Event

ONE Championship និង សែលកាត ប្រកាសភាពជាដៃគូ យុទ្ធសាស្រ្ត នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនទូរគមនាគមន៍​ សែលកាត នឹងបង្កើនការចែកចាយ មាតិកាព័ត៌មាន ក្នុងស្រុក របស់ ONE Championship ដែលបង្កើតឡើង នៅជុំវិញអត្តពលិកខ្មែរ និងផ្សព្វផ្សាយផលិតផល និងការផ្តល់ជូនផ្តាច់មុខ ដល់អតិថិជនសែលកាត និងអ្នកគាំទ្រសិល្បៈគុន ទូទាំងប្រទេសកម្ពុជា។

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ONE Championship™ (ONE) ដែលជាស្ថាប័នសារព័ត៌មាន​ កីឡាអន្តរជាតិ ធំជាងគេបំផុត នៅក្នុងទ្វីបអាស៊ី បានប្រកាស នូវការចុះកិច្ចព្រមព្រៀងជាមួយ សែលកាត ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចសហការ ដំបូងគេបង្អស់របស់ ONE នៅក្នុងប្រទេសកម្ពុជា ដោយភាគីទាំងពីរ នឹងធ្វើការរួមគ្នា ដើម្បីចែករំលែក នូវសិល្បៈក្បាច់គុនចម្រុះ និងព័ត៌មានកីឡា ដ៏សម្បូរបែប ជាច្រើនទៀតរបស់ ONE Championship ជូនដល់អ្នកគាំទ្រ នៅទូទាំងប្រទេសកម្ពុជា។

អតិថិជនសែលកាត និងអ្នកគាំទ្រសិល្បៈក្បាច់គុនចំរុះ របស់ ONE នឹងត្រូវបានកំសាន្ត ជាមួយនឹងមាតិកាព័ត៌មាន ក្នុងស្រុក ព័ត៌មានវីដេអូខ្លីៗ ព័ត៌មានទូទៅ និងព្រឹត្តិការណ៍ កីឡាសំខាន់ៗ ក៏ដូចជាបទអត្ថាធិប្បាយ ជុំវិញព្រឹត្តិការណ៍ កីឡាផ្សេងៗ ជាច្រើនទៀតផងដែរ តាមរយៈការប្រើប្រាស់ បណ្តាញទូរស័ព្ទ មានល្បឿនលឿន ជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ ក្រុមហ៊ុនសែលកាត នឹងផ្តល់ជូនអតិថិជនរបស់ខ្លួន នូវកញ្ចប់ទិន្នន័យផ្តាច់មុខ ដើម្បីផ្តល់ភាពងាយស្រួល និងមានតំលៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា ក្នុងការទទួលបាន នូវមាតិកាឌីជីថលរបស់ ONE គ្រប់ពេល និងគ្រប់ទីកន្លែង។

ក្នុងនាមជាដៃគូផ្លូវការ របស់ ONE នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនសែលកាត នឹងនាំយកស៊េរីខ្នាតតូច របស់ ONE Warrior Series ទៅកាន់អតិថិជនរបស់ខ្លួន និងវិនិយោគ កម្មវិធីទូតសុឆន្ទៈ អត្តពលកម្ម (Athlete Ambassador Programme) តាមរយៈការអភិវឌ្ឍមូលដ្ឋាន និងភាពជាដៃគូ ជាមួយមូលដ្ឋានសិល្បៈក្បាច់គុន នៅក្នុងប្រទេស។

លោក Hua Fung Teh នាយកប្រធានក្រុម ONE Championship បានមានប្រសាសន៍ឱ្យដឹងថា៖ “ខ្ញុំមានសេចក្តីសោមនស្ស និងសូមជម្រាបជូនថា យើងបានចុះហត្ថលេខា លើកិច្ចសហការជាដៃគូ យូរអង្វែងជាមួយ សែលកាត ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។ ONE Championship និងសែលកាត នឹងធ្វើការចែករំលែកនូវប្រវត្តិ ក៏ដូចជារឿងរ៉ាវ ជុំវិញសិល្បៈក្បាច់គុន របស់វីរបុរសខ្មែរ ជូនដល់បងប្អូន នៅទូទាំងប្រទេស ឱ្យបានស្គាល់កាន់តែស៊ីជម្រៅ ក៏ដូចជាចូលរួម ជួយជម្រុញទឹកចិត្តបងប្អូនខ្មែរ ឱ្យបន្តក្តីស្រមៃ សម្រេចបាននូវគោលដៅ និងទទួលបានជោគជ័យ នៅក្នុងជីវិត។ ជាងនេះទៀត អ្នកគាំទ្រខ្មែរ គឺជាអ្នកគាំទ្រ ដ៏អស្ចារ្យនិងមានទឹកចិត្ត មុះមុតបំផុត ហើយខ្ញុំ ក៏មានអារម្មណ៍រំភើបក្រៃលែង ជាខ្លាំងផងដែរ ដែលមានឱកាស អាចនាំពួកគាត់ ឱ្យបានជួបស្គាល់ជាមួយ ជើងឯកល្បីៗរបស់ ONE Championship។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “សែលកាត តែងតែរិះរក នូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីចងភ្ជាប់ និងបង្កើនទំនាក់ទំនងជិតស្និទ្ធ ជាមួយអតិថិជន និងបង្កើតអតិថិជន ​ប្រមូលផ្តុំ នៅតាមបណ្តា គ្រប់ខេត្តក្រុងទាំងអស់។ កម្ពុជា គឺជាប្រទេសមួយ ដែលនិយមវិស័យកីឡាបំផុត ហើយជាពិសេសនោះ គឺកីឡាបែបចំបាប់តែម្តង។ ក្នុងនោះ យើងក៏ឃើញមានកីឡាករ ក្នុងស្រុកដែលមាន ថ្វីដៃល្អៗ ជាច្រើនរូប ដែលមានសមត្ថភាព ទាក់ទាញអ្នកគាំទ្រ បានយ៉ាងច្រើនលើសលប់ផងដែរ។

តាមរយៈកិច្ចសហការ ជាដៃគូរបស់យើងជាមួយ ONE Championship យើងនឹងអាចជួយលើកស្ទួយ ក្រុមកីឡាករខ្មែរយើង ក៏ដូចជាចែករំលែក នូវរឿងរ៉ាវរបស់ពួកគាត់ ដើម្បីជម្រុញទឹកចិត្ត ដល់អ្នកចង់ហាត់រៀន ក្បាច់គុនដទៃទៀត។ ក្នុងនាមជាប្រតិបត្តិករ ដែលជាមោទនភាព របស់ជាតិខ្មែរ យើងប្តេជ្ញានឹងពាំនាំ នូវព័ត៌មាន ដែលមានខ្លឹមសារល្អៗ ជូនដល់បងប្អូនពលរដ្ឋខ្មែរ និងបង្កើតថ្នាលឌីជីថល ដើម្បីចែករំលែកព័ត៌មានល្អៗ ទាំងនេះ នៅទូទាំងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅជុំវិញពិភពលោក។ យើងពិតជារីករាយឥតឧបមា ដែលបានចូលរួម សហការជាមួយ ONE Championship ដើម្បីសម្រេចកិច្ចការនេះឡើង ក៏ដូចជាពាំនាំ នូវកម្មវិធីធំៗបន្ថែមទៀត នាពេលអនាគត ដ៏ខ្លីខាងមុខនេះ។

មួយភាគធំនៃប្រវត្ដិសាស្ដ្រខ្មែរ គឺផ្សាភ្ជាប់យ៉ាងស៊ីជម្រៅ ជាមួយនឹងក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនបុរាណខ្មែរ មានវ័យចំណាស់ ជាងគេបំផុតមួយ នៅលើពិភពលោក។ ក្រុមកីឡាករខ្មែរឆ្នើមៗរបស់ ONE Championship ក៏នឹងចូលរួមជួយផ្សព្វផ្សាយ កីឡាបុរាណនេះ ឱ្យបានកាន់តែ ទូលំទូលាយផងដែរ។

លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមរបស់កម្ពុជា និងជាទូតសុឆន្ទៈថ្មី របស់ក្រុមហ៊ុនសែលកាតផងនោះ នឹងអញ្ជើញមកចែករំលែក នូវដំណើរជីវិត និងប្រវត្តិ នៃការហាត់រៀនគុនខ្មែរ របស់គាត់ ដើម្បីជួយជម្រុញទឹកចិត្ត យុវជនខ្មែរ ឱ្យមានកម្លាំងចិត្ត ឈោងចាប់ក្តីសុបិន្ត របស់ពួកគេ ក៏ដូចជាផ្តល់ការណែនាំ ឱ្យពួកគេទទួលបាន នូវប្រភពព័ត៌មានល្អៗ។ ទន្ទឹមនឹងនោះ សែលកាត ក៏នឹងសហការជាមួយលោក រតនា ដើម្បីជួយគាំទ្រ ដល់ពលរដ្ឋ នៅក្នុងសហគមន៍ ឱ្យទទួលបាននូវការបណ្តុះបណ្តាល វិធីការពារខ្លួន និងការហាត់រៀនក្បាច់គុន ដោយឥតគិតថ្លៃ នៅតាមបណ្តាក្លឹបហាត់ប្រាណ ដែលជាដៃគូ របស់ក្រុមហ៊ុនសែលកាត នៅទូទាំងប្រទេសកម្ពុជា ផងដែរ។

លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមម្នាក់របស់ ONE បានមានប្រសាសន៍ឱ្យដឹងថា៖ “ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសបានចូលរួម នៅក្នុងយុទ្ធនាការ នាំយកក្បាច់គុនចម្រុះ មកបង្ហាត់បង្ហាញ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាកីឡាករ ជើងឯកម្នាក់របស់ ONE Championship ខ្ញុំមានកាតព្វកិច្ច ក្នុងការបង្ហាញជូនអ្នកគាំទ្រ ទាំងអស់ នៅក្នុងប្រទេស ដែលជាទឹកដីកំណើត របស់ខ្ញុំមួយនេះ នូវគុណតម្លៃពិតប្រាកដ នៃការហាត់ក្បាច់គុន និងអំពីវិធីដែលយើង អាចកែប្រែជីវិតរបស់យើង ឱ្យកាន់តែប្រសើរ តាមរយៈការអនុវត្ត​ ទៅតាមគោលការណ៍ នៃការហាត់ក្បាច់គុននេះ។ ការទទួលបានងារ​​ ជាទូតសុឆន្ទៈផ្លូវការរបស់សែលកាត គឺជាកិត្តិយសដ៏ធំធេងមួយ សម្រាប់រូបខ្ញុំ ហើយខ្ញុំពិតជាមានក្តីរំភើបជាខ្លាំង ដែលទទួលបានឱកាស ដើម្បីចែករំលែក នូវដំណើរជីវិត នៃការហាត់រៀនក្បាច់គុន និងវិធីការពារខ្លួន ជូនដល់អ្នកគាំទ្រទាំងអស់ នៅទូទាំងប្រទេសកម្ពុជា៕

សម្រាប់ព័ត៌មានថ្មីៗ ស្តីពីភាពជាដៃគូនេះ សូមចូលទៅកាន់គេហទំព័រ https://www.cellcard.com.kh/en/detail/onechampionship

Most Popular

To Top