួកគេស្ថិតនៅទីតាំង Suyu-dong ស្រុក Gangbuk នៅថ្ងៃបន្ទាប់។ ភេសជ្ជៈដែលឲ្យជនរងគ្រោះឃាតកម្មមានផ្ទុកនូវកម្រិតថ្នាំខ្ពស់ជាង ដែលនាង Kim បានឲ្យមិត្តប្រុសរបស់នាង។
នៅថ្ងៃទី ៩ ខែកុម្ភៈ គីមបានស្នាក់នៅក្នុងម៉ូតែលមួយផ្សេងទៀតនៅ Gangbuk ជាមួយបុរសម្នាក់អាយុ ២០ ឆ្នាំ ហើយគាត់បានស្លាប់ បន្ទាប់ពីទទួលទាន ភេសជ្ជៈដែលនាងបានឲ្យគាត់។ បន្ទាប់ពីការចាប់ខ្លួននាង Kim ប៉ូលីសទីក្រុងសេអ៊ូល បានរកឃើញ ព័ត៌មានលម្អិតគួរឲ្យព្រួយ បារម្ភអំពីព្រឹត្តិការណ៍ ដែលនាំទៅដល់ការ ស្លាប់របស់ជនរងគ្រោះ។ ការវិភាគលើទូរស័ព្ទរបស់លោក Kim បានបង្ហាញថា នាងបានប្រើ ChatGPT ម្តងហើយម្តងទៀតអំពីការលាយគ្រឿងស្រវឹងជាមួយថ្នាំងងុយគេង៕
