Event

អគ្គស្នងការដ្ឋាន នគរបាលជាតិ ទទួលសម្ភារ ការពារ មេរោគ កូវីដ-១៩ ពី ណាហ្គាវើលដ៍ បេះដូងសប្បុរស

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែក ទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍កាលពីពេលថ្មីនេះ បានធ្វើការឧបត្ថម្ភដ៏សំខាន់មួយបន្ថែមទៀត សំដៅឆ្ពោះទៅរកការប្រឆាំងមេរោគកូវដី-១៩ ដោយផ្តល់នូវម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រដល់អគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា “ក្នុងនាមជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវមួយ ណាហ្គាវើលដ៍បានចូលរួម ឧបត្ថម្ភសម្ភារការពារទាំងនេះដល់នគរបាលជាតិ។ សម្ភារទាំងនេះ នឹងត្រូវប្រើប្រាស់ដោយមន្ត្រីរបស់ពួកគេ និងសហគមន៍ដែលមានតម្រូវការជាចាំបាច់បំផុត។ យើងត្រូវធ្វើការជាមួយគ្នា និងធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានការការពារ ហើយយើងអាចបង្កើតឲ្យមានការផ្លាស់ប្តូរ មួយពោលគឺរក្សាសហគមន៍របស់យើងឲ្យមានសុវត្ថិភាព”។

លោកឧត្តមសេនីយ៍ទោ ជា សណ្តាប់ បានទទួលសម្ភារការពារទាំងនេះ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ។ លោកថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជំងឺរាតត្បាតសកលនេះ បានប៉ះពាល់ដល់គ្រប់វិស័យនៅក្នុងសង្គម ហើយយើងស្វាគមន៍ការឧបត្ថម្ភទាំងអស់ពីវិស័យឯកជន ដើម្បីការពារសហគមន៍ដែលយើងបម្រើ និងការពារ”។

នៅក្នុងពិធីប្រគល់នោះ លោក Pern Chen ក៏បានចែករំលែកព្រឹត្តិបត្រព័ត៌មាន ការងារសង្គមប្រចាំត្រីមាសដែលបង្ហាញ អំពីសកម្មភាពសង្គមថ្មីៗ និងសកម្មភាពក្នុងកំឡុងពេលជំងឺរាតត្បាតនេះដល់លោកឧត្តមសេនីយ៍ទោ និងក្រុមការងារផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ថែមទៅលើការ ឧបត្ថម្ភសម្ភារការពារ មេរោគកូវីដ-១៩ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ណាហ្គាវើលដ៍បេះដូង សប្បុរសក៏បានឧបត្ថម្ភដល់ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញផងដែរ កាលពីចុងខែមេសានេះ ដែលសរុបក្រុមការងារសង្គមរបស់ណាហ្គាវើលដ៍បានឧបត្ថម្ភនូវម៉ាស់មុខ ៣០.០០០ បន្ទះ ជែលលាងដៃ ៣.០០០ ដប និងទឹកអាល់កុលលាងដៃ ៥៤០ លីត្រ៕

Most Popular

To Top