Event

អ៊ីនធឺណិត ជាគន្លឹះ សម្រេចក្តីសុបិន្ត វិស័យធនាគារ

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលកំពុងកើតឡើង ក្នុងរាជធានីភ្នំពេញនាពេលនេះ គឺសន្និសីទធនាគារអាស៊ានលើកទី ២២ ដែលប្រពឹត្តិទៅពីថ្ងៃទី ២៥ដល់២៧ ខែតុលា ឆ្នាំ២០១៩។ នេះគឺជាលើកទី១ហើយ ដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទធនាគារអាស៊ាន ដែលគេដាក់វេនគ្នារៀបចំ តាមបណ្តាប្រទេសសមាជិកអាស៊ានរៀងរាល់ ២ឆ្នាំម្តង។

ដោយមានប្រតិភូប្រមាណ ៥៥០នាក់ មកពីតំបន់អាស៊ាន ក៏ដូចជាប្រតិភូនិងអ្នកចូលរួមកម្ពុជា ជាច្រើននាក់ទៀត សន្និសីទធនាគារអាស៊ាន លើកទី២២ ពិភាក្សាលើប្រធានបទ “ការតភ្ជាប់អាស៊ាន ២០២៥ ពិភពឌីជីថលទំនើបសម្រាប់វិស័យធនាគារអាស៊ានតែមួយ” ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងសារសំខាន់នៃបច្ចេកវិទ្យាឌីជីថល និងការតភ្ជាប់គ្នាតាមរយៈសេវាអ៊ីនធឺណិត ក្នុងវិស័យធនាគារ។

ក្នុងសុន្ទរកថាស្វាគមន៍ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថាប្រតិភូទាំងអស់ នឹងមានឱកាស ស្វែងយល់ ក៏ដូចជាចែករំលែកបទពិសោធន៍ នឹងគ្នាទៅវិញទៅមក ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រតិបត្តិការធនាគារ សំដៅបំពេញតម្រូវការ កើនឡើងរបស់អតិថិជន ព្រមទាំង ពង្រឹងប្រសិទ្ធភាពនិងតម្លាភាព នៃប្រតិបត្តិការធនាគារ”។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារ នៅកម្ពុជា និងជានាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ក៏បានលើកឡើងពីសារសំខាន់ នៃការបញ្ចូល បច្ចេកវិទ្យាឌីជីថល ទៅក្នុងប្រតិបត្តិការរបស់ធនាគារផងដែរ ដោយមានប្រសាសន៍ថា “ការបំលែងទៅឌីជីថល (digital transformation) គឺលើសពីគ្រាន់តែផ្លាស់ប្តូរប្រតិបត្តិការ ធនាគារពីបែបចាស់ ទៅជាបែបឌីជីថល។ វាជាការផ្លាស់ប្តូរដ៏ធំមួយ ទៅលើរបៀបដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ស្វែងយល់ អំពីអន្តរកម្ម និងបំពេញតម្រូវការរបស់អតិថិជន”។

លោកស្រី Yuni Lee Heathcote នាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM ក៏ជាអ្នកចូលរួមមួយ រូបក្នុងសន្និសីទធនាគារអាស៊ានផងដែរ ហើយលោកស្រី មើលឃើញថា អ៊ីនធឺណិតដើរតួនាទីសំខាន់ជាហេដ្ឋារចនាសម្ព័ន្ធ ឌីជីចល ដែលគាំទ្រដល់វិស័យធនាគារ ខណៈវិស័យនេះកំពុងធ្វើការការបំលែង ទៅឌីជីថលយ៉ាងដូច្នេះ។

លោកស្រីបាននិយាយថា “វិស័យធនាគារកំពុង ឆ្លងកាត់ការបំលែង ទៅឌីជីថលយ៉ាងខ្លាំងក្លា តួយ៉ាងដូចជាការបញ្ចូល និងប្រើប្រាស់ នូវបច្ចេកវិទ្យា fintech និង blockchains ដើម្បីរក្សាភាព ឈានមុខ នៅក្នុងទីផ្សារ របស់ខ្លួន។ ក្រុមហ៊ុន EZECOM មានមោទនភាព ដែលបាន ទទួលការទុកចិត្ត និងគាំទ្រថា ជាសេវាអ៊ីនធឺណិតល្អ ជាងគេ សម្រាប់សហគ្រាស និងក្រុមហ៊ុនអាជីវកម្ម។ យើងក៏កំពុងឆ្លង កាត់ការបំលែង ទៅឌីជីថល នៅក្នុងក្រុមហ៊ុន របស់យើងដែរ ដើម្បីធានាថា យើងបន្តផ្តល់សេវាកម្ម ឈានមុខគេ និងហួសពីការរំពឹងទុក សម្រាប់អតិថិជន កម្រិត សហគ្រាសរបស់យើង”។

តាំងពីឆ្នាំ២០០៧មក EZECOM គឺជាក្រុមហ៊ុនអ៊ីនធឺណិត ឈានមុខគេសម្រាប់ក្រុមហ៊ុន និងសហគ្រាសនៅកម្ពុជា ហើយក្រុមហ៊ុន ក៏ជាអ្នក ឧបត្ថម្ភមួយក្នុង សន្និសីទធនាគារអាស៊ាន លើកទី ២២ ផងដែរ។ ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន EZECOM បានសម្ពោធខ្សែកាបក្រោម បាតសមុទ្រដំបូងគេបង្អស់ របស់កម្ពុជា ដើម្បីបង្កើន ទំហំចែកចាយអ៊ីនធឺណិត ក៏ដូចជាធ្វើឱ្យសេវា អ៊ីនធឺណិត របស់ខ្លួនមានល្បឿនលឿន មិនរអាក់រអួល និងមានសន្តិសុខខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការ ចំពោះសេវាអ៊ីនធឺណិត ដែលមានគុណភាពខ្ពស់ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕

Most Popular

To Top