Event

ណាហ្គាវើលដ៍ បេះដូងសប្បុរស “ឈ្នះពានរង្វាន់អន្តរជាតិ Stevie®Awards” ២គ្រឿងសម្រាប់គំនិត ផ្តួចផ្តើម ការងារទំនួលខុសត្រូវ សង្គមនៅកម្ពុជា

ភ្នំពេញ៖ដោយផ្នែកការងារ ទំនួលខុសត្រូវសង្គមរបស់ ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” ដែលមានការចូលរួម និងការឧបត្ថម្ភយូរអង្វែង ដើម្បីជួយកសាងប្រទេសកម្ពុជា កាលពីពេលថ្មីៗ នេះត្រូវបានទទួលស្គាល់ស្នាដៃ និងទទួលបានពានរង្វាន់ អន្តរជាតិចំនួន២គ្រឿង គឺជាពានរង្វាន់ Stevie® Awards ដ៏ល្បីល្បាញដែលពិធីប្រគល់ ពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៦ នេះត្រូវបានធ្វើឡើងក្នុង ទីក្រុងវីណាប្រទេសអូទ្រីស។

ត្រូវបានចាត់ទុកជាពានរង្វាន់លំដាប់ ពិភពលោក ដែលមានតម្លៃស្មើ នឹងពានរង្វាន់ Oscars ឬ Emmys ក្នុងវិស័យ ធុរកិច្ច និងសង្គម ពានរង្វាន់ទាំងពីរនេះត្រូវបាន ប្រគល់ជូនក្រុមហ៊ុនដែលមានការងារ ទំនួលខុសត្រូវ សង្គមឆ្នើមប្រចាំឆ្នាំប្រចាំទ្វីបអាស៊ី ប្រទេសអូស្ត្រាលី និងប្រទេសណូវ៉ែលហ្សេឡង់។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “ណាហ្គាវើលដ៍ បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងផ្តល់ ត្រឡប់ទៅវិញដល់ សហគមន៍ និងបរិស្ថានក្នុង ប្រទេសកម្ពុជា។ យើងមានការប្តេជ្ញាចិត្តយូរអង្វែង ក្នុងការជួយកសាងប្រទេសកម្ពុជា។ ការឈ្នះពានរង្វាន់ Stevie® Awards នេះ គឺជាស្នាដៃ និងប្រវត្តិ សាស្ត្រមួយទៀត របស់យើងបន្ទាប់ពីយើង បានឈ្នះពានរង្វាន់ការងារទំនួលខុសត្រូវ សង្គម សកល “Global CSR Awards” ក្នុងប្រទេសម៉ាឡេស៊ី និងពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវ សង្គមខ្ពស់ប្រចាំទ្វីបអាស៊ី “Asia Responsible Enterprise Awards (AREA)” នៅតៃវ៉ាន់”។

លោក Pern Chen បានបន្ថែមថា “យើងជឿជាក់ថា បុគ្គលិករបស់យើងអាចធ្វើឲ្យមាន ការផ្លាស់ប្តូរដោយពួកគេបាន ចំណាយពេលវេលា រួមនឹងកម្លាំងកាយចិត្ត ដើម្បីធ្វើឲ្យសហគមន៍ ដែលយើងរស់នៅមានភាពប្រសើរជាងមុន។ ទឹកចិត្តសប្បុរសរបស់ ពួកគេ បានបង្ហាញពីការស្រឡាញ់ប្រទេសរបស់ពួកគេ”។ ណាហ្គាវើលដ៍បេះដូង សប្បុរស បានឈ្នះពានរង្វាន់ Stevie® Award ប្រាក់ចំពោះ “កិច្ចជួយកសាងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនណាហ្គាវើលដ៍”។ កិច្ចប្រឹងប្រែងដើម្បីជួយលើក កម្ពស់ វិស័យអប់រំ ការផ្សារភ្ជាប់ ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារ បរិស្ថានរបស់ណាហ្គាវើលដ៍ បេះដូងសប្បុរស បានធ្វើឲ្យមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ នៅក្នុងសហគមន៍ ទូទាំងប្រទេសកម្ពុជា ។
ស្នាដៃសំខាន់ៗ កាលពីពេលថ្មីនេះរបស់ ណាហ្គាវើលដ៍បេះដូងសប្បុរស រួមមាន ៖
• ឧបត្ថម្ភសម្ភារសិក្សាដល់កុមារ ដែលមាន ជីវភាពខ្វះខាត ១១.៤០០ នាក់នៅតាមសាលារៀនជាង ៤០ ដើម្បីជួយឲ្យពួកគេស្វែងរក និងបញ្ចប់ការសិក្សា ព្រមទាំងបង្កើនបរិយាកាសសិក្សាប្រសើរ ជាងមុនតាមរយៈការជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀន។
• បង្កើតសិក្ខាសាលាដើម្បីលើកកម្ពស់ ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យដល់ សិស្សានុសិស្សប្រមាណ ១.៣៥០ នាក់នៅ ១១ សាលារៀន។
• ឧបត្ថម្ភគាំទ្រដល់អង្គការ GoGo Cambodia ដើម្បីទទួលបានឯតទគ្គកម្មហ្គីណេសពិភពលោក ដោយបានជួយត្បាញក្រមាប្រវែង ១.១៤៩,៨ ម៉ែត្រដែលវែងជាងគេ ក្នុងពិភពលោក។
• សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ដោយឧបត្ថម្ភសម្រាប់កីឡាកម្រិតមូលដ្ឋាន និងថ្នាក់ជាតិ និងជួយអត្តពលិកកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ កីឡាអន្តរជាតិ ដូចជា ព្រឹត្តិការណ៍កីឡាអូឡាំពិក ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី និងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ ព្រមទាំងផ្តល់រង្វាន់ដល់អត្តពលិកដែល បានយកមេដាយមកជូនជាតិ។
• លុបបំបាត់បំពង់បឺតប្លាស្ទិកដែលប្រើម្តង ចោលពីក្រុមហ៊ុនដែលជួយលុបបំបាត់ ការប្រើប្រាស់បំពង់ បឺតប្លាស្ទិកប្រមាណ ៤ លានដើមក្នុងមួយឆ្នាំ។
• លើកកម្ពស់ការយល់ដឹងអំពី បរិស្ថាន ៣R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) និងការគ្រប់គ្រង សំរាម។
• ដាំកូនឈើ ១.០០០ ដើមនៅតាមទីធ្លាសាលារៀន ទូទាំងប្រទេសកម្ពុជា និងផ្តល់សិក្ខាសាលាដល់សិស្សានុសិស្ស ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានដោយសហការ ជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

ក្នុងពេលដំណាលគ្នានេះដែរ ណាហ្គាវើល ដ៍ក៏បានឈ្នះពានរង្វាន់ Stevie® Award សំរឹទ្ធិផងដែរចំពោះកិច្ចជួយអភិវឌ្ឍយុវជន និងកីឡានៅកម្ពុជាតាមរយៈកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ ក្នុងខេត្តកំពង់ស្ពឺ។ គម្រោងរយៈពេល ២ ឆ្នាំនេះ មានគ្រូកីឡា ១២០ នាក់មកពី ៩៤ សាលារៀនទូទាំង ខេត្តកំពង់ស្ពឺ បានទទួលការបណ្តុះបណ្តាល ជំនាញបង្ហាត់កីឡាបាល់ទាត់អាជីព និងទទួលបានការឧបត្ថម្ភសម្ភារ កីឡាដើម្បីសិស្សានុសិស្សយក ទៅហ្វឹកហាត់នៅតាមសាលារៀន របស់ពួកគេផងដែរ។ កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់នេះ បានផ្តល់ប្រយោជន៍ដល់សិស្សានុសិស្ស ជាង ១៨.៥០០ នាក់ ខណៈមានការរៀបចំការប្រកួតបាល់ទាត់ យ៉ាងទៀងទាត់ផងដែរដើម្បីបង្កើនជំនាញ លេងបាល់ទាត់ និងស្វែងរកយុវជន ឆ្នើមដើម្បីចូលក្រុមជម្រើសជាតិ កម្ពុជា។

សូមបញ្ជាក់ផងដែរថា អង្គភាពជាច្រើនមកពី ៧៤ ប្រទេសបានដាក់ពាក្យសុំប្រមាណ ៤.០០០ ច្បាប់ ដើម្បីទទួលបានពានរង្វាន់ធុរកិច្ច អន្តរជាតិសម្រាប់ឆ្នាំនេះ ខណៈមាននាយកប្រតិបត្តិ សហគ្រិន ក្រុមហ៊ុន និងសាស្ត្រាចារ្យធុរកិច្ចល្បីៗ លំដាប់ពិភពលោកជាង ២៥០ នាក់ និងក្រុមហ៊ុន បានរួមគ្នាដាក់ពិន្ទុដើម្បីស្វែងរកអង្គភាព ដែលបំពេញគ្រប់ លក្ខខណ្ឌដើម្បីឈ្នះពានរង្វាន់ Stevie® Award ។

កម្មវិធីការងារសង្គម ដែលកំពុងបន្ត និងប្រកបដោយនិរន្តរភាពរបស់ ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើឲ្យជីវិតរបស់កុមារ និងសមាជិកគ្រួសាររបស់ពួកគេប្រមាណ ២០៤.០០០ នាក់បានប្រសើរឡើងមកដល់ បច្ចុប្បន្ន។ ការជួយកសាងប្រទេសជាតិរបស់ ណាហ្គាវើលដ៍បេះដូងសប្បុរស បានទទួលការកត់សម្គាល់យ៉ាងខ្លាំង ពីគណៈកម្មការ រួមមាន “យុទ្ធសាស្ត្រខ្លាំងលើវិស័យសំខាន់ៗ” “គម្រោងដែលមានលក្ខណៈពិសេស សម្រាប់សហគមន៍ទូទាំងប្រទេស” និង “ការស្ម័គ្រចិត្តរបស់បុគ្គលិក ទៅកាន់សហគមន៍”៕



Most Popular

To Top