ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា អ្នកជួយសង្គ្រោះម្នាក់បានសារភាពថា បានរំលោភបំពានផ្លូវភេទ និងថតវីដេអូតារាសម្តែងស្រីជនជាតិថៃ នាង Christine Gulasatree Michalsky ខណៈពេលដែលនាងមិនស្រួលខ្លួននៅខុនដូមួយកន្លែងក្នុងសង្កាត់ Khlong Tan សង្កាត់ Wattana ទីក្រុងបាងកក កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា។
នាង Christine បានទៅប៉ុស្តិ៍ប៉ូលីស Khlong Tan កាលពីម្សិលមិញ ទី០១ ខែមេសា ដើម្បីផ្តល់សេចក្តីថ្លែងការណ៍របស់នាង។ នាងបានចំណាយពេលជាង ៤ ម៉ោងត្រូវបានសួរចម្លើយ មុនពេលនិយាយជាមួយអ្នកយកព័ត៌មាន។
តារាសម្តែងរូបនេះបាននិយាយថា នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺធ្លាក់ទឹកចិត្ត និងរោគសញ្ញាភ័យស្លន់ស្លោ ហើយកំពុងលេបថ្នាំជារៀងរាល់ថ្ងៃ។ នៅថ្ងៃកើតហេតុ បន្ថែមពីលើថ្នាំធម្មតារបស់នាង នាងបានលេបថ្នាំប្រឆាំងអ៊ីស្តាមីន ហើយបានលេបថ្នាំជ្រុលកម្រិត។
នាង Christine បានបញ្ជាក់ថា នាងបានសុំឲ្យមិត្តភក្តិម្នាក់ទូរសព្ទសុំជំនួយសង្គ្រោះបន្ទាន់ ហើយជនសង្ស័យ ដែលក្រោយមកត្រូវបានគេស្គាល់ថា ជា លោក Nikorn អាយុ ៣៤ ឆ្នាំ បានមកដល់ខុនដូតែម្នាក់ឯង។
យោងតាមនាង Christine បានប្រាប់ថា លោក Nikorn បានវាយប្រហារនាង នៅពេលអ្នកយាមសន្តិសុខម្នាក់មិននៅ ហើយនាងជឿថា គាត់បានថតរូបនាងពេលនាងអាក្រាតកាយ។ នាងមានការភ័យខ្លាច និងមិនអាចការពារខ្លួនឯងបានទេ ដោយសារស្ថានភាពរបស់នាង។ នាងបានទទូចថា នាងមិនបានបាត់បង់ស្មារតីអំឡុងពេលវាយប្រហារនោះទេ ហើយថាអ្នកជួយសង្គ្រោះបានដឹងយ៉ាងច្បាស់អំពីចេតនារបស់គាត់។
លោក Nikorn ត្រូវបានកោះហៅមកសាកសួរនៅថ្ងៃទី ១ ខែមេសា ហើយដំបូងឡើយបានបដិសេធការចោទប្រកាន់ទាំងនោះ។ គាត់បានប្រាប់ប៉ូលីសថា គាត់គ្រាន់តែធ្វើ CPR និងបានថតរូបថ្នាំដែលនាង Christine បានលេបដើម្បីចែករម្លែកជាមួយបុគ្គលិកពេទ្យ។
ប៉ូលីសបានពិនិត្យមើលវីដេអូ CCTV ពីច្រកចូលខុនដូ និងសាលធំ ហើយបានពិនិត្យសម្លៀកបំពាក់ដែលនាង Christine ស្លៀកនៅថ្ងៃនោះ។ ដោយមានភស្តុតាង តុលាការក្រោយមកបានចេញដីកាចាប់ខ្លួនលោក Nikorn ហើយគាត់ត្រូវបានឃុំខ្លួននៅយប់ថ្ងៃទី ១ ខែមេសា៕
