ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សហការជាមួយក្រសួងអប់រំ យុវជន និង កីឡា និង សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានក្លាយជាម្ចាស់ឧបត្ថម្ភធំសម្រាប់ការប្រកួតប៉េតង់ពិភពលោក យុវជន និង ស្រ្តីលើកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ដល់ ថ្ងៃ ទី២៣ ខែវិច្ឆិកានេះ នៅ ស្ថាតអូឡាំពិក ត្រង់ទីលានកីឡាប៊ូល និង ប៉េតង់។
តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ លោកស្រី គង់ កុសល បានឱ្យដឹងថា៖ « ស្របពេលដែលកម្ពុជាទទួលបានសិទ្ធិក្លាយជាម្ចាស់ផ្ទះការប្រកួតលំដាប់ថ្នាក់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ពិតជាមិនអាចខកខានក្នុងការផ្តល់នូវជំនួយឧបត្ថម្ភដើម្បីលើកស្ទួយ មុខមាត់ជាតិយើងឡើយ»។
គួរជម្រាបថា ការប្រកួតប៉េតង់ពិភពលោក យុវជន និង ស្រ្តីលើកទី១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងបើកទ្វារ ស្វាគមន៍កីឡាករកីឡាការិនីពី៤៩ប្រទេសផ្សេងៗគ្នា។ ក្រុមយុវជននឹងប្រកួតលើវិញ្ញាសា ពីរគឺ វាយយកពិន្ទុ និង វាយ៣ទល់៣ ។ ចំណែកស្រ្តីក៏នឹងប្រកួតលើពីរវិញ្ញាដូចគ្នាគឺ វាយយកពិន្ទុ និង វាយ៣ទល់៣។
លៀតក្នុងឱកាសនេះ លោកស្រី គង់ កុសល ក៏បានស្នើ ឱ្យអ្នកស្នេហាវិស័យកីឡា សូមចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់អត្តពលិកខ្មែរ ដើម្បីបង្ហាញពីស្មារតីខ្មែរស្រលាញ់ខ្មែរនៅទីតាំង និងកាលបរិច្ឆេទខាងលើឱ្យបានច្រើនកុះករ។ សំបុត្រចូលរួមទស្សនា តម្លៃត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ។ ការប្រកួតចាប់ផ្តើមពីម៉ោង ៨:០០ នាទីព្រឹកតទៅ៕