Event

បណ្តាញទូរស័ព្ទចល័ត 4GLTE របស់ សែលកាត ត្រូវបានទទួលស្គាល់​ ដោយស្ថាប័ន Opensignal ជាជ័យលាភី ពានរង្វាន់ បទពិសោធន៍ នៃការលេងហ្គេម

ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត ត្រូវបានប្រកាសទទួលស្គាល់ ដោយស្ថាប័ន OpenSignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍ នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសនេះ បានបញ្ជាក់ឱ្យកាន់តែច្បាស់ នូវភាពនាំមុខគេ របស់ក្រុមហ៊ុន សែលកាត ទៅលើវិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ហាញ ឱ្យឃើញថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូនបទពិសោធន៍ ប្រើប្រាស់បណ្តាញទូរស័ព្ទចល័ត ប្រកបដោយគុណភាពខ្ពស់ ដល់អ្នកស្នេហា វិស័យហ្គេម ត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយនៅក្នុងតំបន់ និងទូទាំងពិភពលោកផងដែរ។

Opensignal គឺជាស្ថាប័នឯករាជ្យមួយ ដែលបានបង្កើតស្តង់ដារពិភពលោក សម្រាប់ការវិភាគ ទៅលើបទពិសោធន៍ ប្រើប្រាស់ទូរស័ព្ទចល័ត របស់អតិថិជន។

តាមរយៈរបាយការណ៍ចុងក្រោយ របស់ស្ថាប័ននេះ ស្តីអំពីប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិ តែមួយគត់ ដែលអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍ នៃការលេងហ្គេម កម្រិតខ្ពស់ជាងគេបំផុត ក្នុងបណ្តាញ4G។

បទពិសោធន៏ នៃការលេងហ្គេម របស់សែលកាត នៅលើបណ្តាញ 4GLTE ទទួលបានពិន្ទុ 47.2 ក្នុងចំណោមពិន្ទុផ្តល់ជូន 100 ខណៈក្រុមហ៊ុនមិត្តហ្វូន ទទួលបានពិន្ទុ 39.9 ហើយក្រុមហ៊ុន Smart Axiata ទទួលបាន 38.8 ពិន្ទុ ។ (ពិន្ទុក្រោម 40 ត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងកម្រិត “អន់បំផុត”។)

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ ឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវតែខិតខំបង្កើន កម្រិតគុណភាពបន្តទៀត ទើបអាចឈានទៅដល់ កម្រិតប្រដំប្រសងគ្នា ជាមួយនឹងទីផ្សារកីឡាអេឡិចត្រូនិច ឈានមុខគេផ្សេងទៀត ដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ជាដើម ដែលទីផ្សារទាំងពីរនេះ ទទួលបានពិន្ទុ សម្រាប់បទពិសោធន៍ នៃការលេងហ្គេម ច្រើនជាង 70 (ពោលគឺឋិតនៅ ក្នុងកម្រិត “បង្គួរ”) ។

លោក វ៉ាតសុន បានមានប្រសាសន៍ បន្តទៀតថា៖ “សែលកាតបានចាប់ផ្តើម ផ្តោតទៅលើវិស័យ កីឡាអេឡិចត្រូនិច ចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានរៀបចំ កម្មវិធីប្រកួត ក៏ដូចជាចាប់ដៃគូសហការ ដើម្បីជួយបំពេញ សេចក្តីត្រូវការ របស់សហគមន៍ កីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ដែលតាមរយៈការប៉ាន់ស្មាន គឺមានប្រហែលជាង 2 លាននាក់ ក្នុងពេលបច្ចុប្បន្ននេះ។

“ខណៈដែលសែលកាត អាចទទួលបានពិន្ទុ 47.2 សម្រាប់បទពិសោធន៍ នៃការលេងហ្គេម4Gនេះ គឺយើងអាចសន្មត់បានថា វាជាសមិទ្ធិផល ដ៏អស្ចារ្យបំផុតមួយ ព្រោះថាបើពិនិត្យមើល ទៅកាន់ប្រទេសថៃ និងម៉ាឡេស៊ី ឯណោះវិញ ទីផ្សារឈានមុខគេ ទាំងពីរនេះ មានអ្នកលេងហ្គេម ប្រហែលជាង 20 លាននាក់ ហើយប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័ត របស់ពួកគេ ដែលមានដូចជា AIS និង Maxis វិញទៀតសោត ក៏សុទ្ធតែមានសមត្ថភាពខ្ពស់ ទៅលើការរៀបចំកម្មវិធី សម្រាប់វិស័យកីឡាអេឡិចត្រូនិច របស់ពួកគេផងដែរ។

ក្រុមហ៊ុនសែលកាត នឹងនៅតែបន្តគាំទ្រ ក៏ដូចជាជួយអភិវឌ្ឍ សហគមន៍វិស័យ កីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា រួមទាំងជួយផ្សាភ្ជាប់ កីឡាករក្នុងស្រុក ជាមួយនឹងវិស័យ កីឡាអេឡិចត្រូនិចអន្តរជាតិ ដែលកំពុងរីកលូតលាស់ជាខ្លាំង ដើម្បីចូលរួមជម្រុញទឹកចិត្ត ដល់អ្នកសេ្នហា វិស័យហ្គេមទាំងអស់ ដែលមានបំណង ចង់ក្លាយខ្លួន ជាកីឡាករអាជីព នៅក្នុងវិស័យកីឡាមួយនេះ។

លោក វ៉ាតសុន បានមានប្រសាសន៍ បន្ថែមថា លោកសូមកោតសរសើរជាខ្លាំង ចំពោះស្ថាប័នឯករាជ្យអន្តរជាតិ ដែលក្នុងនោះរួមមានស្ថាប័ន Opensignal ជាដើម ដែលបានខិតខំប្រឹងប្រែង ក្នុងការស្វែងយល់ពីតម្រូវការ និងអាកប្បកិរិយា របស់អ្នកប្រើប្រាស់ ក្នុងសម័យដ៏ជឿនលឿន បំផុតបែបនេះ ដើម្បីណែនាំនូវកម្រិត វាស់ស្ទង់ថ្មី តួយ៉ាងដូចជា បទពិសោធន៍ នៃការលេងហ្គេមនេះជាដើម។

កម្រិតវាស់ស្ទង់ថ្មីនេះ ដែលត្រូវបានបង្កើត ផ្អែកលើស្តង់ដាររបស់ ITU (សហភាពទូរគមនាគមន៍អន្តរជាតិ) នឹងចូលរួមវិភាគទៅលើ បទពិសោធន៍ នៃការលេងហ្គេមជាលក្ខណៈ បណ្តាញលើទូរស័ព្ទចល័ត ថាតើវានឹងមានឥទ្ធិពល បែបណាខ្លះ ទៅលើលក្ខខណ្ឌបណ្តាញ ទូរស័ព្ទចល័ត ដែលក្នុងនោះរួមមាន ទាំងល្បឿននៃការបញ្ជូនទិន្នន័យ និងបញ្ហារួមទាំងភាពយឺតយ៉ាវ នៃការបញ្ចូនរលកសញ្ញាផងដែរ។

លោក វ៉ាតសុន បានឱ្យដឹងទៀតថា៖ “ក្នុងចំណោមកីឡាករ ហ្គេមទាំងអស់ ពិតជាមិនមាននរណា ដែលចង់ចាញ់ការប្រកួត ដោយសារ តែបណ្តាញអ៊ីនធើណិត ដំណើរការយឺតនោះឡើយ”។

“ជាពិសេសសម្រាប់ កីឡាអេឡិចត្រូនិច ដែលជាប្រភេទហ្គេមទាមទារ ឱ្យប្រើប្រាស់ជំនាញ ខ្លាំងនេះតែម្តង គឺបណ្តាញអ៊ីនធើណិត មានតួនាទីសំខាន់ ខ្លាំងណាស់ ពោលគឺវាអាចមានឥទ្ធិពល កំណត់ជោគវាសនា អ្នកនាំមុខគេ នៅក្នុងតារាងចំណាត់ថ្នាក់តែម្តង”។

ដើម្បីអបអរសាទរ នូវសមិទ្ធិផលដែលទទួលបាននេះ ក្រុមហ៊ុនសែលកាត នឹងធ្វើការរៀបចំកម្មវិធី ផ្សាយរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី 14 ខែសីហាខាងមុខនេះ ដើម្បីឱ្យអ្នកលេងហ្គេម អាចស្វែងយល់បន្ថែម អំពីកីឡាអេឡិចត្រូនិច ក៏ដូចជាដើម្បីឱ្យពួកគាត់ បានទស្សនា នូវការប្រកួតប្រជែងគ្នា ដោយផ្ទាល់ របស់កីឡាករ ហ្គេមអាជីព នៅលើបណ្តាញទូរស័ព្ទចល័ត សែលកាតផងដែរ។

ព្រឹត្តិការណ៍ប្រកួតប្រជែងនេះ នឹងមានផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុកថ្មី របស់សែលកាត ដែលមានឈ្មោះថា PlayGame ដោយក្នុងនោះ នឹងមានការចូលរួម ពីសំណាក់កីឡាករ និងអ្នកអត្ថាធិប្បាយល្បីៗ រួមមានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និងក្រុមកីឡាករផ្សេងៗ ជាច្រើនទៀតផងដែរ។

ព័ត៌មានបន្ថែម ស្តីអំពីការវាស់ស្ទង់ និងការផ្តល់ពិន្ទុទៅលើ បទពិសោធន៍ នៃការលេងហ្គេម របស់ស្ថាប័ន OpenSignal (2020)៖
សម្រាប់ការវាស់ស្ទង់ទៅលើ បទពិសោធន៍ នៃការលេងហ្គេមលើទូរស័ព្ទចល័ត ជាលក្ខណៈបណ្តាញ គឺប្រទេសសិង្ហបុរី ជាជ័យលាភីមេដាយមាស ដែលទទួលបានពិន្ទុ 84.5។

កីឡាករនៅតាមបណ្តាប្រទេស ក្នុងទ្វីបអាស៊ីមានកម្រិត បទពិសោធន៍ នៃការលេងហ្គេម ច្រើនសណ្ឋានជាងតំបន់ផ្សេងៗ ដទៃទៀត ដោយក្នុងនោះ៖
31 ភាគរយនៃបណ្តាប្រទេស ក្នុងទ្វីបអាស៊ី បានស្ថិតនៅក្នុងចំណាត់ថ្នាក់ ខ្សោយ 27 ភាគរយ បានឋិតនៅ ក្នុងកម្រិតបង្គួរ 15 ភាគរយ ទទួលបានចំណាត់ថ្នាក់ល្អ និង 8 ភាគរយទៀត ទទួលបានចំណាត់ថ្នាក់ល្អបំផុត។

ទីផ្សារហ្គេមសំខាន់ៗ នៅក្នុងអាស៊ី ដែលទើបតែឈានដល់កម្រិត ពាក់កណ្តាល នៃតារាងសម្រាប់បទពិសោធន៍ នៃការលេងហ្គេមមានដូចជា៖ ទីក្រុងហុងកុង ប្រទេសម៉ាឡេស៊ី ថៃ និង វៀតណាម ដែលបទពិសោធន៍ នៃការលេងហ្គេម មានកម្រិតបង្គួរ ខណៈប្រទេសឥណ្ឌូណេស៊ី បានធ្លាក់ចូល ទៅក្នុងចំណាត់ថ្នាក់ខ្សោយ ដោយទទួលបាន ពិន្ទុត្រឹមតែ 63.6 ប៉ុណ្ណោះ៕

Most Popular

To Top