ភ្នំពេញ៖ ការងារមានប្រាក់ខែខ្ពស់ ជាអ្វីដែលមនុស្សជាច្រើនចង់បាន ផ្ទុយពីលោក កុសល ច័ន្ទស័ក្តវិទូ ដែលលោកអាចទទួលបាន ប្រាក់ខែជាងពាន់ដុល្លារ បែរជាបោះបង់ ការងារចោលដោយគ្មានសោកស្ដាយ មកបង្កើតក្រុមហ៊ុនខ្លួនឯង រហូតមានការទទួលស្គាល់ ពីអ្នកជំនាញធនធានមនុស្សជាច្រើន។
«ខ្ញុំចង់ក្លាយជាផ្នែកមួយ ផ្ដល់ព័ត៌មាន ពីការងារល្អៗ ប្រាក់ខែខ្ពស់ ដល់អ្នកមានសមត្ថភាព ប៉ុន្តែខ្វះព័ត៌មាន និងការត្រៀមខ្លួន»។ នេះជាការតាំងចិត្តរបស់ម្ចាស់ក្រុមហ៊ុន វ័យក្មេងរូបនេះ។
លោក កុសល ច័ន្ទស័ក្តិវិទូ ជាម្ចាស់ក្រុមហ៊ុន នទី (NOTi HR Solutions) ជំនៈបង្កើតក្រុមហ៊ុនដោយខ្លួនឯង ទោះការចាប់ផ្ដើមក្រុមហ៊ុនមួយ មិនមានជាការងាយស្រួលយ៉ាងណាក្ដី។ លោក ច័ន្ទស័ក្តិវិទូ ជឿថាក្រុមហ៊ុនរបស់លោក នឹងអាចសម្រួល ដល់ការស្វែងរកបុគ្គលិក របស់ក្រុមហ៊ុននីមួយៗ ជាពិសេសអាចជួយ បំពេញបន្ថែមដល់ បុគ្គលិកមានចំណុចខ្វះខាត ក្នុងការស្វែងរកការងារល្អនិង ប្រាក់ខែខ្ពស់ ក្នុងសម័យឧស្សាហកម្ម ៤.០នេះ។
បើតាមម្ចាស់ក្រុមហ៊ុន វ័យក្មេងរូបនេះ នទី ត្រូវបានប្រើពេល ១ឆ្នាំក្នុងការបង្កើតឡើង។ លោក ច័ន្ទស័ក្តិវិទូ ក៏បានលើកឡើង ពីមូលហេតុដែលបង្កើត នទី ដូច្នេះថា៖ « ការស្វែងរកបុគ្គលិក សាកសមសម្រាប់ បម្រើរការក្នុងក្រុមហ៊ុន មិនមែនជារឿង ងាយស្រួលនោះទេ។ ទន្ទឹមហ្នឹងនេះ សម្រាប់បុគ្គលិក មានសមត្ថភាព និងចង់បានប្រាក់ខែខ្ពស់មួយចំនួន ក៏បានបាត់បង់ឱកាស នៅពេលមិនបានត្រៀមខ្លួនផងដែរ។ ដូច្នេះខ្ញុំក៏បង្កើតនទី ឡើងក្នុងគោលបំណង ស្វែងរកធនធាន សាកសមសម្រាប់ក្រុមហ៊ុន និង បង្កើតប្រព័ន្ធការដាក់ពាក្យការងារមួយ ដែលឲ្យបេក្ខជន អាចដឹងពីចំណុចខ្វះខាត របស់ពួកគាត់ ដើម្បីបំពេញបន្ថែមផងដែរ»។
ការបង្កើតក្រុមហ៊ុន ដែលមានស្តង់ដា និងត្រូវតម្រូវការរបស់អតិថិជន ធ្វើឲ្យយុវជន វ័យ២៨ ឆ្នាំរូបនេះ ត្រូវលៈបង់ការងារជាប្រធានផ្នែកទីផ្សារ ក្នុងក្រុមហ៊ុនឯកជនមួយ ។ ទន្ទឹមនិងការលៈបង់នេះ លោក ក៏ត្រូវជួបបញ្ហាមួយចំនួនទៀត ព្រោះ នទី ជាក្រុមហ៊ុនប្រើប្រព័ន្ធ ការងារថ្មីស្រឡាង។
លោក កុសល ច័ន្ទស័ក្តិវិទូ ថ្លែងដូច្នេះថា៖ « នទី ជួបបញ្ហាធំបំផុត គឺការសរសេរកូដ និងរូបមន្តនានាក្នុងការប្រើជាប្រព័ន្ធ ប៉ុន្តែដោយសារ មានការតាំងចិត្ត និងប្ដេជ្ញាចិត្តខ្ពស់ ទើប នទីបានសម្រេច ប្រព័ន្ធការងារមួយ ដោយស្ថាពរ និងសុក្រឹតិភាពបំផុត។
ការបង្កើតក្រុមហ៊ុន ដែលបច្ចេកវិទ្យាខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏បានធ្វើឲ្យលោក ច័ន្ទស័ក្តិវិទូ ជួបបញ្ហាហរិរញ្ញវត្ថុខ្លះៗផងដែរ ប៉ុន្តែបញ្ហានេះ មិនបានធ្វើឲ្យយុវជនវ័យក្មេងរូបនេះបោះបង់ ការបង្កើតក្រុមហ៊ុន ទីភ្នាក់ងារធនធានមនុស្ស ដែលមានបច្ចេកវិទ្យា ដ៏ទំនើបមួយនេះបានទេ។
ជាជោគជ័យ ការខំប្រឹងប្រែងរ យៈពេលមួយឆ្នាំ របស់សហគ្រិនរូបនេះ បានធ្វើឲ្យនទី លេចរូបរាងឡើង ជាមួយប្រព័ន្ធការងារដ៏ទំនើប ដែលអាចជួយសម្រួល ដល់ការស្វែងរកធនធានមនុស្ស បម្រើរការក្នុងក្រុមហ៊ុន បន្ថែមពីនេះ ជួយដល់អ្នកស្វែងរកការងារ ដោយមានភាពងាយស្រួលមិនស្មុគស្មាញផងដែរ៕
https://www.facebook.com/watch/?v=1604958266357294








