ភ្នំពេញ ថ្ងៃទី១៨ វិច្ឆកា ឆ្នាំ២០២០៖ ហាងលក់នំខេកជប៉ុន ប្រែន ហ៊្វូវ៉ារី FUWARI បើកសម្ពោធសាខាទី ៤ របស់ខ្លួន នៅក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល បន្ទាប់ពីទទួលបាន ការគាំទ្រច្រើន ពីអតិថិជនកម្ពុជា ជាពិសេសយុវវ័យ ដែលនិយមញាំនំខេក ជាអាហារសម្រន់ និង ពិធីខួបកំណើតផ្សេងៗ។
កញ្ញា អាក់ គីមបួយ ប្រធានគ្រប់គ្រងទូរទៅ ប្រែននំខេកដ៏ល្បីនេះ លើកឡើងពីមូលហេតុ ដែលលោកជ្រើសរើស ពង្រីកសាខាមកផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល យ៉ាងដូច្នេះថា៖ “ដោយសារទីតំាង ផ្សារទំនើបមួយនេះ ហ៊ុមព័ទ្ធទៅដោយ អាគារខន់ដូរ និងការិយាល័យជាច្រើន ហើយម្យ៉ាងវិញទៀត ទីតំាងនេះនៅចំ កណ្តាលក្រុងតែម្តង ដោយមានអ្នកដំណើរ ឆ្លងកាត់ទាំងថ្មើរជើង ម៉ូតូ និង រថយន្តជាហូរហែរ ចរាចរណ៍មមាញឹកជាប្រចាំ កត្តាទាំងអស់នេះ ធ្វើអោយខ្ញុំជឿជាក់ថា ចរាចរណ៍ភ្ញៀវនៅក្នុងផ្សារទំនើបនេះ នឹងជួយអោយការលក់នំរបស់ខ្ញុំ បានចំនួនកាន់តែច្រើន។”
កញ្ញាបន្តទៀតថា ជាមួយយុទ្ធសាស្រ្តទីផ្សារ ដ៏ជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុបទៅមុខជំនួញផ្សេងទៀត ខ្ញុំកាន់តែជឿជាក់ថា ផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងទទួលបានជោគជ័យ ដូចមុខជំនួញផ្សេងទៀតដែរ។ លោកក៏សូមថ្លែងអំណរគុណ ដល់អតិថិជន ក្នុងរាជធានី ភ្នំពេញកន្លងមក ដែលបានគាំទ្រ យ៉ាងពេញទំហឹង នូវរសជាតិនំខេក ហ៊្វូវ៉ារី FUWARI ។
លោក Arnaud Dufresne អគ្គនាយកថ្មីផ្សារទំនើប ជីប ម៉ុង បានចូលរួមអបអរសាទរ ជាមួយការសម្ពោធ សាខាហាងនំខេកថ្មីនេះ ហើយថ្លែងអំណរគុណ ដល់ទំនុកចិត្តហាងនំ ហ៊្វូវ៉ារី FUWARI ចំពោះផ្សារទំនើបជីប ម៉ុង ហើយលោកបន្ថែមទៀតដែរ ជាមួយរសជាតិនំខេក ដ៏ឆ្ងាញ់របស់ ហ៊្វូវ៉ារី FUWARI និង តម្លៃដ៏សមរម្យបំផុតនេះ លោកជឿជាក់ថា នំខេកជប៉ុនរបស់ ហ៊្វូវ៉ារី FUWARI នឹងទទួលបាន ជោគជ័យ និង ទទួលបានការគាំទ្រកាន់តែច្រើន ពីអតិថិជនដែលនិយម មកផ្សារទំនើបរបស់យើង៕







