ភ្នំពេញ៖ ក្នុងជំនួបរវាងគណៈគ្រប់គ្រងសាលា នៃសាលាអន្តរជាតិ ខេស៊ីអ៊ី កម្ពុជា និងអ្នកអាណាព្យាបាលសិស្ស ដើម្បីស្តាប់នូវវឌ្ឍនភាព របស់សិស្សានុសិស្ស និងស្តាប់យោបល់របស់អ្នកអាណាព្យាបាលសិស្ស កាលពីពេលថ្មីៗនេះ អាណាព្យាបាលជាច្រើននាក់ បានលើកឡើងនូវមតិស្រដៀងគ្នាថា ក្រោយបញ្ចូលកូនៗរបស់ពួកគេ មកទទួលការអប់រំ នៅសាលាអន្តរជាតិ ខេស៊ីអ៊ី កម្ពុជា អស់មួយរយៈមកនេះ កូនៗរបស់ពួកគាត់ទទួលបានភាពរីកចម្រើនច្រើនទាំងការសិក្សា វិន័យ ការសប្បាយរីករាយ និងភាពក្លាហាន ដែលនេះជាអ្វីដែល គ្រប់អ្នកអាណាព្យាបាល បានគត់សម្គាល់តាមរយៈ ការរស់នៅប្រចាំថ្ងៃរបស់ក្មេងៗ ។
ក្រោយពីទទួលស្តាប់ពីមតិ យោបល់ទាំងអស់នេះហើយ ថ្នាក់ដឹកនាំ នៃសាលាអន្តរជាតិ ខេស៊ីអ៊ី កម្ពុជា បានទទួលយក នូវសំណូមពរបន្ថែម ក្នុងការចូលរួមអភិវឌ្ឍក្មេងៗ ដែលដើរតួរជាអាណាព្យាបាលទីពីរ ធ្វើយ៉ាងណា ផ្តល់ការអប់រំ វិន័យ ការសប្បាយរីករាយ និងភាពក្លាហានដល់ក្មេងៗ ឲ្យកាន់តែមានប្រសិទ្ធិភាព ។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំ នៃសាលាអន្តរជាតិ ខេស៊ីអ៊ី កម្ពុជា ក៏បានថ្លែងអំណរគុណ ចំពោះអាណាព្យាបាលគ្រប់រូប ដែលជ្រើសរើស និងជឿជាក់មកលើប្រព័ន្ធសិក្សាបែបទំនើប របស់សាលា ក្នុងការបណ្តុះបណ្តាលក្មេងៗ ឲ្យរីកចម្រើនកាន់តែរហ័ស និងសក្តិសមជាទំពាំងស្នងឬស្សី សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិផងដែរ ។
សូមរំលឹកថា តាមការបញ្ជាក់ពីអ្នកស្រី ឡា សុភៈ ជានាយិកា នៃសាលាអន្តរជាតិ ខេ ស៊ី អ៊ី កម្ពុជា ធ្លាប់ឲ្យដឹងថា សាលាបានផ្ដល់ជូន នូវកម្មវិធីសិក្សាអន្តរជាតិ ដែលមានបីភាសា ក្នុងកម្មវិធីតែមួយ ដែលមានភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដើម្បីឆ្លើយតបទៅនឹង វឌ្ឍនភាព នៃបរិបទសង្គម ក៏ដូចជាពិភពលោកទាំងមូល៕