Event

ណាហ្គាវើលដ៍ បេះដូងសប្បុរស បរិច្ចាគ ថវិកា ៥៥.០០០ ដុល្លារ ដល់នគរបាលជាតិ ដើម្បីជួយដល់ ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍បានបរិច្ចាគថវិកា ៥៥.០០០ ដុល្លារអាមេរិកដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹង គ្រោះជំនន់ទឹកភ្លៀង ដែលបានជន់លិចស្ទើរគ្រប់ទីកន្លែង នៅក្នុងប្រទេស។ 

ភ្លៀងធ្លាក់ជោគជាំ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបង្កជាទឹកជំនន់ ដែលប៉ះពាល់ ដល់ខេត្តចំនួន ១៩។ 

របាយការណ៍ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃចន្ទ បានប្រកាសថាយ៉ាងហោចណាស់ មាន ៧៣.៧២០ គ្រួសារ (ស្មើនឹង ២៩៤.៨៨០ នាក់) បានទទួលរងផលប៉ះពាល់ ដោយទឹកជំនន់ដែលក្នុងនោះ៩.៣៤៩ គ្រួសារត្រូវបានជម្លៀស ពីផ្ទះសម្បែង របស់ពួកគេ។ ចំនួននេះ អាចនឹងកើនឡើងប្រសិនបើមានភ្លៀង និងព្យុះជាបន្តបន្ទាប់ទៀត។ ការខូចខាតផ្សេងទៀត ក៏ត្រូវបានរាយការណ៍ផងដែរ រួមមាន ផ្ទះ សាលារៀន ដំណាំ ផ្លូវ និងស្ពាន ។ល។ ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍ នឹងត្រូវប្រើប្រាស់ ដើម្បីទិញអង្ករប្រមាណ ១០០ តោន ដែលមន្ត្រីនគរបាល នឹងយកទៅចែកជូន ដល់ជនរងគ្រោះដោយទឹកជំនន់។ 

ចេញមកទទួលថវិកា ជំនួស នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺលោក ឧត្តមសេនីយ៍ឯកចាន់ ស៊ីថា អគ្គស្នងការរង នគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា។

លោក ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភ របស់ណាហ្គាវើលដ៍ បេះដូងសប្បុរស។ ការឧបត្ថម្ភនេះ បានមកចំពេល និងឆ្លើយតបយ៉ាងរហ័សចំពោះស្ថានភាព គ្រោះទឹកជំនន់ ព្រមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងផ្តល់កម្លាំងចិត្តដល់មន្ត្រីរបស់យើងដែលកំពុងធ្វើការ ជួរមុខឥតមាននឿយហត់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។

ណាហ្គាវើលដ៍ បានចូលរួមឧបត្ថម្ភ យ៉ាងច្រើនដល់ប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះ ហើយយើងខ្ញុំសូមជូនពរឲ្យណាហ្គាវើលដ៍ ទទួលបានជោគជ័យ ជាបន្តទៀត នៅក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន”។ 

ការឧបត្ថម្ភ ដល់នគរបាលជាតិ ត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលមានការចូលរួមពីនាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រង ហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិ ផ្នែកប្រតិបត្តិការនិងទីផ្សារ លោក Mike Ngai និងនាយកប្រតិបត្តិ ផ្នែកហិរញ្ញវត្ថុ លោក Sean Tan ។ 

នាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងផងដែរថា “ខ្យល់ព្យុះដ៏កាចសាហាវ ជាប់ៗគ្នាក្នុងពេលថ្មីៗនេះ បានបង្កជាទឹកជំនន់ នៅក្នុងប្រទេស ដែលឆ្នាំនេះ គឺជាឆ្នាំដែលខ្យល់ព្យុះ និងទឹកជំនន់ វាយប្រហារប្រទេសកម្ពុជា ខ្លាំងបំផុតក្នុងរយៈពេល មួយទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះមានប្រជាជនជាច្រើន ដែលត្រូវការជំនួយបន្ទាន់ ហើយយើងសង្ឃឹមថាការឧបត្ថម្ភរបស់យើង នឹងជួយដល់ សហគមន៍ដែលរងគ្រោះ”។ “យើងក៏សូមថ្លែងអំណរគុណ និងសូមកោតសរសើរដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរ ដែលកំពុងធ្វើការជួរមុខ ជួយដល់គ្រួសាររងគ្រោះ និងផ្តល់ជំនួយ ដល់ប្រជាជន ដែលកំពុងត្រូវការ ជំនួយបំផុត”។  

លោក Pern Chen បានធ្វើការកត់សម្គាល់ថា ណាហ្គាវើលដ៍ បេះដូងសប្បុរស ក៏បានធ្វើការឧបត្ថម្ភ សម្ភារៈបង្ការ ជំងឺកូវីដ-១៩ ដល់អគ្គស្នងការដ្ឋាន នគរបាលជាតិផងដែរ នៅក្នុងខែឧសភា ដែលជាផ្នែកមួយ នៃគម្រោងឧបត្ថម្ភ ដល់ស្ថាប័នរដ្ឋ រយៈពេល ៥ ខែកន្លងទៅដើម្បីជួយប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ 

ក្រសួងសុខាភិបាល បានទទួលពីណាហ្គាវើលដ៍ នូវផ្ទាំងក្តារព័ត៌មានស្តីពីវិធានការ បង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិនិងឧបករណ៍ ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតកាលពីដើមខែនេះដើម្បីរក្សាសុវត្ថិភាព ដល់សិស្សានុសិស្ស និងមន្ត្រីអប់រំ នៅពេលបើកសាលារៀនឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាល ក៏បានទទួលម៉ាស៊ីន ធ្វើតេស្តរកមេរោគ ១ គ្រឿងឧបករណ៍ធ្វើតេស្ត រកមេរោគ ៦.៤០០ ឈុត ឧបករណ៍ ប្រមូលសំណាក មេរោគ ៣.០០០ ឈុត កុំព្យូទ័រយួរដៃ ៥ គ្រឿង និងជែលលាងដៃ ៥០០ ដបផងដែរពីណាហ្គាវើលដ៍ បេះដូងសប្បុរស។ 

គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភ នូវម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញ ដែលសរុបជាទឹកប្រាក់ មានចំនួនជាង ១១៨.០០០ ដុល្លារអាមេរិក ដើម្បីជួយប្រយុទ្ធ នឹងជំងឺកូវីដ-១៩៕

Most Popular

To Top