Event

ណាហ្គាវើល ដ៍បេះដូងសប្បុរស ជួយប្រយុទ្ធប្រឆាំងនឹង មេរោគកូវីដ-១៩ តាមរយៈការឧបត្ថម្ភ សម្ភារការពារ

ភ្នំពេញ៖ដើម្បីជួយពង្រឹងដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភនូវម៉ាស់មុខចំនួន ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងអាល់កុលលាងដៃ ១៨០ លីត្រជូនដល់សាលារាជធានីភ្នំពេញ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា “ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក្រុមហ៊ុនទាំងអស់មានតួនាទីយ៉ាងសំខាន់ដើម្បីបញ្ឈប់ជំងឺរាតត្បាតនេះនៅគ្រប់ទីកន្លែង និងឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ក្នុងនាមជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវមួយ យើងសង្ឃឹមថា ការឧបត្ថម្ភសម្ភារការពាររបស់យើងដល់សាលារាជធានីភ្នំពេញ នឹងជួយដល់មន្ត្រីរាជការ ក្រុមការងារជួរមុខ និងសហគមន៍របស់យើងបាន។

“នេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដែលណាហ្គាវើលដ៍បានធ្វើឡើងដើម្បីផ្តល់ត្រឡប់ទៅឲ្យសង្គមវិញ។ ជាមួយសម្ភារការពារទាំងនេះ យើងជឿជាក់ថា សហគមន៍ជាច្រើនទៀត នឹងអាចទទួលបានប្រយោជន៍ ហើយយើងនឹងអាចយកឈ្នះលើមេរោគនេះទាំងអស់គ្នា”។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានមកទទួលសម្ភារទាំងនេះដោយផ្ទាល់នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។ ឯកឧត្តម បានមានប្រសាសន៍ថា “ណាហ្គាវើលដ៍ គឺជាក្រុមហ៊ុនមួយដែលតែងតែបានឧបត្ថម្ភគាំទ្រដល់សហគមន៍របស់យើង។ ការឧបត្ថម្ភនេះ ជាថ្មីម្តងទៀត បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ សម្ភារទាំងនេះ នឹងជួយសាលារាជធានីភ្នំពេញក៏ដូចជារដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងសហការីនៃសាលារាជធានីភ្នំពេញ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពសប្បុរសធម៌នេះ”។

គួរបញ្ជាក់ផងដែរថា បន្ថែមទៅលើសាលារាជធានីភ្នំពេញ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានឧបត្ថម្ភសម្ភារការពារដូចគ្នាដល់ក្រសួងអប់រំ យុវជន និងកីឡាផងដែរកាលពីពេលថ្មីៗនេះ។ សរុបរួម ណាហ្គាវើលដ៍ បានចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដោយបានឧបត្ថម្ភសរុបនូវម៉ាស់មុខចំនួន ២០.០០០ បន្ទះ ជែលលាងដៃ ២.០០០ ដប និងអាល់កុលលាងដៃ ៣៦០ លីត្រ៕

Most Popular

To Top