កូរ៉េខាងត្បូង ៖ អតីតសមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង 4Minute គឺនាង Nam Ji Hyun បានបង្ហើបថា នាងបានប្រឈមមុខ នឹងការរំលោភបំពានពាក្យសម្ដី ខណៈពេលកំពុងថតរឿង K-Drama ដំបូងរបស់នាង យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo ។
ការបង្ហាញខ្លួនថ្មីៗនេះនៅលើឆានែលបណ្តាញសង្គម YouTube Hwang Bora Boraiety នាង Nam បានចែករម្លែកបទពិសោធន៍ដ៏ គួរឲ្យភ្ញាក់ផ្អើលដែលធ្វើឲ្យនាង អាម៉ាស់មុខនៅលើឈុត។
នាង Nam បានពន្យល់ថា អ្នកដឹកនាំរឿងម្នាក់បានហៅនាងថា ជា “ស្រីអាក្រក់” ហើយបានបញ្ជាឲ្យនាងឈរនៅមុខកាមេរ៉ា ទោះបីជាមានពាក្យសម្ដីអាក្រក់ក៏ដោយ នាងបានព្យាយាមឆ្លើយតបជាវិជ្ជមាន និងរក្សាភាពស្ងប់ស្ងាត់របស់នាងដដែល។ ក្រោយមក នាងបានបង្ហាញថា អ្នកដឹកនាំរឿងបានសុំទោស បន្ទាប់ពីដឹងថានាងជាសមាជិកក្រុម 4Minute ដោយពន្យល់ថា គាត់បានសន្មត់ថានាងជាតារាសម្តែងថ្មីថ្មោង។
ពិធីករ Hwang Bora បានសម្តែងការមិនជឿ ចំពោះបទពិសោធន៍របស់នាង Nam ដោយកត់សម្គាល់ថា អាកប្បកិរិយាបែបនេះ នឹងមិនអាចទទួលយកបាននៅថ្ងៃនេះ ។ ប្រសិនបើរឿងនោះ កើតឡើងឥឡូវនេះ វានឹងក្លាយជាបញ្ហាដ៏ធំមួយ ។ អ្នកពិតជាអស្ចារ្យណាស់ សម្រាប់ការដោះស្រាយរឿង នោះនៅពេលនោះ លោក Hwang បានសរសើរអតីតតារារូបនេះ៕
