Event

ប្រាសាក់ ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការរៃអង្គាសថវិការទិញវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩

ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ ស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា បានបង្កើតយុទ្ធនាការ «រួមគ្នាទិញវ៉ាក់សាំងដើម្បីកម្ពុជា» ដើម្បីឆ្លើយតបនឹងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះអំពីការបរិច្ចាគសប្បុរសធម៌ ដើម្បីប្រមូលថវិកាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា។

យុទ្ធនាការនេះអនុញ្ញាតឱ្យអតិថិជន ប្រាសាក់និងសាធារណជនអាចចូលរួម បរិច្ចាគថវិកាផ្ទាល់ខ្លួនបានយ៉ាងងាយស្រួលតាមរយៈការផ្ទេរប្រាក់ចូលទៅកាន់ គណនីប្រាសាក់ ‘Covid-19 Vaccine Fund’ ដើម្បីប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា។

អតិថិជនប្រាសាក់និងសាធារណជន អាចចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្ត តាមគណនីដូចខាងក្រោម៖
ឈ្មោះគ្រឹះស្ថាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក
ឈ្មោះគណនី៖ Covid-19 Vaccine Fund
លេខគណនីជាប្រាក់រៀល៖ 022518960025
លេខគណនីជាប្រាក់ដុល្លារ៖ 022518960014

អតិថិជនប្រើប្រាស់កម្មវិធី PRASAC Mobile Banking អាចស្កេន QR កូដ ដែលភ្ជាប់ជូននេះដើម្បីផ្ទេរប្រាក់បរិច្ចាគ ទៅក្នុងគណនីខាងលើនេះ បានយ៉ាងងាយស្រួល។ ហើយអតិថិជនរបស់គ្រឹះស្ថានផ្សេង ក៏អាចផ្ទេរប្រាក់ចូលក្នុងគណនីនេះផងដែរ ដោយប្រើសេវាទូទាត់បាគង ឬ សេវាផ្ទេរមូលនិធិភ្លាមៗ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ សូមចូលរួមចំណែកផ្ដល់ភាពងាយស្រួលជូនអតិថិជនប្រាសាក់និងសាធារណជនតាមរយៈគណនីប្រាសាក់ “Covid-19 Vaccine Fund” នេះ។ លោកអ្នកអាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព និងតាមការស្ម័គ្រចិត្តដោយគ្រាន់តែប្រើប្រាស់កម្មវិធី PRASAC Mobile Banking ឬ តាមម៉ាស៊ីនអេធីអឹមប្រាសាក់។ រាល់ថវិកាទាំងអស់ដែលទទួលបាននឹងប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីចាត់ចែងទិញវ៉ាក់សាំងចាក់បង្ការជំងឺដ៏កាចសាហាវនេះជូនដល់ប្រជាជនកម្ពុជាយើង»។

លោក សូនី បន្តថា «តាងនាមឱ្យថ្នាក់គ្រប់គ្រងប្រាសាក់ យើងខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះអតិថិជន និងសាធារណជនក្នុងការចូលរួមបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាល និងសូមគោរពជូនពរលោកអ្នកមានសុខភាពល្អ សុវត្ថិភាព និងចៀសផុតពីជំងឺកូវីដ-១៩»៕

Most Popular

To Top