កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreatimes បានប្រាប់ឲ្យដឹងថា តារាសម្ដែងនាង Lee Sora ដែលត្រូវបានទស្សនិកជន ស្គាល់នាង ដោយសារការបង្ហាញខ្លួនរបស់នាងក្នុងកម្មវិធីណាត់ជួប “Love After Divorce 3” បានទាក់ទាញចំណាប់អារម្មណ៍តាមអ៊ីនធើណេត បន្ទាប់ពីពិភាក្សា ដោយស្មោះត្រង់អំពីការវះកាត់កែសម្ផស្ស និងដំបូន្មានទំនាក់ទំនង របស់នាងជាមួយអ្នកគាំទ្រ។
ថ្មីៗនេះ នាង Lee Sora បានធ្វើអន្តរកម្មជាមួយអ្នកតាមដានតាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង ដោយឆ្លើយសំណួរអំពីជីវិត និងទំនាក់ទំនងរបស់នាង។ ពីមុននាងធ្លាប់បើកចំហអំពីការវះកាត់កែសម្ផស្ស រួមទាំងការវះកាត់សុដន់ និងច្រមុះ។
នៅពេលអ្នកតាមដានម្នាក់ សួរអំពីការវះកាត់សុដន់របស់នាង Lee បាននិយាយថា ការវះកាត់នេះមានតម្លៃ ១០ លានវ៉ុន (៧៣០០ ដុល្លារ) ហើយការចំណាយត្រូវបានបង់ ដោយម្តាយរបស់នាង ។ បានបន្តថា វាមានតម្លៃ ១០ លានវ៉ុន ហើយ ម៉ាក់ខ្ញុំបានចេញថ្លៃវា។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំអាចចំណាយលុយលើអ្វី ដែលខ្ញុំត្រូវការ ឬប្រើវាសម្រាប់ការវះកាត់សុដន់។
នាង Lee ក៏បានឆ្លើយសំណួរអំពីទំនាក់ទំនងរបស់នាងជាមួយលោក Choi Dong-hwan ជាដៃគូរបស់នាងពីកម្មវិធី។ នៅពេលសួរអំពីអាថ៌កំបាំង នៃការរក្សាទំនាក់ទំនងរយៈពេលវែង នាងបាននិយាយថា ការគោរពគ្នាទៅវិញទៅមក ចំពោះកន្លែងផ្ទាល់ខ្លួនដើរតួនាទីយ៉ាងសំខាន់៕
