Event

ទ្រូម៉ាន់នី និងមូលនិធិ គន្ធបុប្ផា កម្ពុជា ចុះ MoU ស្តីពី ការប្រើប្រាស់ សេវាកម្ម កៀរគរ និងទទួលវិភាគទាន សប្បុរសធម៌ ជូនមូលនិធិគន្ធបុប្ផា កម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខា-ធិការក្រុមប្រឹក្សាជាតិ គាំពារសង្គម និងប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា និងលោក ឈន់ សកល នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) នារសៀលថ្ងៃព្រហស្បតិ៍ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលព័ត៌មាន របស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានអញ្ជើញចូលរួមចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ការប្រើប្រាស់សេវាកម្មកៀរគរ និងទទួលវិភាគទាន សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) និងមូលនិធិគន្ធបុប្ផាកម្ពុជា”។

ក្នុងឱកាសនោះ លោក ឈន់ សកល បានលើកឡើងថាការចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ ជាកិច្ចសហការថ្មីមួយទៀត ក្នុងការផ្ដល់ នូវជម្រើសបន្ថែម ជូនសប្បុរសជន ដែលមានបំណងបរិច្ចាគ ថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យមានលក្ខណៈកាន់តែងាយស្រួល តាមរយៈសេវាផ្ទេរប្រាក់របស់ ក្រុមហ៊ុនទ្រូម៉ាន់នី នៅតាមគ្រប់ភ្នាក់ងារទាំងអស់នៅ ទូទាំងប្រទេស ឬកម្មវិធីទ្រូម៉ាន់នី (TrueMoney App)

លោកបានបន្ថែមថា ដើម្បីអបអរសាទរដល់ កិច្ចសហការនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានផ្ដល់កម្មវិធីពិសេស ជូនសប្បុរសជនទាំងអស់ ដែលបានដំឡើងកម្មវិធីទ្រូម៉ាន់នី (TrueMoney App) រួចដាក់លុយទៅ ក្នុងគណនីនោះ និងធ្វើការបរិច្ចាគ ក្នុងចំនួនណាមួយ ទោះតិចក្ដី ឬច្រើនក្ដី ជូនមូលនិធិគន្ធបុប្ផា កម្ពុជា ក្រុមហ៊ុននឹងរួមចំណែកបរិច្ចាគ បន្ថែមចំនួន ២០០០រៀល ជូនមូលនិធិគន្ធបុប្ផាភ្លាមៗ ដែរ។

លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងអំណរ គុណគណៈគ្រប់គ្រង របស់ក្រុមហ៊ុនទ្រូម៉ាន់នី ចំពោះកិច្ចសហការនេះ និងបានគូសបញ្ជាក់ថា “ការចូលរួមបរិច្ចាគ របស់សប្បុរសជន ទោះតិចក្ដី ឬច្រើនក្ដី ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ពិតជាមានសារសំខាន់ ក្នុងការចូលរួមគាំទ្រ ដល់ការព្យាបាល និងសង្គ្រោះកុមារកម្ពុជា ដើម្បីនាំមកនូវភាព ញញឺមដល់ពួកគេ ដែលជាអនាគត ដ៏ភ្លឺស្វាង របស់ជាតិ”។

សូមជម្រាបជូនថាទ្រូម៉ាន់នី គឺជាក្រុមហ៊ុនទំនើបកម្មដែល ផ្ដល់ដែលផ្តល់ នូវសេវាទូទាត់ចល័តនៅអាស៊ីអាគ្នេយ៍ ដែលបានធ្វើប្រតិបត្តិការ ក្នុងប្រទេសចំនួន ៦ ក្នុងតំបន់ ដែលរួមមានប្រទេសកម្ពុជា ផងដែរ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនទ្រូម៉ាន់នី ក៏បានធ្វើឱ្យអតិថិជន ដែលគណនី នៅធនាគារ អាចប្រើប្រាស់ សេវាហរិញ្ញវត្ថុបានតាមរយៈ TrueMoney App និងភ្នាក់ងារទ្រូម៉ាន់នីទូទាំង ប្រទេស។

ជាមួយនឹងគោលដៅ និងទស្សនៈវិស័យច្បាស់លាស់ យើងបាន ក្លាយជាក្រុមហ៊ុន ឈានមុខមួយនៅក្នុងទីផ្សារកម្ពុជា យ៉ាងឆាប់រហ័ស ជាមួយនឹងចំនួនភ្នាក់ងារ ច្រើនបំផុត ដែលមានអតិថិជនច្រើនជាង ២លាននាក់ និងធ្វើប្រតិបត្តិការ ប្រចាំខែ ជិត៣លានប្រតិបត្តិការ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកភ្នាក់ងារច្រើន ជាងគេកម្ពុជា ហើយក៏មានដៃគូសហការជាច្រើន សម្រាប់ផ្តល់នូវសេវាទូទាត់ ហរិញ្ញវត្ថុ ដែលមានភាពងាយ ស្រួល និងទាន់សម័យ៕

Most Popular

To Top