អាមេរិក ៖ នេះបើយោងតាមឯកសារផ្លូវច្បាប់ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា តារាចម្រៀងប៉ុបអាមេរិក នាង Britney Spears ត្រូវបានដោះលែងពីការឃុំខ្លួនរបស់ប៉ូលីស នៅព្រឹកថ្ងៃទី៥ ខែមីនា បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទសង្ស័យបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនៅជិតទីក្រុង Los Angeles យោងតាមការចេញផ្សាយ ពីគេហទំព័រ channelnewsasia ។
នេះបើយោងតាមសារព័ត៌មានកម្សាន្តជាច្រើន បាននិយាយដោយដកស្រង់ប្រភពពីប៉ូលីសថា តារាចម្រៀងវ័យ ៤៤ ឆ្នាំរូបនេះត្រូវបានចាប់ខ្លួននៅយប់ថ្ងៃពុធ និងត្រូវបានឃុំខ្លួនដោយនាយកដ្ឋាននគរបាល Ventura County ពីបទសង្ស័យបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។
កំណត់ត្រារបស់នាយកដ្ឋាននគរបាលបានបង្ហាញថា នាង Spears ត្រូវបានដោះលែងនៅម៉ោង ៦:០៧ ព្រឹក ម៉ោងក្នុងស្រុក ហើយការបង្ហាញខ្លួននៅតុលាការត្រូវបានកំណត់នៅថ្ងៃទី ៤ ខែឧសភា។
អ្នកតំណាងរបស់ Spears បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Deadline ថា នេះគឺជាឧប្បត្តិហេតុដ៏អកុសលមួយ ដែលមិនអាចអត់ឱនបានទាំងស្រុង។ នាង Britney នឹងចាត់វិធានការត្រឹមត្រូវ និងអនុវត្តតាមច្បាប់។ សង្ឃឹមថានេះអាចជាជំហានដំបូងក្នុងការផ្លាស់ប្តូរ ដែលហួសពេលយូរដែលត្រូវកើតឡើងក្នុងជីវិតរបស់នាង Britney៕
