Event

ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំង ជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន សែលកាត

ភ្នំពេញ ថ្ងៃទី ១៣ មីនា ឆ្នាំ ២០២០ ក្នុងថ្ងៃនេះ សែលកាតបានប្រកាស ជាផ្លូវការនូវការទទួល ព្រះនាងតូច នរោត្តម ជេនណា ជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន។

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសចម្រើនព្រះជន្ម គម្រប់ ៨ វស្សា របស់ព្រះនាងតូច ជេនណា ដែលព្រះនាងបានប្រារព្ធ ពិធីអបអរសាទរ ដោយមាន ការអញ្ជើញចូលរួមពីសមាជិកក្រុមហ៊ុនសែលកាត និងមិត្តភក្តិជិតស្និទ្ធមួយ ចំនួនទៀត នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ។

ព្រះនាងតូច ជេនណា គឺជាបុត្រីទី ២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ អ្នកអង្គម្ចាស់ ត្រូវបានគេស្គាល់ជាទូទៅថាជា “ព្រះនាងតូច នរោត្តម ជេនណា”។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឱ្យដឹងថា នេះគឺជាកិត្តិយសដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុនសែលកាត ដែលមាន ឱកាស បានចូលរួម សហការជាមួយព្រះនាងតូច ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការជួយ លើកស្ទួយ ដល់យុវជន ក្នុងសម័យឌីជីថល (Digital Generation)។

លោក Watson បានមានប្រសាសន៍ទៀតថា “យើងមើលឃើញថា នេះគឺសម្ព័ន្ធភាពដ៏ល្អប្រសើរបំផុតមួយ ពោលគឺក្រុមហ៊ុន បណ្តាញទូរស័ព្ទឈានមុខគេនៅ ក្នុងប្រទេសកម្ពុជា បានចាប់ដៃគូសហការជាមួយ បុគ្គលវ័យក្មេង ដ៏មានទេពកោសល្យបំផុត របស់ខ្មែរ ដែលគាត់មានទឹកចិត្តស្រឡាញ់ជាតិនិងចេះ យកចិត្តទុកដាក់ទៅ លើអនាគតនៃ មនុស្សជំនាន់ក្រោយ” ។

ស្របពេលដែលយើងកំពុងឈានទៅ ចាប់យកបច្ចេកវិទ្យា 5G យើងមើលឃើញថាព្រះនាងតូច ជេនណា នឹងអាចជួយជម្រុញឱ្យផលិតផល និងសេវាកម្មឌីជីថលរបស់ក្រុមហ៊ុនសែលកាត ឈរជើងបានកាន់តែរឹងមាំនៅលើទីផ្សារ ក៏ដូចជាជួយចែករំលែកឱ្យបានដឹងនូវសមិទ្ធផល ដែលទទួលបានពីការធ្វើកំណែរទម្រង់ឆ្ពោះទៅកាន់ វិស័យឌីជីថលនៅកម្ពុជា។

ក្នុងព្រះជន្ម ៨ វស្សា ព្រះនាងតូច ជេនណា អាចនិយាយបាន ៥ ភាសា មានទេពកោសល្យខាងច្រៀង រាំ និងសម្តែង ហើយក្នុងពេលបច្ចុប្បន្ននេះ អ្នកអង្គម្ចាស់ក៏កំពុងរៀននូវរបាំអប្សរាផង
ដែរ។

សែលកាត មានប្រវតិ្តជាក្រុមហ៊ុន ដ៏សកម្មបំផុតមួយ ក្នុងចាប់ដៃគូជាមួយ បុគ្គលវ័យក្មេងដែលមានទេពកោសល្យនៅក្នុងស្រុក ដើម្បីជួយបង្កើនទំនាក់ទំនងជិតស្និទ្ធ ជាមួយអតិថិជន ហើយទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុនក៏បានជួយបណ្តុះនូវបទពិសោធន៍និងជំនាញ ទីផ្សារដ៏មានតម្លៃជូនដល់ដៃគូសហការ ដោយក្នុងនោះរួមមាន ទាំងបុគ្គលមានឥទ្ធិពល អ្នកចំរៀង អ្នករាំ និងអ្នកលេងហ្គេមអាជីពជាដើម។

ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរនិងគ្រប់គ្រង ដោយជនជាតិខ្មែរទាំងស្រុង សែលកាត មានក្តីសោមនស្សជាពន់ពេក ដែលមានឱកាសបាន សហការជាមួយបុគ្គល វ័យក្មេងមានបុគ្គលិកលក្ខណៈឆ្នើមដូចជា អ្នកអង្គម្ចាស់ ជេនណា ដើម្បីជួយកសាង អនាគតនៃវិស័យឌីជីថល ឱ្យកាន់តែរីកចម្រើន ខ្លាំងទៅមុខទៀត៕

Most Popular

To Top