ភ្នំពេញ៖ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះថា អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី បានឧបត្ថម្ភអង្ករ ចំនួន១០០តោន សម្រាប់ចែកជូនបន្ត ដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង ។
សម្រាប់ ការចូលរួមឧបត្ថម្ភ អង្ករនាឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ នឹងយកទៅប្រើប្រាស់ សម្រាប់ចែកជូនបន្ដ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកស្ទឹងព្រែកត្នោត ពិសេសប្រជាពលរដ្ឋ នៅមូលដ្ឋាន ខណ្ឌដង្កោ ដែលកំពុងជម្លៀស មកកាន់ទីទួលសុវត្ថិភាព។
ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ សម្រាប់ជួយសង្រ្គោះ ដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយសារទឹកជំនន់។
សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើង ដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋ ជាង៥៣ម៉ឺននាក់៕