Event

ណាហ្គាវើលដ៍ បេះដូងសប្បុរស ចូលរួមបង្ក្រាប មេរោគកូវីដ-១៩

ភ្នំពេញ៖ ដើម្បីចូលរួមបង្ក្រាបមេរោគកូវីដ-១៩ ជាបន្តទៀត ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវ ការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នូវសម្ភារការពារសំខាន់ៗ ដូចជា ម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រ។ 

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បាននិយាយថា “ក្នុងពេលមានវិបត្តិសុខភាពសកល ដូចជា មេរោគកូវីដ-១៩ នេះ វិស័យឯកជន និងវិស័យសាធារណៈត្រូវ ចូលរួមឲ្យបានលឿន និងជួយគ្នាទៅវិញទៅមក តាមដែលអាចធ្វើទៅបាន។ យើងជឿថា ក្រុមហ៊ុនត្រូវតែក្រោកឈរឡើង និងឆ្លើយតបទៅតាមការអំពាវនាវឲ្យបានទាន់ពេលវេលា។ 

“ការឧបត្ថម្ភរបស់យើងដល់ក្រសួង គឺជាការឧបត្ថម្ភមួយក្នុងចំណោមការឧបត្ថម្ភជាច្រើន ដែលណាហ្គាវើលដ៍ បេះដូងសប្បុរសបានធ្វើក្នុងពេលថ្មីៗនេះ ហើយយើងនឹងឧបត្ថម្ភដល់ សហគមន៍ដែលយើងកំពុងបម្រើជាបន្តទៀត។ 

លោក Chen បានបន្ថែមថា “យើងមានសេចក្តីសោមនស្សរីករាយដែលសម្ភារការពារទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីរក្សាសុវត្ថិភាពប្រជាជនពីមេរោគកូវីដ-១៩ ជាពិសេសអ្នកដែលប្រឈមនឹងហានិភ័យបំផុត និងជួយទប់ស្កាត់ការរាលដាល ដល់សហគមន៍របស់យើង”។ 

ឯកឧត្តម សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានទទួលសម្ភារការពារមេរោគកូវីដ-១៩ ពីណាហ្គាវើលដ៍បេះដូងសប្បុរសតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់។ ឯកឧត្តម បានឲ្យដឹងថា “ណាហ្គាវើលដ៍បានបង្ហាញនូវគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវដ៏មានសារសំខាន់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបមេរោគកូវីដ-១៩ ហើយយើងសូមប្រគល់ លិខិតថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ចំពោះការឧបត្ថម្ភ ដ៏មានអត្ថន័យនេះ។ សម្ភារទាំងនេះ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់មន្ត្រី និងប្រជាជននៅក្នុងសហគមន៍ជាច្រើននៅក្នុងគ្រាដ៏លំបាកនេះ”។ 

សូមបញ្ជាក់ផងដែរថា មុនពេលឧបត្ថម្ភសម្ភារការពារ មេរោគកូវីដ-១៩ ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ណាហ្គាវើលដ៍បេះដូងសប្បុរសក៏បានឧបត្ថម្ភដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ សាលារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរដែលសរុបមាន ម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា៕

Most Popular

To Top