ភ្នំពេញ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ – មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមមេរោគ (NCHADS) បានដាក់ឱ្យដំណើរការយុទ្ធនាការផ្សព្វផ្សាយអំពីរឿង ហានិភ័យស្នេហ៍ ជាផ្លូវការកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២០ បែបលក្ខណៈឌីជីថល ដែលមានការចាក់ផ្សាយនៅតាមទំព័រហ្វេសប៊ុក “ការពារខ្លួនអ្នក” ក៏ដូចជាទំព័រហេ្វសប៊ុកដៃគូរសហការផ្សេងៗទៀត។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមមេរោគបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “ការពារខ្លួនអ្នក” ដោយនៅក្នុងកម្មវិធីនោះមានសាច់រឿងអប់រំមួយដែលមានចំណងជើងថា “ហានិភ័យស្នេហ៍” ដែលនិយាយអំពីជីវិតស្នេហារបស់យុវជន៤នាក់ដែលមានការប្រព្រឹត្តិប្រឈមខ្លាំងទៅនឹងជំងឺអេដស៏។ ក្រៅពីរឿង “ហានិភ័យស្នេហ៍” នេះហើយ នៅក្នុងកម្មវីធីនេះ ក៏មានការចែករំលែកបញ្ហាផ្សេងៗទៀតទាក់ទងទៅនឹងជំងឺអេដស៏ ដូចជាការធ្វើតេស្តរកមេរោគអេដស៏និងកាមរោគតាមរយៈប្រព័ន្ធកក់សេវាអនឡាញ ឈ្មោះថា តោះតេស្ត ការប្រើប្រាស់ស្រោមអនាម័យ និង ប្រើប្រាស់ប្រឹព(PrEP)ជាដើម។
នាថ្ងៃសម្ពោធកម្មវិធីបែបលក្ខណៈឌីជីថលនេះ លោក វេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានមានចំណាប់អារម្មណ៍ថា “ស្ថានភាពមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២០ អ្នកជំងឺអេដស៍ដែលកំពុងទទួលសេវាថែទាំព្យាបាលមានចំនួន ៦១ ៩២៨ នាក់ ។ ប៉ុន្តែតាមការប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍សរុបមកដល់ឆ្នាំ ២០១៩ មានចំនួនប្រមាណ ៧៣ ០០០ នាក់ ចំនួនអ្នកឆ្លងថ្មីមានប្រមាណចំនួន ៧៨០ នាក់ / ឆ្នាំ និងចំនួនអ្នកស្លាប់មានប្រមាណចំនួន ១ ៣០០ នាក់ / ឆ្នាំ”។
លោកបានបន្ថែមទៀតថា អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅអាយុ (១៥-៤៩ឆ្នាំ) មានចំនួន០.៥% ។ ប៉ុន្តែអត្រាប្រេវ៉ាឡង់ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់នៅមានកំរិតខ្ពស់នៅឡើយ គឺអត្រាប្រេវ៉ាឡង់ផ្ទុកមេរោគអេដស៍ ក្នុងចំណោមបុរសរួមភេទជាមួយបុរស ៤.០% (២០១៩) និងក្រុមបំប្លែងភេទ ៩,៦% (២០១៩) ស្រ្តីធ្វើការនៅតាមសេវាកម្សាន្តមាន ៣,២% (២០១៦) អ្នកប្រើប្រាស់គ្រឿងញៀន ៥,៧% (២០១៧) និងអ្នកចាក់គ្រឿងញៀនមានរហូតដល់ ១៥,២% (២០១៧) ។
ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍នៅប្រទេសកម្ពុជា ពិសេសក្នុងចំណោមក្រុមប្រឈមមុខខ្ពស់ មជ្ឈមណ្ឌលជាតិ និងដៃគូអភិវឌ្ឍន៍រួមមានគម្រោងEpiC-FHI360 UNAIDS អង្គការ KHANA, RHAC អង្គការសុខភាពបុរសកម្ពុជា (MHC) និងអង្គការសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (CWPD) បានធ្វើបទអន្តរាគមន៍ជាច្រើន ជាពិសេសការអប់រំផ្សព្វផ្សាយទាំងដោយជួបផ្ទាល់ និងតាមរយ:អនឡាញ ក្នុងគោលបំណងផ្តល់ព័ត៌មានទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍និងកាមរោគ ដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែលមានការប្រព្រឹត្តប្រឈមដែលមានដូចជាបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ស្រ្តីធ្វើការនៅតាមសេវាកម្សាន្ត អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកចាក់គ្រឿងញៀន ជាដើម ដើម្បីជាទុនក្នុងការផ្លាស់ប្តូរការប្រព្រឹត្តដែលមានហានិភ័យខ្ពស់ ទៅជាការប្រព្រឹត្តប្រកបដោយសុវត្ថិភាព និងទៅទទួលបានសេវានានាដែលទាក់ទងនឹងជំងឺអេដស៍ និងកាមរោគឱ្យបានសមស្របនិងទាន់ពេល ក្នុងគោលបំណងចូលរួមកាត់បន្ថយការឆ្លងរីករាលដាលមេរោគអេដស៍ និងឈានទៅសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ២០២៥ ។
នៅក្នុងរឿង “ហានិភ័យស្នេហ៍” មានតួសម្តែងសំខាន់ៗ៤ដួង ដូចជា៖ លោក ឈិត សុវណ្ណ និមិត្ត (Ting tong) ដែលជាតារាចម្រៀង តារាសម្តែង និងជាពិធីការ ដែលមានប្រជាប្រិយភាព សម្តែងជាតួផន។ លោក សាន់ ម៉េងលាង ដែលមានបទពិសោធន៏ជាច្រើនឆ្នាំនៅក្នុងការសម្តែងក្នុងរឿងភាគ ក៏ដូចជារឿងដុំ តាំងពីសម័យគម្រោងរបស់ឡូយ៩ សម្តែងជាតួឈុន។ កញ្ញា ធី វ៉ាន់នីវ៉ា ជាតារាដែលលេចមុខនៅក្នុងរឿងអប់រំជាច្រើន និង មានភាពប៉ិនប្រសប់អាចបត់បែនទៅតាមចរិត្តលក្ខណៈរបស់តួនីមួយៗ សម្តែងជាតួមាលា រួមនិងកញ្ញា សុខប៉ូលីន ដែលជាបេក្ខនារីនៅក្នុងកម្មវិធី Miss Queen Cambodia 2020 នៅក្នុងជុំចុងក្រោយ១១នាក់ សម្តែងជាតួចែផា។ នៅក្នុងកម្មវិធីនេះ មានការធ្វើរូបតាំងស្រោមអនាម័យ ក៏ដូចជារូបតាំងប្រភេទថ្នាំថ្មី គឺថ្នាំប្រឹព ដែលជាវិធីសាស្ត្រមានប្រសិទ្ធិភាពលើសពី៩០% នៅក្នុងការបង្ការការចម្លងមេរោគអេដស៍ នៅពេលដែលលេបវារាល់ថ្ងៃ។
គួរបញ្ជាក់ផងដែរថា កាលពីខែកន្លងទៅ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) បានសហការជាមួយគម្រោង EpiC ដែលជាគម្រោងក្រោមការឧបត្ថម្ភដោយជំនួយសហរដ្ឋអាមេរិក USAID បានរៀបចំសិក្ខាសាលាស្តីពីការប្រកាសដាក់ឱ្យអនុវត្តវិធីលេបថ្នាំបង្ការជាមុន «ប្រឹព PrEP» នៅក្នុងរាជធានី និងខេត្តចំនួន5 រួមមាន រាជធានីភ្នំពេញ សៀមរាប បាត់ដំបង កណ្តាល បន្ទាយមានជ័យ។
ដើម្បីឱ្យកាន់តែយល់កាន់តែច្បាស់ពីយុទ្ធនាការមួយនេះ សូមកុំភ្លេចតាមដានហេ្វសបុកផេក៖ ការពារខ្លួនអ្នក https://www.facebook.com/kapeakh
សម្រាប់អ្នកដែលចង់ធ្វើតេស្តរកមេរោគអេដស៍ និងទទួលសេវាប្រឹពដោយឥតគិតថ្លៃ សូមចូលទៅកាន់គេហទំព័រតោះតេស្ត៖ https://-tohtest.org/
ព័ត៌មានទំនាក់ទំនង៖ Ms. Vinich Virak, Technical Advisor for SBCC and HIV Online Services, EpiC Cambodia. +855 11 516 198. vvinich@fhi360.org