Event

តារាចម្រៀងរ៉េប វណ្ណដា ដែលកំពុងពេញនិយម ពីសំណាក់ យុវវ័យ ត្រូវបានប្រកាសជា ទូតសុឆន្ទៈ តំណាងឱ្យក្រុមហ៊ុន សែលកាត

ភ្នំពេញ៖ ២៥ វិច្ឆិកា ២០២០ វណ្ណដា ដែលជាតារាចម្រៀងរ៉េបដ៍ល្បី ប្រចាំប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ត្រូវបានប្រកាសជា ទូតសុឆន្ទៈថ្មីបំផុតមួយរូប តំណាងឱ្យក្រុមហ៊ុនសែលកាត។

ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ “Time to Rise” របស់តារាចម្រៀងរ៉េប អាយុ ២៣ ឆ្នាំរូបនេះ ដែលចង់បង្ហាញនូវមហិច្ឆតា របស់សិល្បករ
ក្នុងការជម្រុញ និងការអភិវឌ្ឍន៍ ភាពឆ្នើមរបស់កម្ពុជា ដើម្បីចែករំលែកទៅកាន់ ពិភពលោក។ វណ្ណដា ព្យាយាមលើកស្ទួយ និងនាំយកកម្មវិធីថ្មីៗ ក្រោមកិច្ចសហការណ៍ជាមួយក្រុមហ៊ុន សែលកាត រួមជាមួយនឹងសមាជិក ក្រុមដែលពោរពេញទៅដោយ ទេពកោសល្យរបស់ខ្មែរ ដែលកំពុងតែមានសន្ទុះ នៃភាពរីកចម្រើនយ៉ាងខ្លាំង។

ការផ្លាស់ប្តូររបស់ វណ្ណដា មកសហការជាមួយ ក្រុមហ៊ុនសែលកាតនេះ កាន់តែសបញ្ជាក់ ឱ្យឃើញច្បាស់ នូវការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងវិស័យតន្រ្តី ដែលសិល្បករ របស់យើង ត្រូវស្វះស្វែងរក នូវមធ្យោបាយ តាមអនឡាញថ្មីៗ ដើម្បីរក្សាការទំនាក់ទំនង និងចែកចាយ បទចម្រៀងថ្មីៗទៅកាន់អ្នកគាំទ្រ របស់ពួកគាត់។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងឱ្យដឹងថា ភាពជំនាញផ្នែកឌីជីថល របស់សែលកាត ដែលជាក្រុមហ៊ុន ជាមោទនភាពរបស់ជាតិខ្មែរ និងមានកម្មសិទ្ធិ ១០០% ជាជនជាតិខ្មែរ នឹងញុំាងឱ្យក្រុមហ៊ុន ក្លាយជាដៃគូដ៏សក្តិសមបំផុត សម្រាប់ វណ្ណដា ដែលកំពុងតែខិតខំ ជម្រុញឱ្យអាជីពរបស់គាត់ កាន់តែរីកចម្រើន ទៅមុខថែមទៀត។

លោក វ៉ាតសុន បានមានប្រសាសន៍ បន្តទៀតថា៖ “យើងបានទទួលស្វាគមន៍ សិល្បករ ដែលមានទេពកោសល្យ ពូកែៗកាន់តែច្រើនឡើងៗ ឱ្យមកចូលរួមជាមួយ គ្រួសារសែលកាត និងរ៉ូយ៉ាល់គ្រុបរបស់យើង។ ការចូលរួមនេះ នឹងនាំពួកយើង ទៅកាន់ទំព័រថ្មីមួយទៀត ដែលជាការផ្តល់នូវថ្នាល ដល់សិល្បៈករក្នុងស្រុក ដែលមានទេពកោសល្យល្អៗ ក្នុងការអភិវឌ្ឍខ្លួន ជាមួយពួកយើង” ។

“ពួកយើងពិតជារីករាយបំផុត ដែលបាន វណ្ណដា ចូលរួមជាមួយសែលកាត ហើយទន្ទឹមនឹងនោះ ពួកយើងក៏កំពុងទន្ទឹងរង់ចាំ ក្នុងការស្វែងរកនូវឱកាសថ្មីៗ ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់សហគមន៍ដ៏ធំ នៃយុវជន ពោលគឺជាសហគមន៍មួយដែលពួកយើង កំពុងតែចងភ្ជាប់ទំនាក់ទំនងជាមួយ និងជួយកសាង ឱ្យកាន់តែរីកចម្រើនទៅមុខ”។

“ដោយមិនត្រឹមតែជាសិល្បករ ដែលមាន ទេពកោសល្យលេចធ្លោបំផុតម្នាក់នោះទេ វណ្ណដា ក៏ជាអ្នកតស៊ូដ៏មោះមុត និងជាម្ចាស់ជើងឯក នៃមោទកភាពជាតិរបស់ខ្មែរ ដើម្បីភាពរីកចម្រើន នៃវប្បធម៌យុវជនកម្ពុជា”។

គួរឱ្យចាប់អារម្មណ៍បំផុតផងដែរ កិច្ចព្រមព្រៀងរបស់ វណ្ណដា ក្នុងនាមជាទូតសុឆន្ទៈនេះ គឺជាផ្នែកមួយ នៃគម្រោងដ៏ធំរវាងក្រុមហ៊ុនសែលកាត និងផលិតកម្មបារមី។

ក្រុមហ៊ុនទាំងពីរ បានប្តេជ្ញាចិត្ត ក្នុងការចូលរួមអភិវឌ្ឍ និង បណ្តុះបណ្តាលវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែស៊ីជម្រៅ ពោលគឺផ្តល់នូវលក្ខខណ្ឌ ស្មើភាពគ្នា និងឱកាសឱ្យបាន យ៉ាងសមស្របបំផុត ដល់សិល្បកររបស់យើង។

កញ្ញា ម៉ម ឡូរ៉ា ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ របស់ផលិតកម្មបារមី បានមានប្រសាសន៍ថា វណ្ណដា តែងតែគិតគូរជានិច្ច ក្នុងការតបស្នងទៅកាន់ សហគមន៍ និងប្រជាជាតិរបស់គាត់វិញ ហើយទន្ទឹមនឹងនោះ គាត់ក៏ជាអ្នកគាំទ្រដ៏សកម្មម្នាក់ ក្នុងការចូលរួមការងារ ផ្នែកសប្បុរសធម៌ និងគម្រោងផ្តួចផ្តើម ជាច្រើនទៀត ដោយក្នុងនោះ រួមមានការប្រើអាល់ប៊ុមថ្មី របស់គាត់ $ KULL ក្នុងការស្វែងរកថវិការសំរាប់គ្រួសារខ្សត់ខ្សោយ។

មូលនិធិសប្បុរសធម៌ $KULL គឺជាបានលក់អស់អាវយឺតដែលបោះពុម្ភ limited edition ជាច្រើនរាប់រយជូនទៅដល់អ្នកគាំទ្រ ដើម្បីរៃអង្គាសថវិកា សម្រាប់គ្រួសារទីទាល់ក្រ នៅខេត្តព្រះវិហារ។ អាវយឺតទាំងនោះ ត្រូវបានលក់អស់ភ្លាមៗ ក្នុងរយៈពេលតែ៤ ម៉ោងប៉ុណ្ណោះ ទាំងនេះបង្ហាញពីការលះបង់ របស់បណ្តាអ្នកគាំទ្រ។

កញ្ញា ម៉ម ឡូរ៉ា បានបន្ថែមឱ្យដឹងថា វណ្ណដាមានអារម្មណ៍ថា ពេលនេះ គឺពេលវេលាដ៏សក្តិសមបំផុត ក្នុងការចូលរួមជាមួយក្រុមហ៊ុន ដែលអាចជួយសម្រេច បាននូវសេចក្តីប្រាថ្នារបស់គាត់ ដែលចង់ក្លាយខ្លួន ជាសិល្បករដ៏ល្បីបំផុត និងជាអ្នកតស៊ូមតិ ដើម្បីលើកកម្ពស់ជីវិត ដ៏ជាទីមោទនបំផុតម្នាក់របស់ខ្មែរ៕

Most Popular

To Top