Event

សែលកាត រៀបចំការប្រគុំតន្រ្តីសប្បុរសធម៌ Cellcard Virtual Concert ប្រមូលថវិកា ជួយកម្មករ កម្មការីនី រងផលបះពាល់ ដោយសារ Covid-19!

ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត មានក្តីសោមនស្សជាខ្លាំង ក្នុងការរៀបចំនូវព្រឹត្តិការណ៍ ប្រគុំតន្រ្តីសប្បុរសធម៌ Cellcard 4U Virtual Concert ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៨ ខែឧសភាខាងមុខនេះ ដោយនឹងធ្វើការផ្សាយផ្ទាល់ តាមបណ្តាញសង្គមហ្វេសប៊ុក រួមជាមួយនឹងវត្តមាន សម្តែងរបស់សិល្បករ សិល្បការនីល្បីៗ និងកំពុងពេញនិយម ជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា។

កម្មវិធីប្រគុំតន្ត្រីនេះ នឹងប្រព្រឹត្តទៅ ដោយមានការចូលរួមសហការជាមួយប៉ុស្តិ៍ទូរទស្សន៍ CTN និង MyTV ក្នុងគោលបំណង រៃអង្គាសថវិកា ដើម្បីជួយដល់អ្នក ដែលកំពុងរងផលប៉ះពាល់ខ្លាំងបំផុត ពីស្ថានភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះ។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅ ក្នុងរយៈពេលមួយម៉ោង ដោយមានការចូលរួមសម្តែង ពីក្រុមតារាល្បីៗរួមមាន កញ្ញា មាស សុខសោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក នូ ឧសភា លោក ចេន សមាជិកក្រុមតន្រ្តី Mustache លោក Tempo Tris និងព្រះនាងតូច នរោត្តម ជេនណា!

គួររំលឹកផងដែរ ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន សែលកាត កាលពីខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ ក្នុងព្រះជន្ម ៨ វស្សា ព្រះនាងតូចត្រូវបានគេទទួលស្គាល់ថា ជាអ្នកមានទេពកោសល្យខ្ពស់ម្នាក់ ដោយព្រះនាង អាចនិយាយបាន ៥ ភាសា មានសមត្ថភាពក្នុងការច្រៀង រាំ និងសម្តែង ហើយបច្ចុប្បន្ននេះ ព្រះនាងក៏កំពុងផ្តោតលើការ ហាត់សមរបាំអប្សរាផងដែរ។

ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុន សែលកាត ក៏កំពុងសម្របសម្រួលជាមួយ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ដោយថវិកា ដែលប្រមូលបាន ពីកម្មវិធីប្រគុំតន្ត្រីនេះ នឹងត្រូវយកទៅចែកជូនដល់ កម្មករកម្មការនីកាត់ដេរ ដែលមានពិការភាព និងមានផ្ទៃពោះ ដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅ នាពេលបច្ចុប្បន្ននេះ។

សមាជិកគាំទ្រ សែលកាត ទាំងអស់ ក៏អាចចូលរួមបរិច្ចាគ ក្នុងបុព្វហេតុ ជួយសង្គ្រោះនេះ នៅក្នុងអំឡុងពេល នៃការសម្តែងតន្រ្តីផ្សាយផ្ទាល់ផងដែរ។ ពួកគេអាចតេ ឬផ្ញើសារទៅកាន់លេខ 1270 ដោយចំណាយត្រឹមតែ ២៥ សេន (១.០០០ រៀល) ប៉ុណ្ណោះ សម្រាប់ការចូលរួម ជាវិភាគទាន។ កម្មវិធីចូលរួមបរិច្ចាគនេះ នឹងបន្តប្រព្រឹត្តិទៅ ចំនួនពីរសប្តាហ៍ទៀត បន្ទាប់ពីការប្រគុំតន្រ្តីត្រូវបានបញ្ចប់។

សែលកាត នឹងធ្វើការសហការ យ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុនវីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ តាមទូរស័ព្ទ ឈានមុខគេនៅកម្ពុជា ដើម្បីផ្ទេរប្រាក់ជូន ដល់កម្មករកម្មការនី មានពិការភាព និងមានផ្ទៃពោះឱ្យបាន នៅក្នុងអំឡុង ខែមិថុនាខាងមុខនេះ។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ឱ្យដឹងថា៖ “ដោយសារស្ថានភាព នៃវិបត្តិជម្ងឺកូវីដ ១៩ យើងមើលឃើញថានេះ គឺជាមធ្យោបាយដ៏ល្អបំផុតមួយ ក្នុងការផ្តល់នូវភាព សប្បាយរីករាយជូនដល់អតិថិជនរបស់យើង ហើយទន្ទឹមនឹងនោះ យើងក៏អាចរៃអង្គាសថវិកា ដើម្បីជួយទ្រទ្រង់ ដល់ពលរដ្ឋមួយចំនួន ដែលកំពុងជួបការខ្វះខាត នៅទូទាំងប្រទេសកម្ពុជាផងដែរ” ។

ដោយឡែក លោក ម៉ានូ រ៉ាចាន់ អគ្គនាយក នៃធនាគារឯកទេសវីងក៏បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរីករាយដែលបានចូលរួមជាមួយក្រុមហ៊ុន Cellcard ដើម្បីជួយគាំទ្រសហគមន៍ ដែលរងផលប៉ះពាល់ ដោយការរីករាលដាល នៃជម្ងឺកូវីដ-១៩។

ស្ថិតក្នុងគ្រាដ៏លំបាកនេះ ជំនួយសប្បុរសធម៌ របស់លោកអ្នកមិនត្រឹមតែចាំបាច់ ចំពោះសហគមន៍ របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជម្រុញ ឲ្យប្រជាជនផ្សេងទៀត ជួយការពារសហគមន៍របស់យើងផងដែរ»។

ក្នុងនាមជាប្រតិបត្តិករ ទូរស័ព្ទចល័ត គ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង ក្រុមហ៊ុនសែលកាត ពិតជាមានក្តីរំភើបជាខ្លាំងសម្រាប់ឱកាស នៃការរៀបចំកម្មវិធីប្រគុំតន្រ្តី ដោយមានវត្តមានចូលរួមសហការពីតារាល្បីៗ នៅក្នុងស្រុកជាច្រើនរូប។

លោក វ៉ាត់សុន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “សែលកាត កំពុងខិតខំប្រឹងប្រែង យ៉ាងអស់ពីសមត្ថភាព ដើម្បីជួយគាំទ្រដល់បងប្អូន ពលរដ្ឋខ្មែរ ក្នុងគ្រាដ៏លំបាកនេះ” ៕

Most Popular

To Top