Event

ទ្រូម៉ាន់នី-អម្រឹត ចាប់ដៃគ្នា ផ្តល់ជម្រើសដ៏ងាយស្រួលដល់អតិថិជន

ភ្នំពេញ ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនឈានមុខគេមួយ លើការបម្រើសេវាកម្មផ្ទេរប្រាក់នៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានចាប់ផ្តើមប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតដែលជាគ្រឹះស្ថានមួយឈានមុខគេ មានបម្រើសេវាកម្មប្រាក់កម្ចី ប្រាក់បញ្ញើ និងសេវាកម្មផ្សេងៗ ប្រកបដោយទំនុកចិត្ត ជូនដល់ប្រជាពលរដ្ឋ ។

តាមរយៈភាពជាដៃគូនេះ ដើម្បីផ្តល់ជម្រើសដ៏ងាយស្រួលដល់អតិថិជនរបស់អម្រឹត ក្នុងការទូទាត់សងកម្ចីតាមរយៈតាមភ្នាក់ងារទ្រូម៉ាន់នីដែលមានជាង ១០០០០ កន្លែង នៅកម្ពុជា ឬតាមរយៈ True Money App ។

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានប្រសាសន៍ថា “ការចុះហត្ថលេខាក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនទ្រូម៉ាន់នីបានឆ្លុះបញ្ចាំងពីកម្លាំងផ្គួបរបស់ក្រុមហ៊ុនទាំងពីរដែលមានអត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរក្នុងការកាត់បន្ថយចំណាយប្រតិបតិ្តការរបស់ខ្លួន និងការផ្តល់សេវារហ័ស ឆ្លើយតបទៅនឹងតំរូវការពិតប្រាកដរបស់អតិថិជន” ។

លោកបន្ដថា ភាពជាដៃគូនេះនឹងធ្វើឲ្យស្ថាប័នទាំងពីរកាន់តែមានភាពរឹងមាំកាន់តែខ្លាំងជាងមុន ពីព្រោះបានផ្តល់ជម្រើស ជាច្រើនដល់អតិថិជនកម្ចីរបស់អម្រឹតឲ្យមានភាពងាយស្រួល ក្នុងការបង់ប្រាក់កម្ចីត្រឡប់មកវិញ ដោយមិនចាំបាច់ទៅដល់ស្នាក់ការអម្រឹត ប៉ុន្តែតាមរយៈភ្នាក់ងារទ្រូម៉ាន់នីនៅជិតអតិថិជនតែប៉ុណ្ណោះ។

ចំណែក លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រក្រុមហ៊ុនទ្រូម៉ាន់នីបានថ្លែងថា “ក្រោមកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូនេះ ខ្ញុំជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សេវាបង់ប្រាក់កម្ចីនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនទាំងអស់ ហើយក៏ជាជម្រើសដ៏ត្រឹមត្រូវមួយសម្រាប់ពួកគាត់ក្នុងការបង់ប្រាក់កម្ចីដែលមានភាពងាយស្រួលចំណេញពេលវេលា ចំណេញថវិកា និងមានសុវត្ថិភាពខ្ពស់”។

លោកស្រីរៀបរាប់ថា អតិថិជនមិនចាំបាច់ចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការធ្វើដំណើរទៅឆ្ងាយពីតំបន់របស់ខ្លួនទៀតឡើយ គឺគ្រាន់តែឆ្ពោះទៅកាន់ភ្នាក់ងារទ្រូម៉ាន់នីយ៉ាងច្រើនកន្លែងក្នុងតំបន់ រួចប្រតិបត្តិការបង់ប្រាក់កម្ចីជាការស្រេច ។ កាន់តែពិសេសនោះ អតិថិជនទាំងអស់អាចធ្វើប្រតិបត្តិការបង់ប្រាក់កម្ចីដោយភាពងាយស្រួល និងដោយខ្លួនឯងផ្ទាល់តាមរយៈកម្មវិធី True Money (True Money App) ។

លោកស្រីបញ្ជាក់ថា ដើម្បីអបអរសាទរដល់កិច្ចសហប្រតិបត្តិការនេះ អតិថិជនអាចបង់ប្រាក់កម្ចីទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ឬ True Money App ជាមួយកម្មវិធីពិសេស ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមរំលឹកថា ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនទំនើបកម្មដែលផ្តល់សេវាទូទាត់ចល័តនៅអាស៊ីអាគ្នេយ៍ដែលនិង កំពុងធ្វើប្រតិបត្តិការចំនួន៦ប្រទេសរួមមានកម្ពុជាផងដែរ។ ក្រុមហ៊ុនមានទស្សនវិស័យច្បាស់លាស់ និងបានក្លាយជាក្រុមហ៊ុនឈានមុខគេមួយក្នុងទីផ្សារកម្ពុជាយ៉ាងឆាប់រហ័ស ជាមួយចំនួនភ្នាក់ងារច្រើនបំផុត ចំនួនអតិថិជនច្រើនជាង២លាននាក់ និងធ្វើប្រតិបត្តិការប្រចាំខែជិត៣លានប្រតិបត្តិការ។

ចំណែក អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនដំបូងគេបង្អស់បង្កើតឡើងឆ្នាំ១៩៩១ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ និងស្របច្បាប់ដំបូងគេបង្អស់ពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០០១ ព្រមទាំងទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជននៅខែមករា ឆ្នាំ២០០៩។ បច្ចុប្បន្ន អម្រឹត មានបុគ្គលិកជាង ៤.០០០ នាក់ ដែលបានបម្រើអតិថិជនជាង៥០០.០០០ នាក់ តាមរយៈការិយាល័យប្រតិបត្តិចំនួន១៥៨ សាខា ទូទាំងកម្ពុជាដែលមានប្រាក់បញ្ញើជាង៥១០លានដុល្លារ សំពៀតឥណទានសរុបប្រមាណ ៩៥៣ លានដុល្លារ និងទ្រព្យសកម្មជាង ១ ១០០ លានដុល្លារ ៕

Most Popular

To Top