Event

ហត្ថាកសិករ លីមីតធីត បានរៀបចំ មហាសន្និបាត ប្រចាំឆ្នាំលើកទី ២៣ ក្រោមប្រធានបទ “ឌីជីថលនីយកម្ម”

ខេត្តសៀមរាប​៖ ហត្ថាកសិករ លីមីតធីត  ដែលគេស្គាល់ថា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា​ បានរៀបចំ មហាសន្និបាតប្រចាំឆ្នាំ លើកទី២៣ ក្រោមប្រធានបទ “ឌីជីថលនីយកម្ម”  ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០​ ក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញ ចូលរួមពីតំណាងភាហ៊ុនិក ប្រធានក្រុមប្រឹក្សាភិបាល សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកសរុបប្រមាណ ៤០០នាក់។

មហាសន្និបាតប្រចាំឆ្នាំត្រូវបាន​ប្រារព្ធឡើងក្នុងគោលបំណង អបអរសាទរសមិទ្ធផលដែលសម្រេចបានក្នុង​ឆ្នាំ២០១៩ ​ និង​បង្ហាញពីផែនការយុទ្ធសាស្រ្ត  គោលដៅ ព្រមទាំង​ផែនការសម្រាប់ឆ្នាំ ២០២០។ បន្ថែមពីលើនេះទៀត កម្មវិធីប្រចាំឆ្នាំនេះ ​ក៏មាន​គោលបំណងក្នុង​ការ​ថ្លែង​អំណរ​គុណ​ដល់​បុគ្គលិក​ទាំង​អស់ ​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​បំពេញ ការងារដើម្បី​នាំ​ភាព​រីកចម្រើន និងជោគជ័យ​ដល់​ហត្ថាកសិករ ព្រម​ទាំង​ផ្សាភ្ជាប់ ការតាំង​ចិត្តក្នុង​ការ​សម្រេច​​ផែនការសម្រាប់​​ឆ្នាំថ្មី និងការ​បង្កើត​ ឲ្យមានការ​ជួប​ជុំ​រវាង​បុគ្គលិក ​គ្រប់​ការិយាល័យ​សាខា ដើម្បី​បង្កើត​ទំនាក់ទំនងល្អ និងភាពសប្បាយរីករាយ។

លោក ឧកញ៉ា​ ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា៖ “ឆ្នាំ២០១៩ ​គឺជាឆ្នាំប្រកបដោយ ភាពជោគជ័យបំផុតសម្រាប់ ហត្ថាកសិករទាំងមូល ដោយ​សមតុល្យប្រាក់បញ្ញើសន្សំ ផលប័ត្រឥណទាន និងប្រាក់ចំណូល សរុបប្រចាំឆ្នាំសម្រេចបានលើសផែនការដែល បានកំណត់”។ លោកបានបន្ថែមថា​ “សម្រាប់ឆ្នាំ២០២០នេះ  ហត្ថាកសិករ នឹង​ប្រែមុខមាត់ថ្មី ដែលថ្នាក់ គ្រប់គ្រងគ្រប់ជាន់ថ្នាក់ និងបុគ្គលិកទាំងអស់ ចាំបាច់​ត្រូវត្រៀមខ្លួនរួច​ជា ស្រេចក្នុងការ​ចាប់ យកចំណេះជំនាញបន្ថែមទាក់ទង នឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញនូវតម្រូវការ និងបម្រើដល់អតិថិជន ប្រកបដោយប្រសិទ្ធភាពខ្ពស់”។ នាឱកាសនេះ​ដែរ​លោក​បាន​បង្ហាញ​ នូវ​សមិទ្ធផល ​ដែល​សម្រេចបាន​គិតត្រឹម ​ខែធ្នូ ​ឆ្នាំ២០១៩​ ដែលរួមមាន ​ផលប័ត្រឥណទាន​ សម្រេចបាន ​១,០៥១ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់ បញ្ញើសន្សំ​សរុប​ចំនួន ៥៩៩លានដុល្លារអាមេរិក ប្រាក់ចំណេញ សុទ្ធ ២៨.៩០លានដុល្លារអាមេរិក ហើយជាពិសេសនោះ គឺផលប័ត្រឥណទានស្ថិតក្នុង កម្រិតហានិភ័យ មានអត្រាទាប ត្រឹមតែ​០.៣៧% ប៉ុណ្ណោះ។

លោក Dan Harsono ប្រធានក្រុមប្រឹក្សា ភិបាល ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា “ខ្ញុំសូម​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​គណៈ​គ្រប់គ្រង និងបុគ្គលិកហត្ថាកសិករទាំងអស់ ដែលបានខិតខំប្រឹង​ប្រែងបំពេញការងារ​ ដើម្បី​សម្រេច​បានសមិទ្ធផល​ដ៏ល្អ​ ក្នុងឆ្នាំ ២០១៩”។

លោកបន្តថា “រយៈពេលជាង ៣ឆ្នាំមកហើយ ដែលខ្ញុំបានធ្វើការជាមួយ ហត្ថាកសិករ លីមីតធីត ហើយ​ខ្ញុំនៅ​តែ​មាន​សុទិដ្ឋិនិយមខ្ពស់ ចំពោះហត្ថាកសិករ ដែលសំបូរទៅដោយថ្នាក់គ្រប់គ្រង និងបុគ្គលិកឆ្នើម​​ មានទេពកោសល្យ និងមានសមត្ថភាពខ្ពស់ ដូច្នេះ​​ខ្ញុំជឿជាក់ យ៉ាងមុតមាំថាហត្ថាកសិករនឹងទទួលបានសមិទ្ធផល កាន់តែល្អថែមទៀតក្នុង​ឆ្នាំ២០២០នេះ“។ “គោលដៅចំបងដែលធនាគារក្រុងស្រ៊ី ចូលរួមជាមួយ ហត្ថាកសិករ គឺក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងធ្វើឲ្យហត្ថាកសិករ លីមីតធី​ត ក្លាយជាធនាគាពាណិជ្ជ ដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្នុងពេលខាងមុខនេះ”​ លោកបានបន្ថែម។

លោកSeiichiro Akita ប្រធានអគ្គនាយក ធនាគារក្រុងស្រ៊ីនៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលជាក្រុមហ៊ុន​អាណាព្យាបាលរបស់ ហត្ថាកសិករ លីមីតធីត បានបង្ហាញពី​អារម្មណ៍សប្បាយរីករាយដែល​បាន​ចូល​រួម​ក្នុង​កម្មវិធីនេះ ព្រម​ទាំង​ធ្វើការ​កោត​សរសើរដល់​ក្រុម​ប្រឹក្សាភិបាល និងថ្នាក់​គ្រប់​គ្រង​របស់​ហត្ថាកសិករ ដែល​បានដឹកនាំ​ហត្ថកសិករ​ ឲ្យ​ទទួល​បាន​សមិទ្ធផល​ដ៏ត្រចះត្រចង់។ លោកបានមានប្រសាសន៍ថា “ខ្ញុំសូមអរគុណ​​ដល់សមាជិកក្រុមប្រឹក្សាភិបាលទាំង​អស់ ជាពិសេសលោកឧកញ៉ា ហួត អៀងតុង ដែល​បាន​ដឹកនាំ​ហត្ថាកសិករ ​លីមីតធីត ឲ្យទទួលបានការរីកចម្រើនដូចសព្វថ្ងៃនេះ។ សមិទ្ធផលដ៏ល្អអស្ចារ្យនេះ​ គឺ​ពិតណាស់​កើត​ឡើង​ពីការ​ចូលរួម ការខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្តរបស់អ្នកទាំងអស់គ្នា​”។

លោកបានបន្តថា “MUFG  ដែលជាធនាគារធំជាងគេ​ នៅ​​ប្រទេសជប៉ុន និងធនាគារក្រុងស្រ៊ីនៃព្រះរាជាណាចក្រថៃឡង់មានចក្ខុវិស័យវែងឆ្ងាយ និងការតាំងចិត្តខ្អស់ ក្នុងការចូលរួម​អភិវឌ្ឍ​ ប្រទេស CLMV ដែលរួមមានប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា និងប្រទេសវៀតណាម ជាពិសេសគឺប្រទេសកម្ពុជា និង     ប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយខ្ញុំជឿជាក់ថា ហត្ថាកសិករ នឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុ​មួយ ​ដែលរឹងមាំជាងគេនៅក្នុងប្រទេសកម្ពុជា ជាមួយគ្នានឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ធនាគារក្រុងស្រ៊ី និងMUFG”។

លោកបានបន្ថែម​​ថា​ “កម្មវិធីថ្ងៃនេះ​ផ្តោតសំខាន់ទៅលើ ឌីជីថលនីយកម្ម​ដែលជាផ្នែកមួយ​ដ៏សំខាន់ សម្រាប់​គ្រប់វិស័យនាពេលបច្ចុប្បន្ន​ ហើយយើងគ្រប់គ្នា​ចាំបាច់ត្រូវអភិវឌ្ឍផែ្នកឌីជីថលដើម្បី​ថែរក្សា និងបន្តនូវគុណភាពសេវាកម្មឲ្យកាន់តែល្អប្រសើរ​ ជូនដល់ដល់អតិថិជន”។ “ខ្ញុំពិតជាជឿជាក់ថា​ហត្ថាកសិករ​អាចជម្នះ​ និងបន្តដំណើរទៅ​មុខ​ប្រកប ដោយភាពជោគជ័យកាន់តែខ្លាំងថែមទៀត” លោកបានបន្ថែម។

 ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារ ចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារ ពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារ ធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក៕

Most Popular

To Top