ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស្យាតា លោក ថូម៉ាស ហ៊ុន បានធ្វើទស្សនៈកិច្ចនៅឯវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីឥទ្ធិពលរបស់វីរុសកូវីដ១៩ មកលើប្រទេសកម្ពុជា ក៏ដូចជាដើម្បីសិក្សាអំពីថាតើមូលនិធិទឹកប្រាក់១លានដុល្លាររបស់ស្មាត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ត្រូវបានយកទៅប្រើប្រាស់យ៉ាងណាខ្លះ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសនេះ។
លោកវេជ្ជបណ្ឌិត អេរ៉ីក ខាលសិន (Dr. Erik Karlsson) អនុប្រធានផ្នែកវីរុសសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ស្មាត ចំពោះការផ្ដល់ជំនួយឧបត្ថម្ភដ៏សប្បុរសនេះ។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍បន្ថែមទៀតថា ដោយសារតែមានសម្ភារៈបរិក្ខារដែលត្រូវបានទិញដោយប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ស្មាត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចធ្វើតេស្តរកវីរុសកូវីដ១៩បានចំនួនពី៥០០ទៅ៦០០នាក់នៅក្នុង១ថ្ងៃ នាអំឡុងពេលពីរបីខែចុងក្រោយនេះ ហើយវិទ្យាស្ថានក៏មានលទ្ធភាពកាន់តែខ្ពស់ ក្នុងការធ្វើតេស្ដឲ្យបានច្រើនជាងចំនួនខាងលើនេះផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស្យាតា លោក ថូម៉ាស ហ៊ុន បានថ្លែងទៅកាន់ក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ ការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នានៅទីនេះ ដែលបានជួយរក្សាសុខសុវត្ថិភាពរបស់ប្រទេសកម្ពុជា [ពីវីរុសកូវីដ១៩ ”។
លោក ថូម៉ាស បានបន្ថែមថា “ក្រុមហ៊ុន ស្មាត ចាត់ទុកខ្លួនឯងជាផ្នែកមួយនៃសហគមន៍ ពោលគឺមិនមែនគ្រាន់តែជាគ្រឹះស្ថានដែលរកប្រាក់ចំណេញតែមួយមុខនោះទេ។ នៅក្នុងគ្រាលំបាកដូចជាពេលបច្ចុប្បន្ននេះ វាចាំបាច់ណាស់ដែលពួកយើងទាំងអស់គ្នា រួបរួមសាមគ្គីគ្នា និងធ្វើគ្រប់កិច្ចការដែលយើងអាចធ្វើបាន ក្នុងគោលដៅដោះស្រាយបញ្ហារាតត្បាតនៃវីរុសនេះឲ្យបានអស់ពីចិត្ត។”
ជាថ្មីម្ដងទៀត ក្រុមហ៊ុន ស្មាត អាស្យាតា សូមប្រកាសទទួលពាក្យស្នើសុំថវិកាពីមូលនិធិទឹកប្រាក់១លានដុល្លាររបស់ស្មាត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។
ក្រុមហ៊ុន ស្មាត សូមស្វាគមន៍ការដាក់ពាក្យពីគ្រប់ស្ថាប័នរដ្ឋនិងឯកជនទាំងឡាយ ដែលមានមធ្យោបាយបំពេញសេចក្ដីត្រូវការសំខាន់ៗរបស់កម្ពុជា នាអំឡុងពេលមានវិបត្តិកូវីដនិងក្រោយពេលវិបត្តិនេះកន្លងផុតទៅ។ ស្ថាប័នដែលមានលក្ខណៈគ្រប់គ្រាន់ នឹងអាចទទួលបានថវិកាពីចន្លោះ ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅ ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕






