Event

ក្រុមហ៊ុន RMA Cambodia ប្រារព្ធពិធី”ប្រគល់ រថយន្ត Ford ចំនួន៤គ្រឿង និងដាក់ ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាល បច្ចេកវិទ្យារថយន្ត Ford” នៅវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម

កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានប្រារព្ធពិធី “ប្រគល់រថយន្ត Ford ចំនួន៤គ្រឿង និងដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford” ជូនទៅដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុង​ ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFord ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហ​កម្ម​ ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជិតវត្តទឹកថ្លា)។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។

តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់ខាងលើនេះហើយ ដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត Ford នេះលេចចេញជារូបរាងឡើង។ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តហ្វដ នេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌាបានធ្វើការឧបត្ថម្ភក្នុងការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវម៉ាស៊ីនត្រជាក់ សម្ភារៈបច្ចេកទេសសំរាប់ជួសជុលរថយន្ត គ្រឿងបរិក្ខាសម្រាប់សិក្សា គ្រឿងតុបតែងលំអរ និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន អ​ អិម អេ បានផ្តល់នូវរថយន្ត Ford Pickup ចំនួន ១​ គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿងជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ដោយឡែកនៅក្នុងឆ្នាំ​ ២០២០ នេះក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះដដែលនោះគឺការបន្តប្រគល់នូវរថយន្ត Ford Pickup ឲ្យបានចំនួន ១០ គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន​ ៤​ គ្រឿងបន្ថែម វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២ គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាបចំនួន២​គ្រឿង។

លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្តល់នូវរថយន្ត Ford Pickup បន្ថែមចំនួន៤គ្រឿង ការផ្តល់គ្រឿងបរិក្ខារ និងសម្ភារៈបច្ចេកទេសសំរាប់ជួសជុលរថយន្ត និងការដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហ​កម្មក្នុងថ្ងៃនេះ នឹងធ្វើអោយមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តហ្វដនេះ ក្លាយទៅជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេសយានយន្ត”។

លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖“សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការនាំចេញមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីឲ្យមានលំនឹងនៃសេដ្ឋកិច្ច ព្រមទាំងចង់ឲ្យប្រជាជនកម្ពុជាទទួលបានផលិតផល និងសេវាកម្មដែលមានគុណភាពល្អប្រើប្រាស់ ហើយក្នុងនោះដែរក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានជួយក្នុងការនាំចូលផលិតផលពីសហរដ្ឋអាមេរិចមកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺរថយន្តម៉ាក Ford ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិច ដែលជាម៉ាករថយន្តរបស់អាមេរិចដែលនាំចូលមកប្រទេសកម្ពុជាច្រើនជាងគេបំផុត។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Ford នូវតែរក្សាស្តង់ដា សុវត្ថិភាព គុណភាព គិតគូដល់បរិស្ថាន និងមានទំនួលខុសត្រូវក្នុងកិច្ចការសង្គមយ៉ាងខ្ជាប់ខ្ជួន”។

លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ របស់ក្រុមហ៊ុន​ អ អិម អេខេមបូឌានេះ បានទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។

លោក ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ “ ខ្ញុំសូមសម្តែងនូវការដឹងគុណ​ និងកោតសរសើរចំពោះ ក្រុមហ៊ុន អ អិម អេ​ ខេមបូឌា និងសហការីទាំងអស់ចំពោះការខិតខំប្រឹងប្រែង គាំទ្រ និងសហការយ៉ាងជិតស្និទជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនាពេលកន្លងមក ដើម្បីធ្វើការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជាកត្តាសំខាន់បំផុតសម្រាប់ធ្វើការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិយើង ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅតែបន្តភាពជាដៃគូនេះមានលក្ខណៈយុទ្ធសាស្រ្ត និងស៊ីជម្រៅថែមទៀតជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់យុវជនកម្ពុជាឲ្យទទួលបានឱកាសសិក្សាស្របតាមបច្ចេកវិទ្យាទំនើប និងទទួលបានប្រាក់ចំណូលខ្ពស់”។

ក្រៅពីការវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា​ កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។​ មិនតែប៉ុណ្ណោះក្រុមហ៊ុន អ​ អិម អេ ក៏បានផ្តល់អាហារូបករណ៏ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសម្រាប់ធ្វើការហាត់ការនៅប្រទេសបារាំងផលដែរ ហើយចំនួនសិស្ស និស្សិតដែលយើងធ្លាប់បានផ្តល់អាហារូបករណ៍ជូននោះមានចំនូន ១២៥ នាក់ក្នុងឆ្នាំ ២០១៨ និងកើនឡើងរហូតដល់ ២១៣ នាក់ក្នុងឆ្នាំ ២០១៩។

Most Popular

To Top