ភ្នំពេញ៖ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (ហៅកាត់ថា “អ អិម អេ ខេមបូឌា”) បានចុះបញ្ជីលក់មូលបត្របំណុលរបស់ខ្លួនជាផ្លូវការ មានចំនួនទឹកប្រាក់ ៨០ ពាន់លានរៀល (ប្រមាណជា ២០ លានដុល្លារ) មានរយៈពេល ៥ឆ្នាំ ជាមួយអត្រាគូប៉ុង ៥,៥០% ក្នុងមួយឆ្នាំ នៅផ្សារមូលបត្រកម្ពុជា (“ផ.ម.ក”) ដែលជាការបោះផ្សាយលក់មូលបត្របំណុលលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ អ អិម អេ ខេមបូឌាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
សញ្ញាបណ្ណសាជីរកម្ម អ អិម អេ ខេមបូឌា គឺជាសញ្ញាបណ្ណដែលត្រូវបានធានា ១០០% ដោយស្ថាប័ន Credit Guarantee and Investment Facility ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី និងចុះបញ្ជីលក់សញ្ញាបណ្ណ ក្រោមក្របខណ្ឌការបោះផ្សាយសញ្ញាបណ្ណពហុរូបិយប័ណ្ណអាស៊ាន+៣ ASEAN+3 Multi-Currency Bond Issuance Framework (AMBIF)។
ក្នុងឱកាសនោះលោក Kevin Whitcraft នាយកប្រតិបត្តិរបស់ RMA Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឲ្យដឹងថា ការបោះផ្សាយមូលបត្របំណុលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងសម្រាប់ RMA Group និងបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការត្រួសត្រាយផ្លូវ ក្នុងនាមជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុ ដែលបានបោះផ្សាយមូលបត្របំណុល ដំបូងបង្អស់នៅប្រទេសកម្ពុជា។
លោកបន្តថា “ពួកយើងមានទំនុកចិត្តយ៉ាងពេញទំហឹងចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហើយបានបោះជំហានទៅមុខជាមួយនឹងការបោះផ្សាយលក់សញ្ញាបណ្ណ ទោះបីជាមានបញ្ហាប្រឈមជុំវិញការរីករាលដាលនៃជំងឺរាតត្បាត Covid-១៩ ក៏ដោយ។ យើងមានសេចក្តីសោមនស្សរីករាយដែលស្ថាប័ន CGIF នៅតែមានការប្តេជ្ញាចិត្តខ្ជាប់ខ្ជួន និងចំណាប់អារម្មណ៍របស់វិនិយោគគិននៅតែមានភាពរឹងមាំ សូម្បីតែក្នុងស្ថានភាពមិនប្រក្រតីក៏ដោយ ក៏មូលបត្របំណុល ត្រូវបានធ្វើបរិវិសកម្មទាំងអស់ប្រកបដោយជោគជ័យ។ នេះគឺជាសក្ខីភាពនៃកេរ្តិ៍ឈ្មោះ និងភាពដែលអាចជឿទុកចិត្តបានរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា”។
លោកស្រី Sun Guiying នាយកប្រតិបត្តិនៃស្ថាប័ន CGIF បានឲ្យដឹងដែរថា ទោះបីមានបញ្ហាប្រឈមដែលកើតមានដោយជំងឺរាតត្បាតរីករាលដាលថ្មី Covid ១៩ ក៏ដោយ ក៏ CGIF មានមោទនភាពដែលបានធ្វើការដោយជោគជ័យជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា និងនិយតករមូលបត្រនៅប្រទេសកម្ពុជាក្នុងការបោះផ្សាយមូលបត្របំណុលដំបូងរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។
លោកស្រីបន្តថា គម្រោងនេះ បង្ហាញពីសមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផលជាច្រើនរបស់ CGIF ដែលជាសញ្ញាបណ្ណនេះជាសញ្ញាបណ្ណមានការធានាដំបូងបង្អស់ដោយ CGIF សម្រាប់ស្ថាប័នមិនមែនហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ មានគោលបំណងមិនត្រឹមតែពង្រឹងទំនុកចិត្តរបស់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញក្រុមហ៊ុនផ្សេងទៀតដែលមានបំណងបោះផ្សាយសញ្ញាបណ្ណនាពេលអនាគតក្នុងការទាញយកទីផ្សារមូលបត្របំណុលក្នុងស្រុកផងដែរ។
ចំណែលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានឲ្យដឹង ថា “ការបោះផ្សាយមូលបត្របំណុលដោយជោគជ័យរបស់ អ អិម អេ ខេមបូឌា នឹងក្លាយជាគំរូមួយ សម្រាប់ប្រតិបត្តិការនាពេលអនាគត។ មូលបត្របំណុលដែលមានបុគ្គលធានានេះ ផ្តល់នូវជម្រើសឧបករណ៍ហិរញ្ញវត្ថុថ្មីមួយ សម្រាប់ក្រុមហ៊ុនឯកជនក្នុងវិស័យផ្សេងៗ ដើម្បីប្រមូលមូលនិធិកាន់តែច្រើនជាមួយនឹងរយៈពេលវែងជាងមុន”។
ដោយឡែកលោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ក៏បានឲ្យដឹងដែរថា ទោះបីមានស្ថានភាពទីផ្សារ មានភាពមិននឹងនរក៏ដោយ យើងនៅតែបន្តសម្រេចក្នុងការចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅផ្សារមូលបត្រកម្ពុជាបានដោយរលូន។ ក្នុងស្ថានភាពបែបនេះ វាជាសញ្ញានៃការតស៊ូ និងបង្ហាញពីសញ្ញាវិជ្ជមានដល់វិនិយោគិននានា។ ក្រុមហ៊ុន អេសប៊ីអាយ ដែលជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់គម្រោងនេះ បានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រវិស័យមូលបត្រ ចាប់តាំងពីការកកើតរបស់ក្រុមហ៊ុន ក្នុងការចាប់ផ្តើមប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក ដើម្បីបើកទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា”។
លោកបន្តថា ចាប់តាំងពីពេលនោះមក ទីផ្សារនៅតែបន្តរីកចម្រើន ហើយប្រតិបត្តិការជាច្រើន ត្រូវបានបញ្ចប់ដោយជោគជ័យជារៀងរាល់ឆ្នាំ ដោយសារមានការគាំទ្រជាបន្តបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត។
រីឯលោក Shuzo Shikata នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានឲ្យដឹងដែរថា ក្នុងនាមជាអ្នកចូលរួមទីផ្សារមូលបត្រមួយដែលដើរតួនាទីយ៉ាងសកម្ម ក្រុមហ៊ុន អេសប៊ីអាយ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីចាប់យកទីផ្សារនេះជាបន្តទៀត។ ការធ្វើបែបនេះ នឹងបង្កឱ្យក្រុមហ៊ុនឯកជននានា នៅក្នុងប្រទេសកម្ពុជា អាចទទួលបានមូលនិធិកាន់តែច្រើនជាមួយរយៈពេលវែងជាងមុន ក្នុងដំណើរការមួយដែលនឹងកាន់តែមានភាពងាយស្រួលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច។ ដោយសារក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅតែបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា ការគាំទ្រពីសំណាក់ស្ថាប័ន CGIF និងក្រុមហ៊ុន អេសប៊ីអាយ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនដើម្បីបន្តសកម្មភាពបង្កើនដើមទុនបន្ថែមទៀតនាពេលអនាគត។
លោក ងន សាំង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបញ្ជាក់ថា “ក្រុមហ៊ុន អ អិម អេ ខេមបូឌា តែងតែយកចិត្តទុកដាក់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុរបស់ប្រទេស។ ក្នុងករណីនេះ យើងរីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ របស់ប្រទេសកម្ពុជា”។
លោកបន្ថែមថា” អាជីវកម្មរបស់អ អិម អេ បានដំណើរការយ៉ាងល្អ ជាមួយនឹងការចែកចាយផលិតផលល្បីៗមួយចំនួន ដូចជាៈ រថយន្ត Ford រថយន្តប្រណិតម៉ាក Jaguar Land Rover បរិក្ខារកសិកម្មទំនើបម៉ាក John Deere បរិក្ខារសំណង់ម៉ាក JCB, TCM, JLG ឡានដឹកទំនិញម៉ាកFuso និង សម្ភារៈមួយចំនួនទៀតសម្រាប់ថែរក្សាទំនិញ លើកដាក់ទំនិញ និងសម្អាត។ មូលបត្របំណុល ជាប្រភពទុនដើម្បីបង្កើនចំណែកទីផ្សារថែមទៀតដល់ក្រុមហ៊ុន។
សូមបញ្ជាក់ថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (ដែលហៅកាត់ថា អ អិម អេ ខេមបូឌា) គឺជាក្រុមហ៊ុនដែលបានទទួល សិទ្ធិចែកចាយយានយន្តនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ អ អិម អេ ខេមបូឌា បានឈានជើងចូលក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនូវផលិតផល ដែលជាដំណោះស្រាយសម្រាប់រាល់ក្រុមហ៊ុនពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងភស្ថុភារ។ ក្រុមហ៊ុន មានការរីកចម្រើនស្របពេលនឹងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា និងបានពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់អាជីវកម្មពាក់ព័ន្ធនឹងយានយន្ត កសិកម្ម និងគ្រឿងបរិក្ខារធុនធ្ងន់ និងសេវាកម្មបន្ទាប់ពីការលក់។
អ អិម អេ ខេមបូឌា ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាអ្នកចែកចាយ និងនាំចូលផ្តាច់មុខនូវម៉ាកយានយន្ត និងបរិក្ខាធុនធ្ងន់លំដាប់ពិភពលោក ដែលរួមមាន ម៉ាកFord (ចាប់តាំងពីឆ្នាំ ១៩៩៧) ម៉ាក Jaguar Land Rover (ចាប់តាំងពីឆ្នាំ ២០១៣) ម៉ាក John Deere (ចាប់តាំងពីឆ្នាំ ២០១១) ម៉ាក JCB (ចាប់តាំងពីឆ្នាំ ២០១០) និង ម៉ាក FUSO (ចាប់តាំងពី ឆ្នាំ ២០១០) ។ ក្រុមហ៊ុនមានបុគ្គលិកជាង ៥០០ នាក់ និង ការិយាល័យសាខាចំនួន ១៤ នៅទូទាំងប្រទេសកម្ពុជា៕ដោយ៖ធី លីថូ